ហ៊ុន ម៉ាណែត ប្តេជ្ញាបូជា​ជីវិត​​ចំពោះ​ប្រទេស​ជាតិ​ក្រោយ​ឡើង​កាន់​តំណែង​​ជា​មេ​ទ័ព​ជើង​គោក

លោក ហ៊ុន ម៉ាណែត ពិធីសំណេះសំណាល​ និងផ្ទេរភារកិច្ច​ មេបញ្ជាការកងទ័ពជើងគោក​ រាជធានីភ្នំពេញ, ថ្ងៃពុធ ទី១២ កញ្ញា ២០១៨ (រូបភាព៖ ហ្វេសប៊ុក Hun Manet)

កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្ដេជ្ញាថា នឹង​ស្មោះ​ត្រង់​ដាច់​ខាត​ចំពោះ​ប្រទេស​ជាតិ និង​គោរព​តាម​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស បន្ទាប់​ពី​លោក​ត្រូវ​បាន​តែង​តាំង​ជា​មេ​បញ្ជាការ​ថ្មី​នៃ​កង​ទ័ព​ជើង​គោក។

ក្នុង​សុន្ទរកថា​សម្រាប់​ថ្លែង​នៅ​ក្នុង​ពិធី​សំណេះ​សំណាល និង​ផ្ទេរ​ភារកិច្ច​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ លោក​ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាន​ប្ដេជ្ញា​ថា លោក​នឹង​ស្មោះ​ត្រង់​ដាច់​ខាត​ចំពោះ​ជាតិ សាសនា និង​ព្រះ​មហាក្សត្រ។

លោក ហ៊ុន ម៉ាណែត បាន​បន្ត​សុន្ទរកថា​នោះ​ថា លោក​ក៏​គោរព​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស ដើរ​តាម​មាគា៌​របស់​រដ្ឋាភិបាល អាណត្តិ​ថ្មី​ផង​ដែរ។

លោកក៏បានប្តេជ្ញាថា នឹងគោរព និិងអនុវត្តតាមគោលការណ៍ និងលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ ឲ្យបានខ្ជាប់ខ្ជួន និង​ប្រឹងប្រែងអនុវត្តឲ្យបាននូវតួនាទី និងភារកិច្ចរបស់ខ្លួន ដោយហ៊ានបូជាជីវិត ដើម្បីបុព្វហេតុការពារប្រជាជននិងមាតុភូមិ។

លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​​ព្រះមហាក្សត្រ​តែង​តាំង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា​ ទៅ​តាម​សំណើ​របស់​ឪពុក​របស់​លោក គឺ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

បន្ទាប់​ពី​ឡើង​កាន់​តំណែង​ជា​មេ​ទ័ព​ជើង​គោក​ហើយ​នោះ លោក ហ៊ុន ម៉ាណែត ក៏​គ្រប់​គ្រង​លើ​​អង្គភាព​យោធា​ចំនួន ៥ ​រួមមាន កងពល​ធំ​អន្តរាគមន៍​លេខ២ កងពល​ធំ​អន្តរាគមន៍​លេខ៣ កងពល​តូចអន្តរាគមន៍​លេខ១ កង​ពលតូច​ទ័ព​ពិសេស​ឆ័ត្រ​​យោងលេខ​៩១១ និង​កង​ពល​តូច​លេខ​៧០៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ