FAO៖ មនុស្ស​ពេញវ័យ​ដែលលើសទម្ងន់​មាន​ការកើនឡើងនៅលើ​ពិភព​លោក​

ការបរិភោគអាហារដែលមានជាតិខ្លាញ់ និងជាតិស្ករខ្ពស់ (រូបភាព៖ វេបសាយបរទេស)

របាយការណ៍សិក្សាស្រាវជ្រាវមួយ បង្ហាញ​ថា​មនុស្សពេញវ័យ​ដែលលើសទំងន់មានការកើនឡើងជាបន្តបន្ទាប់​។

របាយ​ការណ៍​ប្រចាំឆ្នាំ២០១៨របស់អង្គការស្បៀងអាហារ​និងកសិកម្ម ហៅកាត់ថា FAO​ ​ ស្តីពីស្ថានភាពសន្តិសុខស្បៀងអាហារនិង​ និង​អាហារូបត្ថម្ភ​លើពិភពលោកចេញផ្សាយកាលពីម្សិលមិញបង្ហាញ ថា​ស្ថានភាព​របស់មនុស្សពេញ​វ័យ​ដែល​លើសទម្ងន់មានការកើនឡើងជារៀងរាល់ឆ្នាំ។​

តាមរបាយការណ៍ដដែល​នេះ ​មនុស្សពេញវ័យ​ដែលលើសទម្ងន់​មានការកើនឡើងពី​១១,៧ភាគយ​នៅឆ្នាំ​២០១២ រហូតដល់​១៣,២ភាគយ​នៅឆ្នាំ​២០១៦ ដែលមានន័យ​ថា​មនុស្ស​ពេញវ័យ​ប្រមាណជា​​៦៧២,៣លាននាក់​កំពុងប្រឈមនឹងការលើសទម្ងន់​។ ប្រភពដដែលក៏បានបញ្ជាក់បន្ថែម​ថា ក្នុង​ចំណោមមនុស្សពេញវ័យ​៨នាក់លើសពីម្នាក់កំពុង​ជួបបញ្ហានេះ។

តាមរបាយការណ៍​របស់អង្គការស្បៀងអាហារ​និងកសិកម្ម​ មូលហេតុ​ដែល​បណ្ដាលឲ្យ​មនុស្សពេញវ័យ​ដែលលើសទម្ងន់​មានកាន់​តែច្រើននោះគឺលទ្ធភាពក្នុងការទទួលបាន​នូវអាហារ​ដែល​ល្អចំពោះសុខភាពនៅមាន​កម្រិតនៅឡើយ​។

ប្រភពខាងលើ បានបញ្ជាក់បន្ថែម​ថានៅក្នុងទីផ្សារ​សកលអាហារដែល​មាន​មានជាតិខ្លាញ់និងជាតិស្កខ្ពស់មានតម្លៃថោក​បើប្រៀបធៀបទៅនឹងអាហារដែលមាន​មាន​ជីវជាតិដូចជាបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិស្រស់ៗ។ ដូច្នេះសម្រាប់​​គ្រួសារមួយចំនួន​ដែលមាន​ខ្ទង់ចំណាយលើម្ហូបអាហារ​​តិច​ជ្រើសរើស​យក​អាហារ​ដែល​ជាតិខ្លាញ់ខ្ពស់ព្រោះ​តែវាមាន​តម្លៃសមរម្យ​ហើយ​អាចរកបាន​ងាយ​។

ប្រភពដដែលនេះក៏បានបញ្ជាក់ផងដែរ​ អសន្តិសុខ​ស្បៀងអាហារ​ក៏ជាផ្នែកមួយដ៏សំខាន់ដែល​ធ្វើឲ្យ​មនុស្ស​ឡើងទម្ងន់ផងដែរ។ នៅពេល​ដែលមាន​បញ្ហាសន្តិ​សុខ​ស្បៀងអាហារ មនុស្ស​ចាប់​ផ្ដើម​មានភាពតានតឹងហើយ​ធ្វើឲ្យឥរិយាបថក្នុងការទទួលទានក៏មាន​ការប្រែប្រួល​ដូចគ្នា។

យោងរបាយការណ៍​របស់អង្គការស្បៀងអាហារ​និងកសិកម្មដដែល​ មនុស្សពេញវ័យដែលលើសទម្ងន់ មានច្រើន​នៅទ្វីប​អាមេរិក​ខាងជើង ហើយនិន្នាការនេះកំពុងតែកើនឡើងផងដែរ​នៅទ្វីបអាស៊ីនិង​អាព្រិច។

អង្គការស្បៀងអាហារ​និងកសិកម្ម អំពាវនាវឱ្យមានការអនុវត្តនិងពង្រីកកិច្ចអន្តរាគម​ដើម្បី​ ធានាពី​ការទទួលបានអាហារដែលមាន​ជីវជាតិ និងត្រូវលុបបំបាត់ឲ្យបាន​នូវកង្វះអាហារូបត្ថម្ភ។

ស្ថាប័នពាក់ព័ន្ធត្រូវអនុវត្តគោលនយោបាយនានាដោយយកចិត្តទុកដាក់ជាពិសេសចំពោះក្រុមមនុស្ស​ដែលងាយទទួលរងផលវិបាកពីការទទួលបានអាហារមិនគ្រប់គ្រាន់ដូចជា: ទារកកុមារអាយុក្រោម ៥ ឆ្នាំ ក្មេងៗនៅសាលា ក្មេងស្រីជំទង់ និងស្ត្រី។

ទន្ទឹមនឹងនេះការផ្លាស់ប្តូរប្រកបដោយនិរន្តរភាពចំពោះវិស័យកសិកម្មនិងប្រព័ន្ធម្ហូបអាហារ ត្រូវតែធ្វើ​ដើម្បី​ផ្តល់នូវអាហារដែល​មានសុវត្ថិភាពនិងមានគុណភាពខ្ពស់សម្រាប់មនុស្សជាតិ​ទូទៅ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ