នាយក​រដ្ឋ​មន្ត្រី​បង្កើត​គណៈ​បញ្ជាការសន្តិសុខដល់​លោក​ និង​ភរិយានៅ​គេ​ហដ្ឋាន​ទាំង​ពីរ

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស (រូបភាព៖ FN)

លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​សម្រេច​បង្កើត​គណៈបញ្ជាការ ការ​ពារសន្តិសុខ និង​សុវត្ថិភាព​ជូន​លោក និង​ភរិយា​នៅ​ក្នុង​ភូមិសាស្ត្រ​ផ្ទះ​របស់​លោក​នៅក្នុង រាជ​ធានី​ភ្នំពេញ និងខេត្ត​កណ្តាល។

ក្នុង​សេចក្តី​សម្រេច​ចុះថ្ងៃ​ទី​១៦ កក្កដា ដែលVOD ទើប​ទទួល​បាន​ លោក​ ហ៊ុន សែន បាន​តែង​តាំង​អនុរដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិលោក ហ៊ុយ ពិសិដ្ឋ ជា​ប្រធានគណៈ​បញ្ជាការការ​ពារ​សន្តិ​សុខ។

តាមសេចក្តីសម្រេចនេះ លោក ហ៊ុយ ពិសិដ្ឋ មានតួនាទី​​​ដឹក​នាំ ​លោក​ យូ ស៊ុនឡុង លោក ទូច ណារ៉ុថ និង​លោក​ ជួន​ សុវណ្ណ រួម​ទាំង​មេបញ្ជាការ​យោធភូមិភាគ​ពិសេស មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថរាជ​ធានី​ និង​កង​អន្តរាគមន៍​ចំណុះ​បញ្ជាការ​កង​អង្គរក្ស​ផ្សេង​ទៀត។

តាមប្រភពដដែល​ គោលបំណងបង្កើត​គណៈបញ្ជាការនេះដើម្បីត្រៀម​ការ​ពារសន្តិសុខជូន​លោក​ និង​ភរិយាក្នុង​ភូមិសាស្ត្រ​ផ្ទះ​ទី​១​របស់​លោក​ដែល​មាន​ទី​តាំង​នៅ​ក្នុង​ខណ្ឌ​ដូន​ពេញរាជ​ធានីភ្នំពេញ ក្រុម​នេះ​ហៅ​កាត់​ថា​ X2 ។

ក្នុង​សេចក្តីសម្រេច​ដាច់​ដោយ​ឡែក​មួយ​ទៀត​ដែល​ចុះ​ថ្ងៃ​ទី​១៨ កក្កដា ក្រោយគ្នា​តែ២​ថ្ងៃ​បន្ទាប់ពី​​ការ​សម្រេច​បង្កើតក្រុម​ X2  ​លោក ហ៊ុន សែន បាន​សម្រេច​បង្កើតគណបញ្ជាការ​មួយ​ទៀត​ហៅកាត់​ថា​X1 ដែល​គណៈ​បញ្ជាការ​នេះ​ដឹក​នាំ​ដោយ​មេ​កង​អង្គរក្សរបស់​លោកគឺ​លោក ហ៊ីង ប៊ុនហៀង ឲ្យ​​ដឹក​នាំ​លោក យូ ស៊ុនឡុង និង​មេបញ្ជាការ​យោធភូមិភាគ​ពិសេស អភិបាលខេត្ត​កណ្តាល មេបញ្ជា​ការរង​កង​អង្គរក្ស រួម​ទាំង​មេ​បញ្ជាការ​កងរាជ​អាវុធ​ហត្ថខេត្ត​កណ្តាល ស្នងការ​នគរបាល និង​​កងអន្តរាគមន៍​ចំណុះ​បញ្ជា​ការ​កងអង្គរក្សផ្សេងទៀត ដើម្បីត្រៀមការពារសន្តិសុខជូនលោក និងភរិយា​ក្នុង​ភូមិ​សាស្ត្រ​ផ្ទះទី​២របស់​លោក​ដែល​មាន​ទី​តាំង​ក្នុង​ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល។

គណៈបញ្ជាការ​ X1 និង ​X2 នេះ​មាន​តួនាទី​ការ​ពារសន្តិ​សុខ​ សុវត្ថិភាព សណ្តាប់​ធ្នាប់​សាធារណៈនៅ​ជុំ​វិញភូមិគ្រឹះ​លោក ​ហ៊ុន​ សែនទាំង​ពីរ និង​តាម​ផ្លូវ​ធ្វើ​ដំណើរ​របស់​លោក​ និង​ភរិយានៅ​តាម​ភូមិសាស្ត្រខេត្ត​ និង​រាជ​ធានី​ទាំង​ពី​រ​​ដែល​អ្នក​ទាំង​ពីរ​ទៅ ជា​ពិសេស​គណៈ​បញ្ជាការ​នេះត្រូវ​ដោះ​ស្រាយ​ និង​ទប់​ស្កាត់​នូវ​រាល់​បញ្ហា​ដែល​កើត​មាន​ជា​យថាហេតុដូចជា​បាតុកម្ម កូដកម្ម ឬ​ការ​តវ៉ា​ផ្សេងៗ​ នៅ​មុខ និង​ជុំ​វិញ​ផ្ទះ​របស់​លោក។

បើ​ពិនិត្យ​មើល​ថ្ងៃ​ដែល​លោក​ ហ៊ុន សែន ​បង្កើត​គណៈ​បញ្ជាការ​ទាំង​ពីរ​នេះគឺ​ធ្វើ​ឡើង​តែជាង​មួយ​​សប្តាហ៍មុន​ថ្ងៃ​បោះឆ្នោត២៩ កក្កដា ប៉ុណ្ណោះ។

មេបញ្ជាការកងអង្គរក្សលោក ហ៊ុន សែន គឺនាយឧត្តមសេនីយ៍ហ៊ីង ប៊ុនហៀង បានបញ្ជាក់យ៉ាងខ្លីប្រាប់​វី.អូ.ឌី​ ថាការបង្កើតនេះគឺគ្រាន់តែដើម្បីការពារសន្តិសុខប៉ុណ្ណោះគ្មានគោលបំណងអ្វីផ្សេងនោះទេ។

បង្កើតគណៈបញ្ជាការដើម្បីការពារសន្តិសុខហ្នឹងណា! មានរឿងអី! បង្កើតដើម្បីការពារសន្តិសុខហ្នឹង គ្រាន់ប៉ុនហ្នឹងក៏សួរដែរអាប្អូនហ្ហា!

នាយឧត្តមសេនីយ៍ហ៊ីង ប៊ុនហៀង

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេងកញ្ញា លី ស្រីស្រស់ យល់​ថា​ការបង្កើត​គណៈ​បញ្ជាការ​ឲ្យ​ការពារជុំ​វិញ​ផ្ទះ​លោក​ហ៊ុន សែន នេះក៏​អាច​ជា​ចំណែក​មួយ​នៃ​ការ​ភ័យ​ខ្លាច​របស់​លោក​ហ៊ុន សែន ទៅ​លើ​ឥទ្ធិ​ពល​នៃ​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិក្នុង​អំឡុង​ពេល​​បោះឆ្នោតដែល​នៅពេល​នោះ​ស្ថាន​ការណ៍​ហាក់​បាន​កើន​កម្តៅ​ខ្លាំង​។ កញ្ញាបាន​បង្ហាញ​ក្តី​បារម្ភពី​ការ​ចំណាយ​ដ៏​ច្រើន​ទៅ​លើ​កង​អង្គរក្សទាំង​នេះដែល​កញ្ញា​យល់​ថា​មិនមាន​ការ​ចាំ​បាច់​ណា​មួយ​ទាល់​តែ​សោះ​នោះ។

ខ្ញុំ​មើល​ឃើញ​ថា​ជា​ការ​រៀប​ចំ​ទុក​មួយ​ប្រសិន​ជា​មានប្រជា​ពល​រដ្ឋធ្វើការ​តវ៉ា​ទៅ​នឹង​ការ​បោះឆ្នោត ក៏ដូច​ជា​ការ​តវ៉ា​ឬ​ចាប់​សកម្ម​ជន​បក្ស​ប្រឆាំង​អី​ផ្សេង​ៗ​ហ្នឹង! បើ​សិន​ជា​មាន​ករណី​ហ្នឹង​កើត​ឡើង​បាន​ន័យ​ថា​គាត់​អាច​មាន​Unitណា​មួយ។ បាន​ន័យ​ថា​ក្រុម​ឬ​ស្ថាន​ភាព​ណា​មួយ​ដែល​អាច​ការ​ពារគាត់​បន្ថែម មិន​មែន​ការ​ពារ​គឺ​គ្រាន់​តែ​ការ​ពារ​បន្ថែម​ពីព្រោះ​គាត់​មានកង​អង្គរក្សជា​ច្រើន​រួច​ទៅ​ហើយ តែ​ការ​បង្កើត​នេះ​គឺ​គ្រាន់​តែ​បន្ថែម​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​សុវត្ថិភាព​របស់​គាត់​ និង​ក្រុម​គ្រួសារ​គាត់​ហ្នឹងវាស្ថិត​ក្នុង​កម្រិត​មួយ​ដែល​អាច​ទទួល​យក​បាន

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេងកញ្ញា លី ស្រីស្រស់

កាល​ពី​ខែ​តុលា ឆ្នាំ​២០១៧ ស្រប​ពេល​ដែល​ស្ថាន​ការណ៍​នយោបាយ​ហាក់​កើន​ឡើង​កម្តៅដែល​នោះ ​រដ្ឋាភិបាលកម្ពុជា បាន​សម្រេចបង្កើត​ក្រុម​ការ​ងារ​ចុះ​រៀប​ចំ​កិច្ច​ការ​សន្តិ​សុខ សុវត្ថិភាព ជូន​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា ​នៅ​គ្រប់​គោល​ដៅ​ ដែល​អ្នក​ទាំងពីរ​អញ្ជើ​ញ​ចូល​រួម​ប្រារព្ធពិធីនានា ​ក្នុង​ព្រះ​រាជាណា​ចក្រ​កម្ពុជា ដោយ​ថា​​ជា​តម្រូវ​ការ​ចាំ​បាច់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ