អ្នកមានជម្លោះដីធ្លីមកពីស្វាយរៀងបារម្ភក្រោយតវ៉ានៅភ្នំពេញហើយមេប៉ុស្តិ៍ប្រមូលឈ្មោះ​

ប្រជាពល​រដ្ឋ​ដែល​មាន​ជម្លោះ​ដី​ធ្លីជាមួយក្រុមហ៊ុនអានម៉ារ៉ាឌី​ជិត៥០ ​នាក់​មកពី​ខេត្តស្វាយរៀង បាន​ប្រមូលផ្តុំគ្នាមុខក្រសួងដែនដីនគរូបនីយកម្ម និងសំណង ថ្ងៃទី ១១ កញ្ញា ២០១៨

ប្រជាសហគមន៍មានជម្លោះដីធ្លីនៅស្រុករមាសហែកខេត្តស្វាយរៀងអះអាងថា ពួកគេព្រួយបារម្ភដោយសារមេប៉ុស្តិ៍ដើរស្រង់ឈ្មោះ អ្នកដែលបានឡើងដាក់ញត្តិស្វែងរកដំណោះស្រាយដីធ្លីកាលពីម្សិលមិញនៅក្រសួងដែនដីក្នុងរាជធានីភ្នំពេញ។​

កាលពីម្សិលមិញ ប្រជាពល​រដ្ឋ​ដែល​មាន​ជម្លោះ​ដី​ធ្លីជាមួយក្រុមហ៊ុនអានម៉ារ៉ាឌី​ជិត៥០ ​នាក់​មកពី​ខេត្តស្វាយរៀង បាន​ប្រមូលផ្តុំគ្នាមុខក្រសួងដែនដីនគរូបនីយកម្ម និងសំណងដើម្បីស្នើសុំឲ្យស្ថាប័ននេះ ជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគេដែលបានអូសបន្លាយជាច្រើនឆ្នាំ។ ក្រោយតវ៉ានោះ ក្រសួងបានសន្យាថានឹងដោះស្រាយបញ្ហាដីធ្លីនេះនៅថ្ងៃទី១៣ ខែកញ្ញា នេះ ឲ្យពួកគាត់បានគ្នាត្រឡប់ទៅស្រុកវិញ។

ពលរដ្ឋម្នាក់ភូមិពពេល ឃុំត្រស់ ដោយសុំមិនបញ្ចេញឈ្មោះ​ ប្រាប់វីអូឌីនៅថ្ងៃនេះថា  នៅពេលដែលពួកគាត់នាំគ្នា ត្រឡប់ទៅស្រុកវិញ មេប៉ុស្តិ៍ឃុំត្រស់ បានស្រង់ឈ្មោះពួកគាត់។ លោកបន្តថា អាជ្ញាធរ បានសួរពួកគាត់ថាទៅគ្នាប៉ុន្មាននាក់ អ្នកណាជាអ្នកដឹកនាំនិងសួររកអ្នកនៅក្រោយករណីពលរដ្ឋឡើងទៅតវ៉ានៅភ្នំពេញនោះ។

គេថាមិនគួរណាទៅគ្នាច្រើន គ្នាច្រើនគ្មានអ្នកណាតំណាងទេ បើគេចង់ទៅបើគេមិនបានទៅ គេមិនសុខចិត្តគេចង់ទៅស្ដាប់សិទ្ធិរបស់គេ ហើយលោកឯងឲ្យខ្ញុំប្រាប់បើខ្ញុំប្រាប់លោកឯងមិនឲ្យទៅ បើសិនជាដឹងទេ សមត្ថកិច្ចប៉ូលីស មុនៗចាប់ឡាន ចាប់អី ដាក់ខ្នោះតាកុងឡាន ហើយអាណាគេហានឲ្យដឹង។ អាជ្ញាធរបើឲ្យដឹងថាមកសំណូមពរ គេមិនឲ្យប្រជាពលរដ្ឋទៅទេ ពីល្ងាចមេប៉ុស្តិ៍ឲ្យស្រង់ឈ្មោះទាំងអស់ឲ្យគេ

ពលរដ្ឋម្នាក់ភូមិពពេល ឃុំត្រស់ ដោយសុំមិនបញ្ចេញឈ្មោះ

មេប៉ុស្ដិ៍ឃុំត្រស់លោក សំ ដារ៉ា ទទួលស្គាល់ថាលោកពិតជាបានឲ្យប្រជាពលរដ្ឋស្រង់ឈ្មោះអ្នកដែលឡើងមកតវ៉ានៅភ្នំពេញមែន  ប៉ុន្តែការស្រ​ង់ឈ្មោះនេះ លោកថា មិនមែនជាការគំរាមកំហែងនោះទេ។

បើសិនប្រាប់អញ្ចឹងក្នុងនាមយើងជាអាជ្ញាធរ មិនរៀបចំសណ្ដាប់ឈ្នាប់ អញ្ចឹងត្រូវការអប់រំ កុំឲ្យគាត់ឡើងទៅអញ្ចឹងយើងយកតែពាក្យអីទៅដាក់អញ្ចឹងដែលយើងផ្សព្វផ្សាយទៅតាមគោលការណ៍សណ្ដាប់ធ្នាប់ ប៉ុន្តែម្សិលមិញមិនបានឃាត់អីទេគាត់ទៅដល់នោះតាមចិត្តគាត់

មេប៉ុស្ដិ៍ឃុំត្រស់លោក សំ ដារ៉ា

អគ្គលេ​ខាធិការ​សម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា រាល់ការចេញទៅដាក់ញត្តិដើម្បីទាមទារអ្វីមួយមិនមានច្បាប់ណាតម្រូវឲ្យជូនដំណឹង ឬ សុំការអនុញ្ញាតពី អាជ្ញាធរមុននោះទេ។ លោកចាត់ទុកករណីអាជ្ញាធរហៅពលរដ្ឋទៅសួរនាំនេះជា ការបំភិតបំភ័យនិងជាការគំរាមកំហែងមកឲ្យពលរដ្ឋចេញតវ៉ារឿងបញ្ហានានា ដែលអាជ្ញាធរថ្នាក់ក្រោម​មិនអាចដោះស្រាយបាន។

អាជ្ញាធរហៅគាត់ទៅសួរនាំឬ ក៏កក់ឈ្មោះអីហ្នឹង វាជារូបភាពដែលគំរាមកំហែងនិងបំបិទសិទ្ធិសេរីភាព ដោយសន្តិវិធី និងសិទ្ធិជាមូលដ្ឋានស្របច្បាប់របស់ប្រជាពលរដ្ឋដែលត្រូវមានសិទ្ធិក្នុងការស្វែងរកកិច្ចអន្តរាគមន៍និងស្វែងរកនៅដំណោះស្រាយតាមគោលការណ៍ផ្លូវច្បាប់។ បើសិនអាជ្ញាធរថ្នាក់មូលដ្ឋានគាត់មិនផ្ដល់ដំណោះស្រាយ ហើយគាត់បែជារារាំង យើងគិតថាជាការរិតត្បឹតសិទ្ធិសេរីភាពខ្លាំង ហើយអាជ្ញាធរហាក់បីដូចជា ពន្យារពេលបិទបាំងរឿងរ៉ាវទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋហ្នឹង

អគ្គលេ​ខាធិការ​សម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន

បើតាមក្រុមប្រជាពលរដ្ឋអះអាង ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន អានម៉ារ៉ាឌីចាប់តាំងពី២០០១ ហើយជម្លោះដីធ្លីបានឈានដល់ចាប់ប្រជាពលរដ្ឋចំនួន៤ នាក់ដាក់ពន្ធនាគារនៅពេលដែលពួកគេតវ៉ា ដោយហាមឃាត់មិនឲ្យគ្រឿងចក្រឈូសឆាយផ្ទះ និងដំណាំរបស់ពួកគេ។  ពលរដ្ឋអះអាងថា មានពលរដ្ឋប្រមាណ ៩០ គ្រួសារ បានរងផលប៉ះពាល់ដី ៣៧០ ហិកតា ហើយរហូតមកដល់ថ្ងៃនេះ ពួកគេមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ