អតីតបុគ្គលិកវិទ្យុអាស៊ីសេរី២រូបស្នើតុលាការកំពូលទម្លាក់បទចោទ

អតីតបុគ្គលិកវិទ្យុអាស៊ីសេរី លោក យាង សុធារិន្ទ និង លោក អ៊ួន ឈិន

អតីតអ្នកសាព័ត៌មានវិទ្យុអាស៊ីសេរីពីរនាក់ ដែលទើបតែត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ស្នើទៅតុលាការជាន់ខ្ពស់​ទម្លាក់បទចោទ ដើម្បីឲ្យមានសេរីភាពប្រកបមុខ​របរចិញ្ចឹមគ្រួសារ​ដូចដើមវិញ។

ក្រោយពីសវនាការនៅតុលាការកំពូលនាព្រឹកនេះ អតីតបុគ្គលិកវិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រៅរបងតុលាការថា ចៅក្រម និងព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ​កន្លងមក​ សម្រេចឃុំខ្លួន ​ និង​​ចោទប្រកាន់រូបលោកដោយអយុត្តិធម៌ នឹងរំលោភលើ​នីតិវិធីច្បាប់​។ ករណីនេះលោកស្នើទៅចៅក្រមជំនុំជំរះតុលាការកំពូលទម្លាក់បទចោទទាំងអស់ ដើម្បីឲ្យលោកមានសេរីភាពពេញលេញ រកប្រាក់ជួយគ្រួសារ។

អតីតបុគ្គលិកវិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន
បើមោឃៈភាពនីតិវិធី បានន័យថា រឿង​រ៉ាវត្រូវ​បញ្ចប់ ហើយដើម្បីឲ្យយើងមានសេរីភាព មានសិទ្ធិគ្រប់គ្រាន់ក្នុងការដើរ ក្នុង​ការរកស៊ី ព្រោះដឹងស្រាប់ហើយ ពេលខ្ញុំជាប់ឃុំ៩ខែ៧ថ្ងៃ យើងខាតពេលវេលា ខាតលុយ គ្រួសារចំណាយ​រហូតដល់គុណ៤ទៅ៥ដង

អតីតបុគ្គលិកវិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន

ចំណែក លោក យាង សុធារិន្ទ រៀបរាប់ថា អំឡុងពេលលោកជាប់ពន្ធនាគារធ្វើឲ្យជួបបញ្ហាប្រឈមច្រើន ដូចជា បញ្ហាសុខភាព ខាតពេលវេលា ថវិកា ប៉ះពាល់ផ្លូវ​កាយ ផ្លូវ​ចិត្ត និងបែកបាក់គ្រួសារជាដើម។

លោក សុធារិន្ទ អះអាងថា​ បើតុលាការកំពូលសម្រេច​សេចក្តីដោយឈរលើគោលការណ៍ឯករាជ្យ នឹង  ផ្តល់​យុត្តិធម៌ជូនពួកគេឲ្យរួច​ផុតពីបទចោទ នឹង​មានសេរីភាពពេញលេញដូច​ដើមវិញ។

អតីតបុគ្គលិកវិទ្យុអាស៊ីសេរី លោក យាង សុធារិន្ទ
នៅក្នុងសវនាការអ្វីដែលសំខាន់នោះ គឺការបង្ហាញនូវភស្តុតាង ការបង្ហាញនូវ​ព័ត៌មានដែលអាច​យកជាការសម្រាប់ តុលាការសម្រេច​បាន ខាងមេធាវីរបស់យើង គឺគាត់មានឯកសារ​គ្រប់គ្រាន់​ទាំងអស់ ខ្ញុំនៅតែមានជំនឿថា តុលាការកំពូលសម្រេច​ជាវិជ្ជមានសម្រាប់ករណីយើងខ្ញុំទាំងពីរនាក់

អតីតបុគ្គលិកវិទ្យុអាស៊ីសេរី លោក យាង សុធារិន្ទ

មេធាវីការពារក្តីអតីតបុគ្គលិកវិទ្យអាស៊ីសេរីទាំងពីរ មានប្រសាសន៍ថា ដើមចមដែលនាំឲ្យកូនក្តីនិងលោក ស្នើទៅតុលាការកំពូល​ទម្លាក់បទចោទលើកូនក្តី ដោយសារពួកគេមិនបានធ្វើខុសដូចការចោទប្រកាន់ ហើយតុលាការសម្រេច​ឃុំខ្លួនកូនក្តី​កន្លងទៅ លើសម៉ោងកំណត់ ផ្ទុយពីច្បាប់ជាដើម។

អតីតបុគ្គលិកវិទ្យុអាស៊ីសេរី លោក យាង សុធារិន្ទ (ឆ្វេង) លោក កែវ វ៉ាន្នី (កណ្ដាល) និង លោក អ៊ួន ឈិន (ស្ដាំ)

លោកមេធាវីពន្យល់នីតិវិធីច្បាប់ដូចនេះ​ថា

ជាគោលការច្បាប់គេអនុញាតឲ្យគាត់ឃាត់ត្រឹមតែ៤៨ម៉ោង​ ផុតពីហ្នឹងត្រូវ​បញ្ជូនមក​ព្រះរាជអាជ្ញា ជាក់ស្តែងក្នុងរឿងក្តីនេះ គាត់ឃាត់រហូត​ដ៏លើសសរុប ៦០ម៉ោងជាង ៥០ម៉ោងជាង ម្នាក់ៗលើស២០ម៉ោង លើស១៨ម៉ោងជាង ដោយគ្មានការលាយលណ្ឌអក្សរពីព្រះរាជអាជ្ញា

មេធាវីការពារក្តីអតីតបុគ្គលិកវិទ្យអាស៊ីសេរីទាំងពីរ លោក កែវ វ៉ាន្នី

ទោះជាយ៉ាងណា នៅក្នុង​អង្គសវនាការថ្ងៃនេះ អគ្គព្រះរាជអាជ្ញាតុលាការកំពូល លោក អ៊ុក គឹមសិទ្ធិ  ស្នើទៅប្រធានក្រុមប្រឹក្សាជុំនុំជម្រះរក្សាបទចោទលើអតីតបុគ្គិលវិទ្យុអាស៊ីសេរីទាំងពីររូបដដែល ដោយថាការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ធ្វើឡើងស្របតាមនីតិវិធីច្បាប់។

ក្រោយពីតតាំងក្តីគ្នាទៅវិញទៅមក ចៅក្រមជំនុំជំរះ លោក គង់ ស្រ៊ីម ប្រកាសថា  សាលដីកាសម្រេចលើសំណុំរឿងនេះ នឹងប្រកាសនៅថ្ងៃទី១៧ខែកញ្ញា វេលាម៉ោង៨ព្រឹក។​​

លោក អួន ឈិន និង​​លោក យាង សុធារិន្ទ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧ ​ហើយ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ថា បាន​លួច​ផលិត​ព័ត៌មាន​ពី​ប្រទេស​កម្ពុជា​ទៅ​ឲ្យ​បរទេស ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ​ជាតិ៕​

តុលាការកំពូលនឹងប្រកាសសាលក្រម បណ្តឹងសុំទម្លាក់បទចោទ

តុលាការ​កំពូល​នឹង​ប្រកាស​សាល​ក្រម បណ្តឹង​សុំ​ទម្លាក់​បទចោទ លើអតិត​អ្នកសារ​ព័ត៌​មានវិទ្យុ​អាស៊ី​សេរី នៅ​ដើម​សប្តាហ៍​ក្រោយ
————–
នៅព្រឹក​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ តុលាការ​កំពូល បានបើក​សវនាការលើ​បណ្តឹង​សុំទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ របស់​អតិត​អ្នកសារព័ត៌​មានវិទ្យុអាស៊ីសេរី ចំនួន ២ នាក់ កឺលោក អ៊ួន ឈិន និងលោក យាង សុធារិន ដែល​ត្រូវ​បាន​ចាប់ និង​ឃុំខ្លួន​ដោយ​អាជ្ញាធរ​រាជធានីភ្នំ​ពេញ​អស់​ពេល​ជាង ៩ ។ បន្ទាប់​ពីសវនាការ​លើ​បណ្តឹង​នេះ​ចប់ តុលាការ​បាន​សម្រេច​នឹង​ប្រកាស​សាលក្រម​នៅ​ថ្ងៃចន្ទ ទី១៧ ខែកញ្ញា សប្តាហ៍​ក្រោយ​នេះ។

Posted by VodHotNews.com on Tuesday, September 11, 2018

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ