របាយការណ៍សិក្សាស្រាវជ្រាវមួយ បង្ហាញថាមនុស្សពេញវ័យដែលលើសទំងន់មានការកើនឡើងជាបន្តបន្ទាប់។
របាយការណ៍ប្រចាំឆ្នាំ២០១៨របស់អង្គការស្បៀងអាហារនិងកសិកម្ម ហៅកាត់ថា FAO ស្តីពីស្ថានភាពសន្តិសុខស្បៀងអាហារនិង និងអាហារូបត្ថម្ភលើពិភពលោកចេញផ្សាយកាលពីម្សិលមិញបង្ហាញ ថាស្ថានភាពរបស់មនុស្សពេញវ័យដែលលើសទម្ងន់មានការកើនឡើងជារៀងរាល់ឆ្នាំ។
តាមរបាយការណ៍ដដែលនេះ មនុស្សពេញវ័យដែលលើសទម្ងន់មានការកើនឡើងពី១១,៧ភាគយនៅឆ្នាំ២០១២ រហូតដល់១៣,២ភាគយនៅឆ្នាំ២០១៦ ដែលមានន័យថាមនុស្សពេញវ័យប្រមាណជា៦៧២,៣លាននាក់កំពុងប្រឈមនឹងការលើសទម្ងន់។ ប្រភពដដែលក៏បានបញ្ជាក់បន្ថែមថា ក្នុងចំណោមមនុស្សពេញវ័យ៨នាក់លើសពីម្នាក់កំពុងជួបបញ្ហានេះ។
តាមរបាយការណ៍របស់អង្គការស្បៀងអាហារនិងកសិកម្ម មូលហេតុដែលបណ្ដាលឲ្យមនុស្សពេញវ័យដែលលើសទម្ងន់មានកាន់តែច្រើននោះគឺលទ្ធភាពក្នុងការទទួលបាននូវអាហារដែលល្អចំពោះសុខភាពនៅមានកម្រិតនៅឡើយ។
ប្រភពខាងលើ បានបញ្ជាក់បន្ថែមថានៅក្នុងទីផ្សារសកលអាហារដែលមានមានជាតិខ្លាញ់និងជាតិស្កខ្ពស់មានតម្លៃថោកបើប្រៀបធៀបទៅនឹងអាហារដែលមានមានជីវជាតិដូចជាបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិស្រស់ៗ។ ដូច្នេះសម្រាប់គ្រួសារមួយចំនួនដែលមានខ្ទង់ចំណាយលើម្ហូបអាហារតិចជ្រើសរើសយកអាហារដែលជាតិខ្លាញ់ខ្ពស់ព្រោះតែវាមានតម្លៃសមរម្យហើយអាចរកបានងាយ។
ប្រភពដដែលនេះក៏បានបញ្ជាក់ផងដែរ អសន្តិសុខស្បៀងអាហារក៏ជាផ្នែកមួយដ៏សំខាន់ដែលធ្វើឲ្យមនុស្សឡើងទម្ងន់ផងដែរ។ នៅពេលដែលមានបញ្ហាសន្តិសុខស្បៀងអាហារ មនុស្សចាប់ផ្ដើមមានភាពតានតឹងហើយធ្វើឲ្យឥរិយាបថក្នុងការទទួលទានក៏មានការប្រែប្រួលដូចគ្នា។
យោងរបាយការណ៍របស់អង្គការស្បៀងអាហារនិងកសិកម្មដដែល មនុស្សពេញវ័យដែលលើសទម្ងន់ មានច្រើននៅទ្វីបអាមេរិកខាងជើង ហើយនិន្នាការនេះកំពុងតែកើនឡើងផងដែរនៅទ្វីបអាស៊ីនិងអាព្រិច។
អង្គការស្បៀងអាហារនិងកសិកម្ម អំពាវនាវឱ្យមានការអនុវត្តនិងពង្រីកកិច្ចអន្តរាគមដើម្បី ធានាពីការទទួលបានអាហារដែលមានជីវជាតិ និងត្រូវលុបបំបាត់ឲ្យបាននូវកង្វះអាហារូបត្ថម្ភ។
ស្ថាប័នពាក់ព័ន្ធត្រូវអនុវត្តគោលនយោបាយនានាដោយយកចិត្តទុកដាក់ជាពិសេសចំពោះក្រុមមនុស្សដែលងាយទទួលរងផលវិបាកពីការទទួលបានអាហារមិនគ្រប់គ្រាន់ដូចជា: ទារកកុមារអាយុក្រោម ៥ ឆ្នាំ ក្មេងៗនៅសាលា ក្មេងស្រីជំទង់ និងស្ត្រី។
ទន្ទឹមនឹងនេះការផ្លាស់ប្តូរប្រកបដោយនិរន្តរភាពចំពោះវិស័យកសិកម្មនិងប្រព័ន្ធម្ហូបអាហារ ត្រូវតែធ្វើដើម្បីផ្តល់នូវអាហារដែលមានសុវត្ថិភាពនិងមានគុណភាពខ្ពស់សម្រាប់មនុស្សជាតិទូទៅ៕