EU ព្រមានផ្ដាច់ជំនួយទាំងអស់ពីកម្ពុជា បើរដ្ឋាភិបាលមិនស្ដារប្រជាធិបតេយ្យ​ឡើង​វិញ

តំណាង​ជាន់​ខ្ពស់​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការបរទេស និង​គោល​នយោបាយ​សន្តិសុខ លោកស្រី Federica Mogherini

សហភាពអឺរ៉ុបបានថ្កោលទោសរដ្ឋាភិបាលកម្ពុជាជុំវិញការធ្វើឲ្យធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្នុងប្រទេសនេះ ហើយ​ថែម​ទាំង​ព្រមានផ្ដាច់ជំនួយទាំងអស់ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​មិនអើពើចំពោះក្ដីកង្វល់របស់ពួកគេ។

ក្នុងសម័យប្រជុំលើកទី៣៩ នៅទីក្រុង Strasbourg ប្រទេសបារាំង នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ គណៈកម្មាការសភាអឺរ៉ុបបានប្រជុំពិភាក្សា​សម្រេចលើ​បញ្ហាសិទ្ធិមនុស្ស និតីរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមសំណើរបស់ក្រុមសមាជិកសភាសហភាពអឺរ៉ុប។

ក្នុងកិច្ចប្រជុំនេះ ក្រុមសមាជិកសភាសហភាពអឺរ៉ុបបានថ្លែងរិះគន់រដ្ឋាភិបាលកម្ពុជាជុំវិញការគោរពសិទ្ធិមនុស្ស ការបោះឆ្នោត កាលពីថ្ងៃទី២៩កក្កដា ការបន្ដឃុំខ្លួនលោក កឹម សុខា​ នៅក្នុងគេហដ្ឋានរបស់លោក និងថ្កោលទោសការរំលាយគណបក្សសង្គ្រោះជាតិ។

ថ្លែងក្នុងកិច្ចប្រជុំនេះ តំណាង​ជាន់​ខ្ពស់​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការបរទេស និង​គោល​នយោបាយ​សន្តិសុខ លោកស្រី Federica Mogherini ថ្លែងថា រដ្ឋាភិបាលថ្មីរបស់កម្ពុជាបានធ្វើឲ្យខូចដល់ដំណើរការប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេរីភាពសារព័ត៌មាន រឹតត្បិតសកម្មភាពរបស់ក្រុមអង្គការសង្គមស៊ីវិល ការគាបសង្កត់បក្សប្រឆាំង និងបិទសិទ្ធិធ្វើនយោបាយរបស់មន្ដ្រីអតីតបក្សសង្គ្រោះជាតិ ១១៨រូប។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោកស្រី Federica Mogherini មានប្រសាសន៍ថា សហគមន៍អឺរ៉ុបរីករាយនឹងបន្ដកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា ក្នុងការជំរុញការអភវិឌ្ឍសេដ្ឋកិច្ច និងសង្គម។

ប៉ុន្ដែ​ លោកស្រីថា កម្ពុជានឹងអាចទទួលជំនួយទាំងនេះពីសហគមន៍អឺរ៉ុបបន្ដទៀត លុះត្រាតែរដ្ឋាភិបាលសព្វថ្ងៃ ផ្លាស់ប្ដូរជំហររបស់ខ្លួន និងបើកលំហរលទ្ធិប្រជាធិបតេយ្យឡើងវិញ ដូចជា ទម្លាក់ការចោទប្រកាន់ទាំងស្រុងលើលោក កឹម សុខា និងអ្នកទោសនយោបាយផ្សេងទៀត បើកសិទ្ធិធ្វើនយោបាយដល់មន្ដ្រីអតីតបក្សប្រឆាំង ១១៨រូប ផ្ដល់នីតិសម្បទាឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ និងស្វែងរកការចរចានយោបាយរវាងគណបក្សទាំងពីរ។

សហភាពអឺរ៉ុបបានធ្វើការដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា ចាប់តាំងពីសង្គ្រាមបានបញ្ចប់។ ជាដំបូងយើងបានជួយកសាងប្រទេសនេះឡើងវិញ យើងបានជួយបោសសម្អាតគ្រាប់មីន និងចាប់ផ្ដើមឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច។ នៅថ្ងៃនេះ យើងគាំទ្រការបង្កើនការ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយយើងចង់ឲ្យដៃគូរបស់យើងបន្ដ ប៉ុន្ដែ ដើម្បីបន្ដផ្ដល់ប្រយោជន៍ដល់ពលរដ្ឋកម្ពុជា។ ប៉ុន្ដែ វាច្បាស់ណាស់ថា រដ្ឋាភិបាលកម្ពុជាត្រូវផ្លាស់ប្ដូរផ្លូវរបស់ខ្លួន។ ផ្ទុយទៅវិញ បើទៅធ្វើអញ្ចឹងទេ វាក៏មិនអាចកើតឡើងដែរ

តំណាង​ជាន់​ខ្ពស់​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការបរទេស និង​គោល​នយោបាយ​សន្តិសុខ លោកស្រី Federica Mogherini

កម្ពុជាទទួលបានផលប្រយោជន៍ប្រមាណ ៧០០លានដុល្លារក្នុងមួយឆ្នាំ តាមរយៈប្រព័ន្ធ​អនុគ្រោះពន្ធរបស់អឺរ៉ុបនេះ ប៉ុន្ដែ ចាប់តាំងពីខែឧសភា ឆ្នាំ២០១៨មក សហភាពអឺរ៉ុប​បានធ្វើសកម្មភាពជាបន្តបន្ទាប់តាមរយៈសេចក្តីថ្លែងការណ៍ផ្សេងៗលើស្ថានភាពនៅប្រទេសកម្ពុជា ពាក់ព័ន្ធការគោរពសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងលទ្ធិប្រជាធិបតេយ្យជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ