ពលរដ្ឋបារម្ភពីគុណភាពនៃការផ្តល់សេវាមន្ទីរពេទ្យគន្ធបុប្ផា ក្រោយស្ថាបនិកទទួលមរណភាព

ពិធីគោរពវិញ្ញាណខណ្ឌលោកវេជ្ជបណ្ឌិត Beat Richner នៅទីស្តីក្រសួងសុខាភិបាល ថ្ងៃទី ១០ កញ្ញា ២០១៨

ពលរដ្ឋមួយចំនួន បង្ហាញក្តីបារម្ភអំពីគុណភាព​នៃការផ្តល់សេវារបស់មន្ទីរពេទ្យគន្ធបុប្ផា បន្ទាប់ពី​ស្ថាបនិកមន្ទីរពេទ្យមួយនេះ បានទទួលមរណភាព។

ស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពក្នុងជន្មាយុ ៧១ឆ្នាំ នៅប្រទេស​ស្វីស ប្រទេស​​កំណើត​របស់​គាត់ កាលពីម្សិលមិញ បន្ទាប់ពីគាត់ទ្រាំទ្រនឹងជំងឺជាយូរមកហើយ។

ពេលផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានវីអូឌី ខណៈកំពុងយកកូនតូចៗទៅ​ព្យាលនៅមន្ទីរពេទ្យគន្ធបុប្ផាសាខាជិតព្រះបរម​រាជវាំង ពលរដ្ឋ​រស់​នៅ​ទីក្រុង​ភ្នំពេញ លោក ជឹម វុទ្ធី រៀបរាប់ថា លោកពិតជាមានការតក់ស្លុត និងសោកស្តាយបំផុត ពេលលឺដំណឹងថា អ្នកគ្រប់​គ្រងមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាព។

ខ្ញុំស្គាល់គាត់ច្បាស់ គឺគាត់ជាមេដឹកនាំមន្ទីរពេទ្យគន្ធបុប្ផាដ៏ល្អ ជាវីរៈបុរសដ៏ឆ្នើមសម្រាប់កុមារ​កម្ពុជាទាំង​អស់

ពលរដ្ឋ​ម្នាក់រស់​នៅ​ទីក្រុង​ភ្នំពេញ លោក ជឹម វុទ្ធី

បុរសវ័យ៤១ឆ្នាំរូបនេះ បង្ហាញក្តីបារម្ភថា ពេលអត់ពីស្ថាបនិកនៃមន្ទីរពេទ្យនេះទៅ មិនដឹងជាការផ្តល់សេវា និងការគ្រប់គ្រងមន្ទីរ​ពេទ្យនេះបានល្អដូចមុន ឬអត់នោះទេ។

ពេលអត់ពីគាត់ទៅ ខ្ញុំព្រួយបារម្ភថា កុមារកម្ពុជាជំនន់ក្រោយ អត់មានមន្ទីរពេទ្យល្អដូចកាលគាត់ដឹកនាំ ព្រោះ កាលគាត់ គឺល្អ ល្អរកអ្វីប្រៀបមិនបាន។ គោលបំណងគាត់ជួយដោយសុទ្ធចិត្តតែម្តង អត់មានគិតពីកម្រៃ អត់គិតឋានៈបុណ្យ​ស័ក្តិអីទាំងអស់ គឺព្យាបាលដោយស្មើភាពទាំងអស់

ពលរដ្ឋ​ម្នាក់រស់​នៅ​ទីក្រុង​ភ្នំពេញ លោក ជឹម វុទ្ធី

មកពីខេត្តកំពង់ចាមដែលយកកូនមកព្យាបាលជំងឺទឹកនោមប្រៃនៅមន្ទីរពេទ្យគន្ធបុប្ផាសាខាជិតព្រះបរម​រាជ​វាំងដែរនោះ អ្នកស្រី លន់ ធឹម និយាយថា ពេលដែលកូនគាត់ឈឺម្តងៗ គឺបានមន្ទីរពេទ្យ​មួយនេះហើយ​ដែល​ជួយសង្គ្រោះជីវិតឲ្យរួចផុតពីការស្លាប់។

ពេទ្យគេព្យាបាលយើងអត់យក​លុយទេ គេព្យាបាល គេជួយចេញតាំងពីថ្ងៃបាយឡើង។ យើងខ្វះខាតអញ្ចឹងទៅ គាត់ជួយ ៣ថ្ងៃ ១ម៉ឺន ២ពាន់។ និយាយទៅគ្រូពេទ្យក្នុងហ្នឹង គេយកចិត្តទុកដាក់ជាមួយកូនចៅយើងណាស់ ទាំងយប់ទាំងថ្ងៃ មិន​ដែលត្អូញត្អែទេ។ គេបម្រើសេវាអស់ពីលទ្ធិភាពហ្មង

អ្នកស្រី លន់ ធឹម ពលរដ្ឋមកពីខេត្តកំពង់ចាម

ស្រ្តីវ័យ ៥០ឆ្នាំរូបនេះ ក៏បានបង្ហាញការសោកស្តាយចំពោះការបាត់​បង់​លោក Beat Richner ពីមន្ទីរពេទ្យគន្ធបុប្ផា​ផង​ដែរ ដោយថា ពេលអត់ពីរូបគាត់ទៅ ការផ្តល់សេវា និងជំនួយផ្សេងៗរបស់មន្ទីរពេទ្យមួយនេះ ប្រហែលមិនដូចមុនទៀតនោះទេ។

ខ្ញុំមានការសោកស្តាយ​ អស់សង្ឃឹមថា កូនចៅយើងក្រោយៗមានអ្នកជួយដូចអញ្ចឹង​ទៀតអត់? ព្រោះអីអស់​សង្ឃឹមមែនទែន? ខ្ញុំមានអារម្មណ៍ក្តុកក្តួល អស់ដៃអស់ជើង ដូចគ្មានអ្នកទីពឹងទៀត?

អ្នកស្រី លន់ ធឹម ពលរដ្ឋមកពីខេត្តកំពង់ចាម

មកពីខេត្តតាកែវ អ្នកស្រី ឈាវ សុភ័ណ្ឌ យកកូនមកព្យាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផាសាខាជិតវត្តភ្នំ បាន​រៀបរាប់ថា ការផ្តល់សេវា​របស់ក្រុមគ្រូពេទ្យ និងថ្នាំព្យាបាលរបស់មន្ទីរពេទ្យគន្ធបុប្ផា​នា​ពេលកន្លងមក បានល្អប្រសើរខ្លាំងណាស់ បើប្រៀបធៀបជាមួយមន្ទីរ​ពេទ្យរដ្ឋផ្សេងៗ។

អ្នកស្រី ឈាវ សុភ័ណ្ឌ បាន​ស្នើ​ទៅ​មន្ទីរពេទ្យមួយនេះ ឲ្យ​នៅតែបន្តផ្តល់សេវា និងឧបត្ថម្ភ​ដល់កុមារកម្ពុជាបែបនេះជារៀងរហូត បើទោះជា គ្មានវត្តមាន​លោក​វេជ្ជ​បណ្ឌិត Beat Richner គ្រប់គ្រង និងដឹកនាំតទៅទៀត។

មានអារម្មណ៍សោកស្តាយដែលគាត់ខំរក​ថ្នាំយកមកមើលក្មេង ដល់ពេលគាត់ស្លាប់អញ្ចឹងទៅ អត់មាន​អ្នករកជំនួយ រកថ្នាំមក។ ដល់ពេលមានគាត់នៅ អាចជួយឲ្យក្មេងបានជាគ្រប់ៗគ្នា

មកពីខេត្តតាកែវ អ្នកស្រី ឈាវ សុភ័ណ្ឌ

យកកូនមកព្យាយជំងឺបេះដូងអ្នកស្រី ប៊ូ សុភាកញ្ញា មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង បានសុំទៅរដ្ឋាភិបាលឲ្យបន្តជួយគាំទ្រ​មន្ទីរពេទ្យគន្ធបុប្ផា ដោយផ្តល់ជំនួយជាថវិកា សម្ភារៈ ដោយធ្វើយ៉ាងឲ្យការផ្តល់សេវាព្យាបាលរបស់មន្ទីរពេទ្យមួយនេះ មានគុណ​ភាពជារៀងរហូត។

សុំឲ្យរដ្ឋាភិបាលយើង និងអ្នកដែលចង់ជួយក្មេងៗហ្នឹង សុំឲ្យពួកគាត់បន្តជួយមន្ទីរពេទ្យគន្ធបុប្ផាទៀត កុំឲ្យខ្ញុំ និងពលរដ្ឋផ្សេងៗទៀតអស់សង្ឃឹម ព្រោះ គាត់ល្អមែនទែន គាត់បានជួយក្មេងៗ ដូចកូនខ្ញុំអញ្ចឹង មានជំងឺបេះដូង។ អញ្ចឹង ត្រូវចំណាយលុយច្រើនណាស់ តែបានគាត់ជួយអញ្ចឹង បានកាត់បន្ថយយចំណាយ

អ្នកស្រី ប៊ូ សុភាកញ្ញា មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង

ក្នុងពិធីគោរពវិញ្ញាណខណ្ឌលោកវេជ្ជបណ្ឌិត Beat Richner នៅទីស្តីក្រសួងនៅថ្ងៃនេះ រដ្ឋមន្រ្តីសុខាភិបាល លោក ម៉ម ប៊ុនហេង មានប្រសាសន៍ថា ក្រសួងនឹងខិខំសហការជាមួយក្រុមការងារមូលនិធិ​គន្ធបុប្ផា ដើម្បីធានានូវនិរន្តរភាពសម្រាប់មន្ទីរពេទ្យគ្រប់កន្លែង​ទាំងអស់។

លោក ម៉ម ប៊ុនហេង ក្នុងពិធីគោរពវិញ្ញាណខណ្ឌលោកវេជ្ជបណ្ឌិត Beat Richner នៅទីស្តីក្រសួងសុខាភិបាល ថ្ងៃទី ១០ កញ្ញា ២០១៨
យើងនឹងខិតខំបន្តនូវកិច្ចសហប្រតិបត្តការរបស់យើងជាមួយ​នឹងមូលនិធិគន្ធបុប្ផា ដើម្បីធានានូវនីរន្តរភាពឲ្យមន្ទីរពេទ្យទាំង ៥នេះទាំងនៅភ្នំពេញ ឲ្យដំណើរការប្រកបដោយជោគជ័យជាបន្តបន្ទាប់ទៀត និងរួមចំណែកជាមួយរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហើយលោកក៏បានបង្កើតនូវមូលនិធិ ដើម្បីជួយមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្តបម្រើសុខភាពប្រជាពលរដ្ឋបន្តទៀត

រដ្ឋមន្រ្តីសុខាភិបាល លោក ម៉ម ប៊ុនហេង

លោក​វេជ្ជ​បណ្ឌិត Beat Richner បាន​បង្កើត​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​លើក​ដំបូង​កាល​ពី​ឆ្នាំ​១៩៩២ ដើម្បី​ផ្ដល់​​សេវា​សុខាភិបាល​ដល់​កុមារ​កម្ពុជា​រាប់​លាន​នាក់ ដោយក្នុង​រយៈ​ពេល​ជាង ២៦​ឆ្នាំ​មក​នេះ លោក​វេជ្ជ​បណ្ឌិត Beat Richner បាន​ពង្រីក​សាខា​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​រហូត​ដល់ ៥​កន្លែង​ទាំង​នៅ​ភ្នំពេញ និង​ខេត្ត​សៀមរាប។

បើ​តាម​វេបសាយ​មូលនិធិ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា កុមារ​កម្ពុជា​មិន​តិច​ជាង ១៣​លាន​នាក់​ទេ ទទួល​បាន​​សេវា​សុខាភិបាល​ពី​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទាំង​នៅ​ភ្នំពេញ និង​នៅ​ឯ​ខេត្ត​សៀមរាប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ