បទយកការណ៍៖ កម្មករសំណង់និងបុគ្គលិកសណ្ឋាគារ ចង់បានប្រាក់ឈ្នួលដូចក្នុងវិស័យកាត់ដេរ

ស្ត្រីម្នាក់​កំពុង​លាយ​កំបោរ​ស៊ីម៉ង់តិ៍​ នៅ​ឯ​ការដ្ឋាន​សំណង់​មួយ ក្នុង​រាជ​ធានី​ភ្នំពេញ។

កម្មករសំណង់និងបុគ្គលិកសណ្ឋាគារទាមទារឲ្យរដ្ឋាភិបាលកម្ពុជាកំណត់ប្រាក់ឈ្នួលអប្បរមាដូចវិស័យកាត់ដេរនិងស្បែកជើង។

នៅដើមខែកញ្ញា ឆ្នាំ២០១៨នេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានចាប់ផ្តើមប្រជុំពិភាក្សាជាលើកដំបូងជាមួយភាគីពាក់ព័ន្ធនៅក្នុងការកំណត់ប្រាក់ឈ្នួលអប្បរមាសម្រាប់ឆ្នាំ២០១៩នៅក្នុងវិស័យកាត់ដេរនិងស្បែកជើង ខណៈដែលអ្នកធ្វើការក្នុងវិស័យសំណង់និងសណ្ឋាគារចង់ឲ្យរដ្ឋាភិបាលអាណត្តិថ្មីនេះកំណត់ប្រាក់ឈ្នួលដែរ។

ប្រធានសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា​ លោកសុខ គីន ​បានលើកឡើងថាវិស័យកាត់ដេរជាវិស័យអាទិភាពសម្រាប់ជំរុញសេដ្ឋកិច្ចជាតិនៅកម្ពុជាឲ្យមានការរីកចម្រើនលូតលាស់ ប៉ុន្តែវិស័យសំណង់និងសណ្ឋាគារក៏បានចូលរួមចំណែកធ្វើឲ្យ​កំណើនសេដ្ឋកិច្ចផងដែរ។ រដ្ឋាភិបាលមិនទាន់បានកំណត់អំពីកម្រិត​ប្រាក់ឈ្នួលអប្បរមានៅឡើយទេសំរាប់វិស័យទាំងពីរនេះ បើទោះបីជាច្បាប់ប្រាក់ឈ្នួលត្រូវបានអនុម័តរួចក៏ដោយ ដែលធ្វើឲ្យកម្មករបាត់បង់នូវអត្ថប្រយោន៍ផ្សេងៗ។

យើងឃើញថាច្បាប់ការងារបានចែងយ៉ាងច្បាស់ទាក់ទងនឹ​ងអត្ថប្រយោជន៏និងសិទ្ធិសម្រាប់កម្មករ ប៉ុន្តែទាក់ទងនឹងការអនុវត្តវិញ​​​យើងឃើញថាវាផ្ទុយទៅនឹងច្បាប់ដែលបានចែង។ ដូចជាការឈប់សម្រាកលំហែមាតុភាពសម្រាប់ស្ត្រី មិនត្រឹមតែមិនឲ្យគាត់ឈប់សម្រាកមិនឲ្យលុយទេ គឺថែមទាំងបញ្ឈប់គាត់ថែមទៀត អានេះវាជាបញ្ហា។ ដូចការឈប់សម្រាកប្រចាំឆ្នាំ១៨ថ្ងៃដោយមានប្រាក់ឈ្នួលអីសួរពួកគាត់មើលដែលមានអត់? គឺអត់ទាំងអស់ថ្ងៃបុណ្យ ថ្ងៃអាទិត្យអីគាត់មិនដែលបានទេ អញ្ចឹងកម្មករសំណង់នៅតែជាបញ្ហា។

ប្រធានសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា​ លោកសុខ គីន​

ឆ្លើយតបទៅនឹងប្រាក់ឈ្នួលអប្បរមាលើវិស័សំណង់និងសណ្ឋាគារ អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានលើកឡើងថា ទោះបីជាច្បាប់ប្រាក់ឈ្នួលអប្បរមាត្រូវបានអនុម័ត្ររួចក៏ដោយ តែច្បាប់នេះ ក៏បានអនុញាតឲ្យក្រុមប្រឹក្សារជាតិប្រាក់ឈ្នួល ពិនិត្យនិងពិចារណាក្នុងការពង្រីកវិសាលភាព​​​ពីវិស័យមួយទៅវិស័យមួយផ្សេងទៀត។

មកដល់ពេលនេះយើងនៅបន្តលើវិស័យ​​​កាត់ដេរវាយនភ័ណ្ឌកាត់ដេរនិងផលិតស្បែកជើង។​ ហើយក្រោយពីមានការសិក្សារស្រាវជ្រាវណាមួយច្បាស់លាស់នោះ ក្រុមប្រឹក្សារជាតិប្រាក់ឈ្នួលដែលនឹងបង្កើតឡើងនៅពេលខាងមុខនេះ​​​នឹងធ្វើការពិចារណា។​ តើគួរពង្រីកទៅលើវិស័យណាផ្សេងទៀត?

អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ

កម្មករសំណង់ម្នាក់ កញ្ញា សេង ហ៊ន បាននិយាយទាំងទឹកមុខក្រៀមក្រំថា សំណង់ជាការងារមួយប្រើកម្លាំងនិងប្រឈមគ្រោះថា្នក់ ប៉ុន្តែការងារមួយនេះមិនត្រូវបានយកចិត្តទុកដាក់់ខ្ពស់ពីស្ថាប័នពាក់ព័ន្ធក្នុងការផ្តល់អត្ថប្រយោន៍ផ្សេងៗនោះទេ។ កញ្ញាចង់ឲ្យរដ្ឋាភិបាលយកចិត្តទុកលើគ្រប់វិ​ស័យដោយកំណត់ប្រាក់ឈ្នួលអប្បរមា ដើម្បីឲ្យមានជីវភាប្រសើរឡើង។

បានមួយថ្ងៃ៧ដុល្លារ បើថែមម៉ោងក្នុងមួយម៉ោងបាន១ដុល្លារ​​​អត់មានលុយអីទៀតទេ! ចា៎ បើទៅធ្វើបាន បើយើងអត់ទៅអត់។បើតាមខ្ញុំយល់ខ្ញុំចង់ឲ្យមានលុយបាយលុយអីចឹងទៅ គឺចង់ឲ្យវាមានអីចឹង។ ចង់ឲ្យគាត់ដំឡើងលុយដូចរោងចក្រ មានលុយបាយអីចឹង។បើខ្ញុំចង់ឲ្យមានដូចនៅក្នុងរោងចក្របើគាត់សំរាកកុំឲ្យមានកាត់លុយអីច្រើនពេក ព្រោះសំណង់ធ្វើការហត់ធ្ងន់ ហើយសំណង់មួយខែបាន២៥០ដុល្លារអីចឹងទៅ​​​ព្រោះគ្នាយកមកហូបចុកអីឲ្យវាមានកំលាំងព្រោះអីការហូបចុកអីក៏ផ្លៃដែរ។

កម្មករសំណង់ម្នាក់ កញ្ញា សេង ហ៊ន

​​​បុគ្គលិកសណ្ឋាគារម្នាក់ទៀតនៅខេត្តសៀមរាប លោក ហ៊ាង រ៉ុន ត្អូញត្អែថាបុគ្គលិកនៅតាមសណ្ឋារទទួលបានប្រាក់ឈ្នួលទាប ទោះបីពួកគេមានចំណេះដឹងនិងជំនាញ។ លោក រ៉ុន យល់ឃើញថាការកំណត់ប្រឈ្នួលអប្បរមានិងជួយឲ្យពួកគេទទួលបានប្រាក់ឈ្នួលខ្ពស់ និងអត្ថប្រយោន៍ផ្សេងៗ ដែលនឹងធ្វើឲ្យជីវភាពប្រសើរជាងមុន។

ប្រាក់ខែយើងបាន១០០ service charge(ថ្លៃសេវាកម្ម) អីតាមខែ Lowឬ high (ខែដែលមាន​ភ្ញៀវ​តិចឬច្រើន) មានតិចមានច្រើន។ អូតែលស្តង់ដារធំៗដូចសូហ្វីតែលរ៉ាហ្វលអី service charge ធ្លាក់មកដល់៦០ដុល្លារអី។ ខ្ញុំយល់ថា វាដូចអត់សូវល្អ ដោយសារយើងវិស័យទេសចរណ៏ ថ្វីការសណ្ឋាគារយើងមានចំណេះដឹងខ្ពស់ជាងតែប្រាក់ឈ្នួលគាត់នៅតែទាប ដោយសារការងារគាត់ចេះភាសាខ្មែរហើយភាសាបរទេសតែប្រាក់ខែនៅតែទាប។ខ្ញុំថាយើងគួតែបានចន្លោះ២០០ទៅ២៥០ ដុល្លារ អីប៉ុណ្ណោះសមរម្យដើម្បីផ្គត់ផ្គង់លើការចំណាយអីបាន​។ ដូចរាល់ថ្ងៃ១០០​​​ដុល្លារ​ អីគាត់អត់អាចគ្រប់គ្រាន់ក្នុងការចំណាយទេ ដាច់ខែឡើងត្រូវជំពាក់លុយគេ

​​​បុគ្គលិកសណ្ឋាគារម្នាក់ទៀតនៅខេត្តសៀមរាប លោក ហ៊ាង រ៉ុន

កាលពីដើមខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ រដ្ឋាភិបាលកម្ពុជាបានអនុម័តច្បាប់ប្រាក់ឈ្នួល​​​ថ្នាក់ជាតិក្នុងគោលបំណងឈានទៅដល់ការកំណត់ប្រាក់ឈ្នួលនៅក្នុងវិស័យផ្សេងៗទៀតផងដែរ។

នៅក្នុងឆ្នាំ២០១៨ ប្រាក់ឈ្នួលអប្បរមាបានដំឡើងដល់១៧០ដុល្លារក្នុងមួយខែ​​​ ដោយមិនគិតបញ្ចូលអត្ថប្រយោជន៍ផ្សេងៗនោះទេ។

យោងតាមរបាយការណ៏របស់ធនាគាពិភពលោកឆ្នាំ២០១៧ កម្ពុជាមានចំនួនកំលាំងពលកម្មចំនួនប្រមាណ ៩,៣លាននាក់ ក្នុងនោះវិស័យសេវាកម្មដែលរួមមានវិស័យសណ្ឋាគារនិងទេសចរណ៏ផងនោះមានចំនួន៤៦,២៨ភាគរយ វិស័យឧស្សាហកម្មមានជាង២៧ភាគរយនិងកសិកម្មមានជាង២៦ភាគរយ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ