លោក ហ៊ុន សែន ជំរុញឲ្យវិនិយោគិន​ចិនបន្តវិនិយោគនៅកម្ពុជា​កាន់តែច្រើនថែមទៀត​

លោក ហ៊ុន សែន អញ្ជើញចូលរួមកិច្ចសន្ទនាតុមូលជាមួយនាយកប្រតិបត្តិក្រុមហ៊ុនធំៗនៃប្រទេសចិនដែលបានមកវិនិយោគនៅកម្ពុជាចំនួន៦ ព្រឹកថ្ងៃទី ១១ កញ្ញា ២០១៨ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្រ្តីអំពាវនាវទៅបណ្តាអ្នក​វិនិយោគចិនឲ្យបន្តមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន ដោយថា ប្រទេសកម្ពុជាកំពុងមានសក្តានុពលជាច្រើនសម្រាប់ការវិនិយោគ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរវាងប្រទេសទាំងពីរ។

ការអំពាវនាវនេះធ្វើឡើងខណៈដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបសន្ទនាជាមួយនាយកប្រតិបត្តិក្រុមហ៊ុនធំៗរបស់ចិននៅក្នុងប្រទេសចិនថ្ងៃនេះ។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋ។

នៅលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរថា នៅថ្ងៃនេះលោក ហ៊ុន សែន បានអញ្ជើញចូលរួមកិច្ចសន្ទនាតុមូលជាមួយនាយកប្រតិបត្តិក្រុមហ៊ុនធំៗចំនួន៦ នៃប្រទេសចិនដែលបានមកវិនិយោគនៅកម្ពុជា រួមទាំងថ្នាក់ដឹកនាំប្រទេសចិនមួយចំនួនទៀត។

ចំពោះមុខអ្នកវិនិយោគចិនទាំងនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា  រដ្ឋាភិបាលថ្មីនីតិកាលទី៦ដែលដឹកនាំគណបក្សប្រជាជនកម្ពុជានឹងបន្តជំរុញលើកទឹកចិត្ត និងផ្តល់នូវការគាំពារខ្ពស់ចំពោះអ្នកវិនិយោគទុនបរទេសទាំងអស់ដែលមកបណ្តាក់ទុននៅកម្ពុជា ក្នុងនោះរួមទាំងអ្នកវិនិយោគទុនចិនផងដែរ។

លោក ហ៊ុន សែន បានប្រាប់ទៅអ្នកវិនិយោគចិនថា តាមស្ថិតិឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនមានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយថា បានកើនឡើងដល់ ៥,៨ ប៊ីលានដុល្លារអាមេរិកស្មើ២២%ធៀបនឹងឆ្នាំមុន។

ការវិនិយោគពីប្រទេសចិនក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ដែរ រយៈពេលបីឆ្នាំកន្លងទៅនេះ ដោយបានកើនឡើងពីប្រមាណ ៩០០ លានដុល្លារអាមេរិកនៅឆ្នាំ ២០១៦ ដល់ ១,៦ ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ ២០១៧ និង    រយៈពេល៧ខែ ដើមឆ្នាំ២០១៨ នេះបានកើនដល់ ២,៨ ប៊ីលានដុល្លារអាមេរិកបើធៀបឆ្នាំមុន។

លោក ហ៊ុន សែន ក៏បានប្រាប់ដល់អ្នកវិនិយោគទុនចិន ពីគម្រោងដែលរដ្ឋាភិបាលកម្ពុជា គ្រោងស្នើដល់រដ្ឋាភិបាលចិនឲ្យផ្តល់កម្ចីសម្បទានដល់កម្ពុជា ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តក្នុងប្រទេសកម្ពុជា ដោយតភ្ជាប់ផ្ទៃក្នុងប្រទេសជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន ក៏ដូចជាការតភ្ជាប់ទៅកាន់ប្រទេសចិន តាមរយៈផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាសជាដើម។

លោក ហ៊ុន សែន បាន​ចូលរួមពីធីតាំងពិព័​រណ៍ចិន-អាស៊ានលើកទី១៥ ដែលមានរយៈពេល៣ថ្ងៃ ដោយចាប់ពីថ្ងៃទី១០ ដល់​ថ្ងៃទី១២​ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅក្នុងទីក្រុងណាននី​ង ខេត្តក្វាងស៊ី តាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ