វិភាគ៖​ តើការ​ដោះ​លែង​​លោក​​ កឹម​ សុ​ខា ​នៅក្រៅឃុំ​ជា​សញ្ញា​បើកផ្លូវឲ្យ​បក្ស​ប្រ​ឆាំង​រស់​ឡើង​វិញ​ឬ​?

លោក កឹម សុខ អតីតប្រធានគណបក្សសង្គ្រោះជាតិ​(រូបពីហ្វេសប៊ុក លោក កឹម សុខា)

​អតីតមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា អាយុ ៦៥ឆ្នាំ ដែលគេស្គាល់ថា ជាគូប្រកួតដ៏​មានឥទ្ធិពលជាមួ​យ​​លោក ហ៊ុន ​សែន នោះ ត្រូវបានតុលា​ការដោះលែងឲ្យនៅ​ក្រៅឃុំបណ្តោះ​អាសន្នហើ​យ​នៅម៉ោង ៣ទៀប​​ភ្លឺ​យប់​មិ​​ញ​នេះ ក្រោយពីចា​ប់​ឃុំ​ខ្លួ​ន​អស់​ជាង​មួយឆ្នាំរួមមក។

លោក កឹម សុខា ត្រូវសមត្ថកិច្ចឆ្មក់ចូ​លចាប់ខ្លួននៅយប់រំ​លងអា​ធ្រា​តថ្ងៃ​​ទី៣ កញ្ញា ឆ្នាំ២០១៧ តាមប​ញ្ជារ​ប​ស់​លោក ហ៊ុន​ សែន ដែល​ចោទថា «ក្បត់ជាតិ» ដោយសំអាងលើការថ្លែងសារនយោបាយ​​កា​​លពីឆ្នាំ២០១៣។

លោក កឹម​ សុខា ត្រូវបានបញ្ជូន​ទៅឃុំខ្លួន​នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជិតព្រំ​ដែ​ន​​​វៀ​​តណាម។

បទចោទប្រកាន់លោក កឹម សុខា នេះ បើកផ្លូវឲ្យតុលាការកំពូល​ចេញសាលដីកាបង្គាប់ឲ្យរំលាយ​គណ​បក្សស​ង្គ្រោះ​ជា​តិ កាល​ពី​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ពោលគឺមុនការបោះឆ្នោតជ្រើសតាំងតំណា​ង​រា​ស្ត្រ​​​​នីតិ​កា​​​ល​​​​​ទី៦មកដល់។

សា​លដីកានេះ ក៏បើកផ្លូវឲ្យរឹបអូសអាសនៈ​ជាប់​ឆ្នោត​របស់បក្សប្រឆាំង រាប់​ចាប់តាំង​ពី​ព្រឹទ្ធ​សភា និងរដ្ឋ​សភា ​រហូត​ដល់​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។

មិនតែប៉ុណ្ណោះ មន្ត្រីសំខាន់ៗទាំង ១១៨រូប​របស់គណបក្សសង្គ្រោះជាតិ ក៏ត្រូវតុលាការបង្គាប់មិនឲ្យធ្វើ​ន​យោ​​​​​បាយ​រយៈពេ​ល ៥​ឆ្នាំផងដែរ ក្រោមឥទ្ធិពលច្បាប់ស្តីពីគណបក្សនយោបាយ ដែលត្រូវបា​ន​ធ្វើ​វិ​​​​សោ​ធន​កម្ម​​យ៉ា​ងប្រញាប់ប្រញាល់ ក្រោយ​ពី​ចាប់​ឃុំ​ខ្លួន​លោក កឹម សុខា រួចមក។

ចំណាត់ការរបស់តុលាការកំពូល និងការកែច្បាប់​របស់រដ្ឋសភាគណបក្សបក្សកាន់អំ​ណាច​ដ៏ឆា​ប់រហ័​សនេះ បាន​បិទ​ផ្លូវ​មិន​ឲ្យ​គណ​បក្សប្រឆាំងដ៏ធំមួយនេះ បានចូលរួមប្រកួតការបោះឆ្នោត​ជ្រើ​សតាំ​ងតំ​ណា​ង​​​រា​​​ស្ត្រ​នីតិកាលទី៦នេះទេ ជំរុញ​ឲ្យ​គណបក្ស​ប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ដណ្តើមបាន​អាស​នៈទាំងអស់ក្នុងសំភាចំនួន១២៥។

ការឈ្នះដាច់របស់គណបក្សប្រជាជនកម្ពុជា ក្រោយផាត់​បក្សប្រឆាំង​ចេ​ញ​​ពី​​​​ឆា​កនយោបាយនេះ បានជំរុ​ញ​ឲ្យ​កម្ពុជាមាន​ក្បាល​ម៉ាស៊ីនដឹកនាំបែបឯកបក្ស​ជាលើកដំបូងឡើងវិញ ក្រោយពីមានកិច្ច​​ព្រៀ​ម​​ព្រៀ​​ង​ស​ន្តិ​​ភា​ព​ទីក្រុងប៉ារីស១៩៩១ រួចមក។

តើ​ការឲ្យលោក កឹម សុខា នៅក្រៅឃុំនេះ ជាការបើកផ្លូវឲ្យគណបក្សសង្គ្រោះ​ជាតិរស់​ឡើ​ង​​​វិ​ញឬទេ?

ក្រុម​អ្នកតាមដាន​នយោបាយ​កម្ពុជា បាន​បង្ហាញ​នូវ​ការ​យល់ឃើញរបស់​ពួកគេ​ផ្សេងៗគ្នាជុំ​វិញបញ្ហានេះ។

អ្នកតាមដានសង្គម ​និងជា​អតី​ត​​​ស​​មា​​ជិក គ.ជ.ប. លោក រ៉ុង ឈុន ជឿថា ការឲ្យលោក កឹម សុខា បាន​ឲ្យនៅ​​ក្រៅ​ឃុំ លោកថា ជំ​ហាន​ឆ្ពោះ​​ទៅរកដំ​ណោះ​ស្រាយ​បញ្ហា​ន​យោបាយ ដើម្បីធានាពីការរស់ឡើងវិញ​របស់គណបក្ស​សង្គ្រោះ​​ជា​​តិ​។

លោក រ៉ុង ឈុន វិភាគថា ការមានជំនឿបែបនេះដោយសារតែលោកយល់ថា បក្សកាន់អំណាចពេលនេះ​ត្រូវការបញ្ចៀស​ទណ្ឌ​កម្ម​ពី​អន្តរជាតិ ច​ង់រក្សាប្រភពចំណូល និងប្រភពទីផ្សារការងារពីប្រទេសលោកសេរី មា​ន​សហ​រ​ដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ផង​ដែរ។

អ្នកតាមដានរូបនេះ វិភាគទៀតថា ការទុកឲ្យស្ថានការណ៍ទុំជោរ ប​ង្ក​ឲ្យមានវិធានការបង្កក​​ទ្រ​​ព្យសម្បត្តិ មន្ត្រីជា​​ន់​ខ្ពស់​ពី​សហរដ្ឋ​អាមេរិក និងផ្តា​​ច់​​​ប្រព័ន្ធអនុគ្រោះព​ន្ធពីសហភាពអឺរ៉ុប ដោយថា នេះជា​​ហា​និ​​​​ភ័​យ​រប​ស់​​ប​ក្សកាន់​អំ​ណា​ច​។

បើមានករណីដាក់ទណ្ឌកម្ម ដកប្រព័ន្ធអនុគ្រោះពន្ធ ធ្វើឲ្យកម្មករ ធ្វើឲ្យប្រជាពលរដ្ឋដែល​ទទួល​ផ​ល​​ប្រយោជន៍​ពី​កម្មករ បាត់បង់ការងារបា​ត់បង់ផលប្រយោជន៍​ជាច្រើន ពីព្រោះ​ យើងដឹងហើយថា ដង្ហើម​សេ​ដ្ឋ​កិច្ចរ​ប​ស់​កម្ពុជា​ពឹង​ផ្អែក​លើ​សហរដ្ឋ​អាមេរិក និងសហភាពអឺរ៉ុប

អ្នកតាមដានសង្គម ​និងជា​អតី​ត​​​ស​​មា​​ជិក គ.ជ.ប. លោក រ៉ុង ឈុន

សហភាពអឺរ៉ុបធ្លាប់ព្រមានពីវិធានការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាវិញ បើ​ការប្រឹងប្រែង ជំរុញ​លទ្ធិ​ប្រ​ជា​ធិបតេយ្យ​នៅ​កម្ពុជា​ត្រូវ​បានបរាជ័យនោះ។

​សហភាព​អឺរ៉ុប​ បានកំណត់​មិនយកពន្ធ​លើផ​លិត​ផល​គ្រប់​យ៉ាង​លើកលែងតែអាវុធ ដែល​កម្ពុ​ជា​​នាំ​​​ទៅល​ក់​​​នៅ​ទីផ្សាររបស់ខ្លួន។

ប្រព័​ន្ធអនុគ្រោះពន្ធ​ EBA ធ្វើឲ្យ​សហភាព​អឺរ៉ុ​ប​ក្លាយជា​ទីផ្សារ​ដ៏ធំ​មួយ​ សម្រាប់​កម្ពុជានាំ​ផលិតផលកាត់​ដេរ​ និង​កសិកម្ម​​ទៅ​ល​ក់​នៅ​ទី​នោះ​ដោ​​យ​​រួចព​ន្ធ។​

របាយការណ៍របស់គណៈកម្មការអឺរ៉ុប ដែលបានចេញផ្សាយ​កាលពីខែមេសាកន្លងទៅ បាន​បង្ហាញ​ថា កម្ពុជាបាន​នាំ​ចេ​​​ញ​​​ទំ​និញ​ទៅ​សហ​គមន៍អឺរ៉ុបក្នុងឆ្នាំ២០១៧ មានទំហំជាសាច់ប្រាក់ជាង​ ៦ពាន់លានដុល្លា។ ទំនិញ​ដែល​​ក​ម្ពុជានាំចេញទៅ​សហគមន៍​អឺរ៉ុប​ភា​គច្រើ​ន ​គឺជា​ផលិតផលវាយនភណ្ឌកាត់ដេរ និងកសិកម្ម។

ជាងនេះទៅទៀត សភាសហភាពអឺរ៉ុប គ្រោងនឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃទី១៣ ខែកញ្ញានេះ ដើម្បី​ពិ​ភាក្សា​ពី បញ្ហា​សិទ្ធិ​មនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសការបន្ដឃុំខ្លួន​លោក កឹម សុ​ខា​ មេដឹ​កនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ។

អ្នក​តា​មដាននយោបាយ លោក ឯម សុវណ្ណារ៉ា យល់​ថា សញ្ញាដោះលែងលោក កឹម សុខា ឲ្យនៅក្រៅ​ពន្ធ​នា​​គារ​បណ្តោះ​អាសន្ន​នៅ​ពេលនេះ ជាយុទ្ធសាស្ត្រថយមួយជំហាន ដើម្បីបន្ថយសម្ពាធពី​សហគមន៍អ​ន្តជាតិ ឬចង់​ឲ្យ​សហភាព​អឺរ៉ុប​ពន្យា​ពេល​លើ​វិធានការ​ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធប៉ុណ្ណោះ​ មិនមែនជាសញ្ញា​វិល​ទៅ​​ស្តារ​ស្ថា​ន​​កា​រ​ណ៍​នយោបាយឡើង​​​វិញ​នោះទេ។

បើសិនឲ្យសង្គ្រោះជាតិរស់ឡើងវិញ មានន័យថា អ្វីដែលរដ្ឋាភិបាលធ្វើ និង​តុលាការ​ធ្វើ វា​ខុស ខុ​ស​​ទៅនឹងគោលការច្បាប់ទាំងអស់។ អញ្ចឹង ត្រូវសងនូវឋានៈតួនាទីចំនួន ៥៥ និង ៥០០៧ក្រុមប្រឹក្សាឃុំ-សង្កា​ត់ ចៅសង្កាត់ ៤៩០ជាងទៀត វាច្រើនអញ្ចឹង វាត្រូវសើរើ​។ អញ្ចឹងការដោះលែងនេះ ខ្ញុំមើលទៅ​គ្រាន់តែ​បន្ធូ​ស្ថា​ន​កា​រណ៍ខ្លះទេ មិនអាចទាញស្ថានការណ៍ឲ្យវិលដូចដើមទេ។ វានៅតាមតឹងដដែលទេ

អ្នក​តា​មដាននយោបាយ លោក ឯម សុវណ្ណារ៉ា

អ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី វិភាគថា ការចំណាត់ការដោះលែងនេះ ធ្វើឡើងក្រោយ​រដ្ឋាភិ​បា​​ល​​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង ហើយក៏មុនពេលដែលលោក ហ៊ុន សែន គ្រោងទៅ​ចូលរួ​មប្រជុំ​នៅ​សហ​ភាព​ និង​​នៅអង្គការសហប្រជាជាតិផងដែរ។

អ្នកវិភាគរូបនេះ យល់ថា ការដោះលែង លោក កឹម សុខា ឲ្យនៅក្រៅមន្ទីរឃុំឃាំងពេលនេះ អាចជា​ការ​ដោះ​​​​​​​បន្ទុ​​ក​ជាមួយ​សហគមន៍​អន្តរជាតិ មិនមែនជាជម្រើសដើម្បីផ្តល់ឱកាសឲ្យ​គណបក្សសង្គ្រោះ​ជាតិរស់​ឡើ​​​ង​វិញទេ។ ប៉ុន្តែ លោកថា កូន​សោរ​នៃ​ការ​បង្រួបបង្រួមជាតិ ស្ថិតនៅលើដៃគណបក្សកាន់អំណាច។

បើឆន្ទះរបស់រដ្ឋាភិបាលល្អ ជាវិជ្ជមានអាហ្នឹង វានឹង​មានការបើកផ្លូវ ប៉ុន្តែ ​រដ្ឋាភិបាលលេងល្បែ​ងដូចតែ​​មុនៗ។ យើ​ងនៅតែដើរលើផ្លូវទិតៀនរហូត​រហូតដល់ ៤ឆ្នាំទៀត ក៏ថាបានដែរ

អ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី

សរុបសេចក្តីទៅ អ្នកវិភាគថា ការហក់ឡើងប្រជាប្រិយភាពរបស់គ​ណបក្សសង្គ្រោះជាតិ​ជាបន្តបន្ទាប់​នៅ​ឆ្នាំ​២​០១៣ និង​ឆ្នាំ​២០១៧ អាចជាសញ្ញាភ័យខ្លាចរបស់បក្សកាន់អំណាច ទើបឈានទៅចាប់ខ្លួនលោក កឹ​ម សុខា ​និងរំ​លាយ​គណបក្ស​ប្រឆាំង​ដ៏​ធំមួយនេះ មុនបោះឆ្នោតជាតិឆ្នាំ២០១៨នេះមកដល់។

មួយវិញទៀត ពួកគេថា ការដោះលែងលោក កឹម សុខា ឲ្យនៅក្រៅពន្ធនាគារ​ពេលនេះ អាចឈាន​ទៅផ្សះ​​ផ្សា​រ​ជាតិ​ឡើងវិញ អាច​ធ្វើ​ទៅបាន លុះណាតែអ្នកន​យោ​បាយខ្មែរចេះអង្គុ​យទល់មុខគ្នាស្វែ​ងរកដំ​ណោះ​ស្រា​​​យ​នយោបាយ តម្កល់​ប្រយោជន៍​ជាតិ​ជា​ធំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ