ក្រសួងនឹងចាប់ផ្តើមដោះស្រាយបណ្តឹងសិស្សប្រលងបាក់ឌុបឆ្នាំនេះនៅថ្ងៃស្អែក

សម័យប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមី ថ្ងៃទី ២០ សីហា ២០១៨ (រូបភាព៖ ហ្វេសប៊ុក ក្រសួងអប់រំ)

ក្រសួងអប់រំ យុវជន និងកីឡានឹងបង្កើតគណកម្មការដោះស្រាយបណ្តឹងនៅថ្ងៃស្អែកនេះ បន្ទាប់ពីបេក្ខជនមួយចំនួន​ មិនសុខចិត្តនឹងលទ្ធផលប្រឡងបាក់ឌុបលើវិញ្ញាសារគណិតវិទ្យា។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក ឌី ខាំបូលី ប្រាប់ VOD នៅព្រឹកនេះ ថាក្រសួងទទួលពាក្យបណ្តឹងពីសិស្សតាំងពីម្សិលមិញនិងកំពុងរៀបចំបង្កើតគណកម្មការកោសល្យវិច្ច័យធ្វើការដោះស្រាយបណ្តឹងចាប់ពីថ្ងៃស្អែកតទៅ​។

បាទ! ក្រសួងចាប់ផ្តើមទទួលពាក្យបណ្តឹងរបស់សិស្សតាំងពីម្សិលមិញ ហើយរហូតមកដល់ពេលនេះយើងទទួលបានជាង២០០ពាក្យបណ្តឹងរួចមកហើយ។ ហើយដំណាក់កាលបន្តគឺថាក្រសួងបន្ទាប់ពីទទួលពាក្យបណ្តឹងហ្នឹងហើយ យើងនឹងបង្កើតជាគណកម្មការកោសល្យវិច្ច័យមួយដើម្បីពិនិត្យមើលទៅលើពាក្យបណ្តឹងទាំងអស់ហ្នឹង។ ហើយនឹងដោះស្រាយទៅតាមពាក្យបណ្តឹងដែលសិស្សដាក់មក។ ថ្ងៃស្អែកគឺថាក្រសួងនឹងបង្កើតគណកម្មការកោសល្យវិច្ច័យ ហើយនឹងចាប់ផ្តើមដោះស្រាយពីថ្ងៃស្អែកហ្នឹងតទៅបាទ!

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក ឌី ខាំបូលី

លោក ឌី ខាំបូលី បន្តថាក្រសួងនៅមិនទាន់អាចប្រាប់បានពីលទ្ធផលនៅពេលណានៅឡើយទេ ប៉ុន្តែលោកថានឹងខិតខំដោះស្រាយការងារនេះ។​

នៅពេលសួរថាតើនឹងអន្តរាគមន៍សុំពន្យារពេលកាលបិច្ឆេទទទួលពាក្យចូលរៀននៅសកលឬមហាវិទ្យាល័យឬកម្មវិធីអារូបករណ៍ទេ? អ្នកនាំពាក្យរូបនេះថានៅមិនទាន់មានគោលការណ៍តែនឹងពិ​និត្យតាមលទ្ធភាពនិងអាចធ្វើតាមការស្នើសុំ។

ទីប្រឹក្សាសមាគមគ្រូបង្រៀនឯករាជ្យ លោក រ៉ុង ឈុន កោតសរសើរសេចក្តីក្លាហានរបស់សិស្សដែលមកតវ៉ាករណីនេះនិងសាទរចំពោះការខិតខំដោះស្រាយរបស់ក្រសួង តែទោះជាយ៉ាងណាលោកជឿថាបញ្ហានេះបណ្តាលមកពីកំហុសបច្ចេកទេស។

យើងមិនទាន់វាយតម្លៃថាកំហុសមកពីបញ្ហាអ្វីទេ ប៉ុន្តែបើយើងមើលទៅអាចថាការបញ្ចូលឬស្រង់ពិន្ទុហ្នឹងវាអាចខុសបច្ចេកទេសអីណាមួយហើយ។ ក្រសួងត្រូវតែពិនិត្យមើល ផ្ទៀងផ្ទាត់ហើយបង្ហាញទៅដល់ការទាមទារដូចដែល ប្អូនៗបានធ្វើ។​ ហើយក្នុងនាមសមាគមយើងសូមកោតសរសើរនូវទឹកចិត្តនិងសេចក្តីក្លាហានរបស់ ប្អូនៗសិក្សានុសិស្សហ្នឹងណាបាទ!

ទីប្រក្សាសមាគមគ្រូបង្រៀនឯករាជ្យ លោក រ៉ុង ឈុន

បេក្ខជនមកពីខេត្តកំពតដែលបានដាក់ពាក្យបណ្តឹងសើរើ និងរង់ចាំដំណោះស្រាយនៅមុខក្រសួងអប់រំជាមួយសិស្សដទៃ ហើយអះអាងថាខ្លួនជាសិស្សពូកែធ្លាប់ជាប់ជ័យលាភីមេដាយមាស ប្រាក់ និងសំរិទ្ធិលើវិញ្ញាសារគណិតវិទ្យាទាំងក្នុងនិងក្រៅប្រទេស ជឿជាក់ថាខ្លួនមិនអាចទទួលលទ្ធផលវិញ្ញាសារគណិតវិទ្យាត្រឹមនិទ្ទេស F ដូចលទ្ធផលប្រឡងកាលពីចុងសប្តាហ៍នេះទេ។  យុសិស្ស ឆាយ លីអាន ប្រាប់ VODថា ខ្លួនសំណូមពរឲ្យក្រសួងដោះស្រាយឲ្យបានឆាប់ដើម្បីបានដាក់ពាក្យសិក្សាបន្ត។

ខ្ញុំចង់ឲ្យក្រសួងសើរើក្នុងអាទិត្យនេះម៉ងព្រោះតាមរយៈការផុសរបស់ក្រសួងហ្នឹងគឺថាឲ្យដកសញ្ញាប័ត្របណ្តោះអាសន្ននៅថ្ងៃ១៨ អញ្ចឹងទៅបើកាលណាដកសញ្ញាប័ត្របណ្តោះអាសន្នមានន័យថាសិស្សទាំងអស់ទទួលតាមនិទ្ទេសដែលក្រសួងបានផ្សាយហ្នឹងហើយ។ អញ្ចឹងអត់ទាន់មានការដោះស្រាយផងបែរជាក្រសួងចង់បញ្ចេញសញ្ញាប័ត្របណ្តោះអាសន្នទៅវិញ ចឹងទៅសុំស្នើឲ្យដោះស្រាយនៅក្នុងអាទិត្យនេះឲ្យហើយលឿនបំផុតបង!

យុសិស្ស ឆាយ លីអាន មកពីខេត្តកំពត

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាសនៅមុនការរវ៉ារបស់បេក្ខជនថា សិស្សប្រឡងជាប់បាក់ឌុបនៅឆ្នាំនេះ មានការកើនឡើងជាងឆ្នាំមុន ពោលគឺសិស្សប្រឡងជាប់មានចំនួនជាង៦៦ភាគរយ ប៉ុន្តែចំនួន​សិស្ស​ទទួល​បាន​និទ្ទេស A បាន​ថយ​ចុះដល់​ទៅ​ជាង ៣០​ភាគរយ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ