អ្នកការពារសិទ្ធមនុស្សម្នាក់ត្រូវ​អាជ្ញាធរវៀតណាម​រារាំងមិនឲ្យចូល​​វេទិកាសេដ្ឋកិច្ចពិភពលោក​

អគ្គលេខាធិការនៃសហព័ន្ធអន្តរជាតិដើម្បីសិទិ្ធមនុស្សគឺលោកស្រី Debbie Stothard ត្រូវបានគេបដិសេធមិនចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងហាណូយប្រទេសវៀតណាម។ PHOTO: FACEBOOK / RENZO ALEXANDER GARCIA PARRA

អាជ្ញាធរវៀតណាម​ បានបដិសេធមិនឲ្យ​អ្នកការពារ​សិទ្ធិ​មនុស្ស​ម្នាក់​ចាកចេញពីព្រលានយន្តហោះ​របស់​ខ្លួន​ដើម្បី​ទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានដែល​នឹង​ត្រូវ​ធ្វើ​នៅថ្ងៃស្អែកនេះទេ។

យោងតាម​សេចក្តី​ស្នើសុំ​ជាបន្ទាន់​របស់អង្គការ​សហព័ន្ធអន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស​ហៅកាត់​ថា ​FIHD ដែល​ចេញផ្សាយកាលពីម្សិលមិញ អគ្គលេខាធិការ​អង្គការអន្តរជាតិមួយនេះគឺអ្នកស្រី ដេបប៊ី ស្តស្យឺដ ត្រួវបាន​អាជ្ញាធរអន្តោប្រវេសន៍វៀត​ណាមឃាត់ខ្លួន​ហាម​មិន​​ឲ្យ​​ចេញ​ពីព្រលាន​យន្តហោះ​ក្រុង​ហាណូយ​ឡើយ។

តាមប្រភពដដែល​អ្នកស្រី ដេបប៊ី ស្តស្យឺដ បាន​ទៅដល់​អាកាសយានដ្ឋាន​អន្តរជាតិណូយបៃ ក្រុង​ហាណូយ​​កាល​ពីម៉ោង៣រសៀល​​ម្សិលមិញ​ ប៉ុន្តែភ្លាម​ៗអាជ្ញាធរវៀតណាម​បាន​រារាំងនិងឃាត់ខ្លួន​អ្នកស្រី​ក្រោម​ហេតុផល​ដើម្បី​កាពារ សន្តិសុខ សណ្ដាប់​ធ្នាប់ និង សុវត្ថិភាព ក្នុង​សង្គមវៀតណាម​។​

តាមប្រភពខាងលើ អាជ្ញាធរវៀតណាម​ធ្លាប់​បាន​​ប្រាប់​ទៅ​សមាជិក​វេទិកាសេដ្ឋកិច្ចពិភពលោករួចទៅហើយ​កាល​ពីថ្ងៃទី៦ខែកញ្ញា ថាអ្នកស្រី ​ដេបប៊ី ស្តស្យឺដ មិន​អនុញ្ញាតឲ្យ​ចូល​ទឹក​ដីវៀតណាម​ទេ ព្រោះ​ថា​អ្នកស្រី​ត្រូវ​បាន​វៀតណាម​ដាក់​ចូល​ក្នុង​បញ្ជីខ្មៅ​ហើយ ដោយសារ​​តែ​​ការងារ​ការពារ​សិទ្ធិមនុស្សរបស់​គាត់​។

អ្នកស្រី​ ដេបប៊ី ស្តស្យឺដ ត្រូវបាន​អ្នករៀបចំ​វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានអញ្ជើញឲ្យ​ធ្វើជាវាគ្មិន​ក្នុង​កិច្ចពិភាក្សា​ក្រោម​ប្រធាន​បទការច្នៃប្រឌិតក្រោមសម្ពាធនៅថ្ងៃទី​១៣ខែកញ្ញា។

​វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន នឹងធ្វើ​នៅទីក្រុង​ហាណូយប្រទេសវៀតណាម​ក្នុងរយៈពេល៣ថ្ងៃ​គឺចាប់​ពីថ្ងៃទី​១១ដល់​ទី​១៣​ខែកញ្ញា។

ក្រោយការឃាត់ខ្លួន​ អ្នកស្រី ​ដេបប៊ី ស្តស្យឺដ បានសរសេរនៅលើ T​witter របស់់ខ្លួន​ថា អ្នកស្រីសង្ឃឹម​​ថា​ការធ្វើជាម្ចាស់​ផ្ទះ​នៃវេទិកា​​ដ៏ពិសេសនេះនឹងអាចជួយឲ្យវៀតណាម​ដឹងពីសារៈសំខាន់​នៃ​សិទ្ធិមនុស្ស​និង​សេរីភាព​​ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច។​

យោងតាម T​witter ផ្លូវការរបស់អង្គការ​សហព័ន្ធអន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស​ អ្នកស្រី ​ដេបប៊ី ស្តស្យឺដ ត្រូវបាន​អាជ្ញាធរវៀតណាម​ដោះលែង​ហើយបន្ទាប់​ពីឃាត់ខ្លួន​រយៈពេល​១៥ម៉ោងនៅក្នុង​ព្រលាន​យន្តហោះ​នោះ ហើយបញ្ជូនត្រលប់​ទៅ​ទីក្រុង​កូឡាឡាំពួរវិញ​នៅព្រឹក​មិញ​នេះ។

អ្នកស្រី​ ដេបប៊ី ស្តស្យឺដ មាន​អាយុ​៥៤​ឆ្នាំ​ជាជន​ម៉ាឡេស៊ី​ហើយត្រូវបានគេបោះឆ្នោត​​ជ្រើស​រើស​ជា​អគ្គលេខាធិការ​អង្គការ​សហព័ន្ធអន្តរជាតិ​ដើម្បី​សិទ្ធិមនុស្សនៅឆ្នាំ២០១៣។

លោកស្រី Debbie Stothard គឺជាអ្នកលើក​កម្ពស់​សិទ្ធិមនុស្សយ៉ាងសកម្មនៅក្នុងប្រទេសភូមានិងតំបន់អាស៊ាន។ ក្នុងរយៈពេល ៣២ ឆ្នាំ អ្នកស្រី​បានធ្វើការជាអ្នកកាសែត អ្នកប្រឹក្សាយោបល់ផ្នែកអប់រំសហគមន៍ ទីប្រឹក្សារដ្ឋាភិបាលនៅប្រទេសម៉ាឡេស៊ី អូស្ត្រាលីនិង ថៃជាដើម។

អាជ្ញាធរវៀតណាមនៅតែរឹតបណ្ដឹង​លើ​សិទ្ធិ​សេរីភាពសារព័ត៌មាន និង​សកម្មជន​សិទ្ធិមនុស្ស​និងសកម្ម​ជនប្រជាធិបតេយ្យនានា៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ