អ្នក​នាំ​ពាក្យ​ថ្មី​ក្រសួង​អប់រំ​ប្ដេជ្ញា​ឆ្លើយ​តប​នឹង​អ្នក​សារព័ត៌មាន

លោក ឌី ខាំបូលី (ឆ្វេង) និងលោក រស់ សុវាចា (ស្ដាំ) (រូបភាព៖ បណ្ដាញសង្គម)

អ្នក​នាំ​ពាក្យ​ថ្មី​ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្ដេជ្ញា​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ពី​ក្រុម​អ្នក​សារព័ត៌មាន​ បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​ក្រសួង​សម្រេច​តែង​តាំង​ឲ្យ​កាន់​តួនាទី​នេះ ជំនួស​អ្នក​នាំ​ពាក្យ​ចាស់ ដែល​ត្រូវ​បាន​ផ្លាស់​ប្ដូរ។

ក្នុង​សេចក្តីសម្រេចកាលពីម្សិលមិញនេះ ក្រសួងអប់រំ យុវជន និងកីឡា បានតែងតាំងអ្នកនាំពាក្យពីររូប គឺ​ លោក រស់ សុវាចា និង លោក ឌី ខាំបូលី បន្ថែមលើមុខងារបច្ចុប្បន្ន។

លោក រស់ សុវាចា ទទួលបានសញ្ញាប័ត្របណ្ឌិតមកពីក្រៅប្រទេស ហើយជាអតីតទីប្រឹក្សាឯករាជ្យ ធ្លាប់ធ្វើការនៅអង្គការយូណេស្កូ និងអង្គការសហប្រជាជាតិ។

លោក រស់ សុវាចា ប្រាប់ VOD នៅ​ថ្ងៃ​នេះ​ថា លោកនឹងព្យាយាមឲ្យអស់លទ្ធភាព ដើម្បីឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន។

ចំណែក លោក ឌី ខាំបូលី បញ្ជាក់ប្រាប់ VOD ដែរថា លោករីករាយធ្វើការជាមួយគ្រប់អ្នកសារព័ត៌មានទាំងអស់ ទាក់ទងនឹងវិស័យអប់រំ ហើយថា នឹងឆ្លើយតបជាមួយអ្នកសារព័ព៌មានគ្រប់ពេលវេលា។

លោក ឌី ខាំបូលី ត្រូវបានគេស្គាល់ថា ជាអ្នកនិពន្ធសៀវភៅប្រវត្តិសាស្ត្រ​កម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ដែលស្នាដៃ​របស់​លោក​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា​កម្រិត​មធ្យម​​របស់​ក្រសួង​អប់រំ។

អ្នក​នាំ​ពាក្យ​ថ្មី​ទាំង​ពីរ​រូប​នេះ សុទ្ធ​តែ​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត​មក​ពីបរទេស​ មុន​នឹង​លោក​ត្រូវ​បាន​តែង​តាំង​ឲ្យ​កាន់​តួនាទី​នេះ ជំនួស​អ្នក​នាំពាក្យ​ចាស់ លោក រស់ សាលីន ដែល​ត្រូវ​បាន​ផ្លាស់​ប្ដូរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ