លោក Beat Richner កើតនៅក្នុងនៅទីក្រុងហ៊្សូរីច ប្រទេសស្វីស នៅឆ្នាំ១៩៤៧។ លោកជានិស្សិតពេទ្យបានបញ្ខប់ការសិក្សានៅក្នុងឆ្នាំ១៩៧៣ ហើយបានក្លាយជាវេជ្ជបណ្ឌិតជំនាញផ្នែកកុមារនៅក្នុងមន្ទីរពេទ្យកុមារនៅទីក្រុង ហ្សូរ៊ីច។ អំឡុងពេលដែលលោកកំពុងតែបន្តអាជីពជាវេជ្ជបណ្ឌិតលោកក៏ជាអ្នកសិល្បៈលេងតន្រ្តីវីយូឡុងសែល(cello)ម្នាក់ផងដែរ លោកតែងតែសម្តែងមានទេពកោសល្យ ថ្លុកកំប្លែងសំរាប់ក្មេងៗនាសម័យទស្សវតន៍៧០នោះ ហើយហៅលោកថា Beatocello។
លោក Beat Richner បានមកជាន់ទឹកដីកម្ពុជាដំបូងកាលពីឆ្នាំ១៩៧៤ មកម្លេះ ដោយលោកត្រូវបានកាកបាទក្រហមស្វីសបញ្ជូនអោយមកធ្វើការនៅក្នុងមន្ទីរពេទ្យកុមារគន្ធបុប្ផា ហើយបន្ទាប់មកលោកក៏ត្រូវបង្ខំអោយត្រលប់ទៅកាន់តំណែងដើមនៅប្រទេសស្វីសវិញដោយសារកម្ពុជាធ្លាក់ក្នុងសង្គ្រាមនៅឆ្នាំ១៩៧៥។
បន្ទាប់ពីសង្គ្រាមស៊ីវិលបានបញ្ចប់ទៅ ព្រះមហាក្សត្រសម្តេចព្រះនរោត្តមព្រះសីហនុ បានស្នើអោយលោក Beat Richner មកសាងសង់មន្ទីរពេទ្យគន្ធបុប្ផាឡើងវិញ ក្រោយការបំផ្លាញដោយខ្មែរក្រហម។ គ្រានេះគឺជាការផ្លាស់ប្តូរនៃជីវិតរបស់លោក ដោយសារតែលោកទទួលនៅសំណើ ហើយលោកក៏បានត្រលប់មកកម្ពុជាវិញនៅឆ្នាំ១៩៩២ និងបង្កើតមន្ទីរពេទ្យដំបូងគឺគន្ធបុប្ផា១។
មន្ទីរពេទ្យគន្ធបុប្ផាគឺជាមន្ទីរពេទ្យដែលទទួលការព្យាបាលជំងីកុមារដោយឥតគិតថ្លៃ។ នៅក្នុងរយៈពេលជាង ២៦ឆ្នាំមកនេះ លោកវេជ្ជបណ្ឌិត Beat Richner បានពង្រីកសាខាមន្ទីរពេទ្យគន្ធបុប្ផារហូតដល់ ៥កន្លែងទាំងនៅភ្នំពេញ និងខេត្តសៀមរាប។
បើការសាងសង់មន្ទីរពេទ្យនិងការពិនិត្យជំងឹដោយឥតគិតថ្លៃ តើប្រាក់ទាំងនេះលោកបានមកពីណាខ្លះ?
តាំងពីឆ្នាំ១៩៩២មក មន្ទីរពេទ្យមួយនេះបានទទួលបានជំនួយ៣,២% ពីរដ្ឋាភិបាលកម្ពុជាហើយ ៤,៣% ពីរដ្ឋាភិបាលស្វីស ចំណែកឯ៩២,៥%ផ្សេងទៀតគឺបានមកពីការបរិច្ចាគនានា លើសពីនេះ លោកក៏បានប្រគុំតន្រ្តីសប្បុរសធម៌ដើម្បីយកប្រាក់មកឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។
បើតាមការចុះផ្សាយកាលពីថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០១៨របស់សារព័ត៌មានអនឡាញក្នុងស្រុករបស់ប្រទេសស្វីស -អាល្លឺម៉ង់ NZZ NEWS បានអោយដឹង លោក Beat Rinchner មានកេរ្តិ៍សព្ទល្បីល្បាញដែលការងារ របស់លោកត្រូវ បានគេទទួលស្គាល់ទូទាំងពិភពលោក។
ប្រភពដដែលបានអោយដឹងថាលោក Beat Richner បានទទួលនូវពានរង្វាន់មួយចំនួនមានដូចជា ពានរង្វាន់ Max Petitpierre នៅឆ្នាំ១៩៩៣ ពានរង្វាន់ Adele Duttweiler ក្នុងឆ្នាំ ១៩៩៣ ពានរង្វាន់ Guido Fanconi ក្នុងឆ្នាំ ១៩៩៥ ដែលសម្គាល់ពីសេវាវេជ្ជសាស្រ្តពិសេស។ នៅឆ្នាំ ១៩៩៨ និង ២00២ លោកបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសថ្នាក់បណ្ឌិតពីសកលវិទ្យាល័យ Lausanne និង Zurich ។
លោក Denis Laurrent ជានាយកប្រតិបត្តិរបស់មន្ទីរពេទ្យគន្ធបុប្ផាបានប្រាប់វីអូឌីអោយដឹងតាមសារទូរស័ព្ទថា លោកBeatocello បានលះបង់នឹងប្រើប្រាស់ពេលចុងក្រោយជាង២៥ឆ្នាំរបស់លោកដើម្បីសង្គ្រោះកុមារ ក្នុងប្រទេសកម្ពុជា។ រយៈពេល៣ឆ្នាំមុនការស្លាប់របស់ខ្លួនលោកបានរៀបចំអ្វីៗទាំងអស់ រួចហើយដោយក្នុងហេតុការណាមួយលោកមិនអាចធ្វើការបន្តទៀតបាន ដោយក្តីស្រមៃរបស់លោកគឺចង់អោយមន្ទីរពេទ្យគន្ធបុប្ផានៅតែដំណើរការដោយគ្មានគាត់។
ចាប់តាំងពីឆ្នាំ១៩៩២មក ទឹកប្រាក់ជាង៧០០លានដុល្លារបានចំណាយលើមន្ទីរពេទ្យកុមារគន្ធបុប្ផា ជាមួយនឹងការព្យាបាលកុមារ ១,៧លាននាក់ និងការពិគ្រោះយោបល់ចំនួន១៣,៥លានករណី។
ពាក្យចុងក្រោយរបស់លោក Beat Richner គឺ៖ «កុមារទាំងអស់មានសិទ្ធិក្នុងការទទួលការព្យាបាលដ៏ល្អបំផុតនិងដោយឥតគិតថ្លៃ ទាំងនៅហ្សូរ៊ិច និងក្នុងប្រទេសកម្ពុជា»។ នេះ បើតាមលោក Denis Laurrent។