ស្នងការថ្មីនៃរាជធានីភ្នំពេញប្តេជ្ញាពង្រឹងសន្តិសុខ

លោក ស ថេត (ឆ្វេង) និងលោក ជួន សុវណ្ណ (ស្ដាំ) (រូបភាព៖ វេបសាយ អគ្គស្នងការនគរបាលជាតិ)

ស្នងការរាជធានីភ្នំពេញដែលទើបឡើងកាន់តំណែងជាផ្លូវការកាលពីម្សិលមិញ បានប្តេជ្ញាពង្រឹងនឹងទប់ស្កាត់ បទល្មើសនានាក្នុងរាជធានីភ្នំពេញ។​

ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានប្រាប់វីអូឌីនៅថ្ងៃនេះថា ចំពោះបញ្ហាថែរក្សាសន្តិសុខ លោកមានផែនការក្នុងការបង្ការក៏ដូចជាបង្ក្រាបរួចអស់ហើយ គឺទី១ លោកនឹង​បន្តមើលករណីចាស់ៗដែលលោក​ស្នងការមុន បានធ្វើ ហើយនឹងបន្តស្រាវជ្រាវបន្តនៅករណីដែលមិនទាន់ធ្វើរួច ទី២ លោកនឹង​ពង្រឹងកម្លាំងជំនាញទាំងអស់ឲ្យចេញធ្វើ​សកម្មភាពដើរល្បាត ក៏ដូចប្រមូលព័ត៌មានក្តោបសភាពបទល្មើសផ្សេងៗទៀត។

ចំពោះសំណុំរឿងក្រុមចោរដែលប្លន់ធនាគារ អ អេច ប៊ី ឥណ្ឌូឆៃណា សាខាម៉ៅសេទុង កាលពីថ្ងៃទី២៣ ខែសីហាលោកថា មិនទាន់ក្តោបពេញទេ ព្រោះទើបឡើងកាន់តំណែង។​

អា៎ នៅទេ នៅទេ ខ្ញុំអត់ទាន់ចាប់ចុង ចាប់ដើមបានទេណា ចាំទុកឲ្យគេធ្វើការតិចទៅ

ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យ៉ង់ គិមអេង បានសាទរចំពោះប្រសាសន៍របស់លោក ស ថេត ដែលប្តេជ្ញាពង្រឹងទប់ស្កាត់អំពីចោរកម្មនៅក្នុងស្រុក។

ចឹងចំពោះបញ្ហាដែលថាលោកបានសន្យាពាក់ព័ន្ធនឹងបញ្ហាសន្តិសុខហ្នឹង ខ្ញុំថាជារឿងមួយប្រសើរហើយយើងជា ប្រជាពលរដ្ឋក៏យើងរង់ចាំមើលតទៅទៀតដែរថាការសន្យាហ្នឹងនឹងអាចក្លាយទៅជាយ៉ាងណា ហើយនឹងធ្វើអោយ​ប្រសើរជាងមុនយ៉ាងណា ជារឿងមួយសំខាន់ព្រោះថាការសន្យារបស់អ្នកដឹកនាំនៅក្នុងកម្លាំងប៉ូលីសឬក៏អាជ្ញាធរអីជាទូទៅ​ប្រជាពលរដ្ឋគេចាំមើលណាស់ គេចាំតាមដានណាស់ នេះជារឿងមួយសំខាន់ហើយសង្ឃឹមថាគាត់អាចធ្វើបានតាមអ្វីដែលគាត់​សន្យាចុះ

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យ៉ង់ គិមអេង

លោក យ៉ង់ គិមអេង បន្តថា បច្ចុប្បន្ននេះប្រជាពលរដ្ឋនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំង ដែលត្រូវការឲ្យ​កម្លាំងមានសមត្ថកិច្ច​ធ្វើការឲ្យកាន់តែច្រើនថែមទៀត ដើម្បីបង្ការទប់ស្កាត់បញ្ហាចោរប្លន់នេះ។

លោក ស ថេត ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជំនួសលោក ជួន សុវណ្ណ ជាផ្លូវការ កាលសៀលម្សិលមិញ នៅស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ ដោយមានការចូលរួមពីរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ