លោក​ សម​ រង្ស៊ី​ អំពាវនាវឲ្យមាន​ការឯក​ភាពក្នុងបក្សដើម្បី​ធា​នា​ជ័យ​ជម្នះលើបក្សកាន់​អំណាច

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ (ហ្វេសប៊ុកលោក សម រង្សីុ)

អតីត​មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី រំឭកឲ្យមានការឯកភាពផ្ទៃក្នុងបក្សទើបអាចយ​កឈ្នះ​​លើដៃ​គូប្រកួ​តបាន ​​​​​ខ​ណៈអ្នកគាំទ្រមួយចំនួន​បានបង្ហាញទស្សនៈផ្ទុយ​គ្នាទៅ​លើ​ជំហរ​​ថ្នាក់​ដឹក​នាំ ក្រោយពីប​ក្ស​ប្រ​ឆាំ​ងដ៏ធំនេះ ត្រូវបានគេផាត់ចេញពីឆាកនយោបាយ។

តុលាការកំពូលបានរំលាយគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំមុន និងហាម​មន្ត្រី១១៨​រូប របស់គណបក្សនេះមិនឲ្យធ្វើន​យោ​​​បា​យរយៈពេល៥ឆ្នាំ តាមបណ្តឹង​រដ្ឋាភិ​​បាល ក្រោ​យពីមាន​ចាប់ឃុំខ្លួន​ប្រធាន​គណបក្ស​លោកកឹម សុខា។ ចំណាត់ការនេះ ជំរុញ​ឲ្យ​អតីត​តំណាង​រាស្ត្រ​បក្ស​ប្រឆាំងមួយចំនួនគេ​ចខ្លួន​ទៅ​​​​​​ក្រៅប្រទេស ស្វែងរកកិច្ច​អន្តរាគមន៍​ពីក្រុមប្រទេ​សលោ​ក​សេ​​រី​ នូវអ្វីដែលពួកគេយល់ថាដើម្បី​ឲ្យជួ​យ​ស្តា​​​រប្រជា​ធិប​តេយ្យ​នៅ​ម្ពុ​ជាឡើងវិញ។

ប៉ុន្តែអតីតតំណាងរាស្ត្រមួយចំនួនដែលមិន​មិនចេញទៅក្រៅប្រទេស ហើយពួកគេម្តងម្កាល​ចេញ​មុខ​​ចុះ​សួរ​សុ​​ខ​​​ទុ​​​ក្ខ អ​តីតសកម្មជនដែលជាប់ឃុំ។ ក​រណីនេះជំរុញឲ្យអ្នកគាំទ្រមួយចំនួន រិះគន់ពីជំហរ ​លោក​ សម រង្ស៊ី ដែល​​​និ​រទេសខ្លួនមិនព្រម​ចូល​ប្រទេសវិញ​។

​លោកសម រង្ស៊ី ផ្ញើសារនយោបាយលើបណ្តាញសង្គមរបស់​លោក​នៅថ្ងៃទី១០ខែ​កញ្ញា​ថា​៖

សម រង្ស៊ី និង​ កឹម សុខា ជា​មនុស្សតែមួយទេ។ ឯកភាពគណបក្សសង្គ្រោះជាតិ ធានា​ជ័យ​ជម្នះ​របស់យើង លើរបប ហ៊ុន ​សែន

អតីត​មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី

អតីតមន្រ្តីជាន់​ខ្ពស់​គណ​បក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ដែលទើប​ចេញពី​ពន្ធ​នា​គារ​ បានសរសេរ​លើ​ហ្វេ​ស​ប៊ុកដាស់តឿន​ឲ្យអ្នកគាំទ្របក្សខ្លួន កុំ​បង្ក​អរិ​ភាពនិងលាប​ព​ណ៌​​​គ្នា​បណ្ដាល​​ឲ្យ​មានការ​បែ​​កបា​ក់ផ្ទៃក្នុង ដែល​ជាការបម្រើនយោបាយឲ្យដៃគូប្រជែង​នយោបាយ​ដោយមិនដឹងខ្លួន។

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ូ ច័ន្ទរ័ត្ន ដែលមិនរត់ទៅក្រៅប្រទេស បានប្រាប់VODថា ការខ្វែងគំនិត​គ្នា​រ​​ប​​ស់អ្ន​​កគាំ​ទ្រពិតជាបានកើតឡើងជាធម្មតា ដោយថាគណបក្សសង្គ្រោះជាតិ កើតចេញពី​គណ​ប​ក្សពីរ​ផ្សេងគ្នា។ ប៉ុន្តែលោកថា ក្បាលម៉ាស៊ីនដឹកនាំជាមនុស្សតែមួយដដែលទេ។

អត់មានអីសំខាន់ជាងឯកភាពផ្ទៃក្នុងបក្សហ្នឹងទេ។ បើយើងមានការប្រេះ​ឆា​ទៅ វា​នឹង​អា​ច​នាំ​មកនូ​វបរាជ័យហើយ។​ហើយខ្ញុំយល់ថាអា​ហ្នឹងគ្រាន់តែជារឿង​មួយគាត់ចង់បញ្ជា​ក់​ទៅស​កម្មជន​និងអ្នក​គាំ​ទ្រ​ថា​កុំឲ្យមានការប៉ះទង្គិចគ្នា​កុំឲ្យមានការយល់ច្រឡំគ្នា​ទៅវិញទៅ​មក មិ​នមានការប្រេះឆាអីទេ

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ូ ច័ន្ទរ័ត្ន

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក​ សុខ ឥសាន និយាយថា គណបក្សប្រឆាំងដែល​តុលា​ការ​បាន​រំ​លា​​យ​ទៅហើយនោះ គ្មានថ្ងៃរស់ឡើងវិញទេ ហើយចាត់ទុកថាការចង់បានជ័​យជម្នះ​លើបក្សកាន់អំ​ណា​​ចរ​ប​ស់លោក សម រង្ស៊ី ថាជាការយល់សប្តិខុសពីការពិត។ អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ អះអាងថាអតីតមេដឹកនាំបក្សប្រឆាំង​ទាំងពីរកំពុងបង្ហា​ញទំនោរទៅ​រក​ភា​ព​​បែកបាក់គ្នា។

អាហ្នឹងគ្រាន់តែជាការនិយាយបន្លំរបស់ទណ្ឌិតសម រង្ស៊ី ទេ។ [….] មនុស្សពីរ​នាក់ហ្នឹងវា​ដាច់​ពីគ្នា​។​ អ​ញ្ចឹងទេនៅពេលដែលទណ្ឌិត សម រង្ស៊ី ដឹងថា កឹម​ សុខា គ្មានលទ្ធភាព​ដោះលែងនឹង​ប្រកាស​ខ្លួន​​ឯ​ង​ធ្វើ​​ប្រធានគណបក្ស នៅពេលដែល​ខ្លួនឯង​មិន​មែន​ជាសមាជិកបក្ស

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក​ សុខ ឥសាន

អ្នកវិភាគនយោបាយលោក បណ្ឌិត មាស នី និយាយថា បច្ចុប្បន្ននេះ បក្សកាន់​អំណាច​កំពុង​ប្រើ​គ្រប់​​ម​ធ្យោ​​បាយរុញច្រា​នបក្សប្រឆាំងកុំឲ្យងើបរួច រីឯបក្សប្រឆាំងវិញកំពុង​ប្រឹង​ងើបឡើង​វិញ​​​​តាម​រយៈការ​​គាំទ្រផ្នែក​ការទូ​​ត ពីក្រុម​​​ប្រ​ទេសលោកសេរី។

ប៉ុន្តែអ្នកវិភាគរូបនេះ ពន្យល់ថា អ្វីដែលអ្នកនយោបាយខ្មែរត្រូវធ្វើ គឺ ការផ្សះផ្សារជាតិ ឈ​រ​លើ​​ស្មា​រតី​​​​​រ​ដ្ឋធម្ម​នុញ្ញ ជំរុញដំណើរការប្រជាធិបតេយ្យ ដើម្បីបញ្ចៀស​ទណ្ឌ​កម្មពី​សហគមន៍​អន្តរជាតិ ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ