លោក ហ៊ុន សែន ​ជំរុញ​ប្រទេស​តំបន់​ទន្លេ​មេគង្គ​បង្កើត​សមាគម​ប្រទេស​នាំ​ចេញ​អង្ករ

លោក ហ៊ុន សែន អញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក លើកទី២៧ នៅទីក្រុងហាណូយ នៅព្រឹកថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០១៨ (រូបភាព៖ ហ្វេសប៊ុកលោក ហ៊ុន សែន)

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​រម្លឹក​ពី​គោល​បំណង​របស់​លោក​ក្នុង​ការ​ជំរុញ​បណ្ដា​ប្រទេស​នៅ​តាម​តំបន់​ទន្លេ​មេគង្គ ឲ្យ​​បង្កើត​ជា​សមាគម​ប្រទេស​នាំចេញ​អង្ករ​ ដោយ​ថា ​ដើម្បី​ជំរុញ​នូវ​ការ​អភិវឌ្ឍ​កសិកម្ម​របស់​ប្រទេស​ក្នុង​តំបន់ ​ឲ្យ​ក្លាយ​ជា​ជង្រុក​ស្រូវ​របស់​អាស៊ី។

ថ្លែង​ក្នុង​កិច្ច​​ប្រជុំ​ស្តីពី​ចក្ខុ​វិស័យ​ថ្មី​សម្រាប់​តំបន់​មេគង្គ​ នៅ​ប្រទេស​វៀតណាម​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​លើក​ឡើងថា​ បណ្ដា​​ប្រទេស​ដែល​ជា​សមាជិក ​ACMECS ទាំងអស់​ដែល​រួម​មាន កម្ពុជា វៀតណាម ឡាវ ថៃ មីយ៉ាន់ម៉ា អាច​ក្លាយ​ជា​ប្រទេស​ដែល​មាន​កសិកម្ម​រីក​ចម្រើន​ខ្លាំង និង​ជា​​ជង្រុក​ស្រូវ​របស់​អាស៊ី ​ប្រសិន​ជា​ប្រទេស​ទាំង​នោះ​រួម​គ្នា​បង្កើត​ជា​សមាគម​ប្រទេស​នាំ​ចេញ​អង្ករ។

លោក ហ៊ុន សែន ថ្លែង​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ថា៖

រយៈពេល​ ១៥​ឆ្នាំ​ហើយ គឺ​សមាគម​ប្រទេស​នាំ​ចេញ​អង្ករ​មិន​ទាន់​បង្កើត​បាន​ជារូបរាង​ទេ។ ប្រសិន​ជា​យើង​បង្កើត​បាន​នូវសមាគម​​ប្រទេស​នាំចេញ​អង្ករ​ យើង​មិន​មែន​គ្រាន់​តែ​ជា​ដៃ​គូរ​ប្រកួតប្រជែង​ទេ ក៏​ប៉ុន្តែ​ យើង​រួម​សហការ​គ្នា ​ដើម្បី​ជំរុញ​វិស័យ​កសិកម្ម​របស់​យើង​ឲ្យ​ក្លាយ​ជា​ជង្រុក​ស្រូវ​របស់​អាស៊ី​តែ​ម្ដង

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន

អគ្គនាយក​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ AMRU Rice លោក សុង សារ៉ន គាំទ្រ​ចំពោះ​ការ​លើក​ឡើង​របស់​នាយក​រដ្ឋ​មន្ត្រី​​​ដោយ​សង្ឃឹម​ថា​សមាគម​​នេះ​នឹង​អាច​នាំ​ឲ្យ​មាន​ការ​រីក​ចំរើន​​វិស័យ​កសិកម្ម​កម្ពុជា ក៏​ដូចជា​ជំរុញ​ឲ្យ​មាន​ស្ថិរភាព​ស្បៀងអាហារ​ពិភព​លោក​ផង​ដែរ តែ​លោក​ក៏​បាន​បង្ហាញ​ក្តី​បារម្ភ​មួយ​ចំនួន​ផង​ដែរ។ ​

យើង​គិត​លើ​ចំណុច​រួម​ដូច​ដែល​ខ្ញុំ​បាន​លើក​ឡើង​អំបាញ់​មិញ​នូវ​ការ​ចែក​រំលែកបទ​ពិសោធន៍​នូវ​ភាព​រុងរឿង​ ចែក​រំលែក​ការ​រីកចម្រើន​មក​យើង​អាច​ស្មឹង​ស្មាត​ស្មារតី​មក​យើង​អាច​ជោគជ័យ តែបើ​យើង​បង្កើត​មក​ដើម្បី​តែ​ប្រកួត​ប្រជែង​គ្នា​អា​​ហ្នឹង​ក៏​យើង​ងាប់​ដែរ។ វា​អាស្រ័យ​លើ​គោល​នយោបាយ​ប្រសិន​ជា​បង្កើត​មក​លើ​ផ្លូវ​ត្រូវ​ និង​ជំរុញ​ឲ្យ​មាន​ស្ថិរភាព​ស្បៀង​អាហារ​ពិភព​លោក ព្រោះ​អាស៊ាន​បាន​ផ្លូវ​ផ្គង់​ស្បៀង​អាហារ​ជាង៥០​ភាគរយ​លើ​ពិភពលោក​គ្រាន់​តែ​១០​ប្រទេស​នេះ

អគ្គនាយក​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ AMRU Rice លោក សុង សារ៉ន

ទីប្រឹក្សា​មជ្ឈមណ្ឌល​សិក្សា​ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ​ហៅ​កាត់​ថា ​សេដាក ​លោក សម វិទូ យល់​ថា ​ប្រសិន​ជា​ប្រទេស​នៅ​តំបន់​ទន្លេ​មេគង្គ​អាច​បង្កើត​ជា​សមាគម​ប្រទេស​នាំ​ចេញ​អង្ករ​បាន​មែន​ គឺ​កម្ពុជា​អាច​ទទួល​បាន​​ទីផ្សារ​ច្រើន តែ​អ្វី​ដែល​កម្ពុជា​ប្រឈម​នោះ​ គឺ​បញ្ហា​តម្លៃ​ ដោយ​សារ​កសិកម្ម​កម្ពុជា​មាន​តម្លៃ​ថ្លៃ​ជាង​​ប្រទេស​នៅ​ក្នុង​តំបន់​។

លោក​មិន​ជឿ​ថា ​ប្រទេស​ទាំង​នោះ​នឹង​យល់​ស្រប​តាម​ការ​លើក​ឡើង​របស់​លោក​ ហ៊ុន​ សែន ​នោះ​ទេ ​ដោយ​ថា បើ​ធៀប​ពី​សក្ដានុពល​កសិកម្ម​នោះ​ គឺ​កម្ពុជា​ដើរ​ក្រោយ​ប្រទេស​ទាំង​នោះ​ច្រើន​ណាស់។

យើង​ហ៊ាន​និយាយ​ថា​អញ្ចេះ​ដោយ​សារ​វៀត​ណាម​គេ​មាន​សក្ដានុពល​ខ្ពស់​ជាង​យើង ភូមា​ឥឡូវ​ដោយ​សារ​តែ​ប្រទេស​គេ​ចាប់​ផ្ដើម ​អញ្ចឹង​គេ​ក៏​មាន​សក្ដានុពល​ខ្ពស់​ដែរ​ក្នុង​ការ​ផលិត។​ អញ្ចឹង​យើង​ប្រទេស​តូច​ហើយ​ឱកាស​នៃ​ការ​ផលិត​ហ្នឹង​វា​ទាប​ជាង​គេ ការ​ចំណាយ​ក្នុង​ការ​ផលិត​ខ្ពស់​ជាងគេ​អញ្ចឹង យើង​ទៅ​បបួល​គេ​គឺ​ពិបាក​ជាង​ប្រទេស​ធំ​ៗ​ដែល​គេ​មក​បបួល​យើង​វិញ

ទីប្រឹក្សា​មជ្ឈមណ្ឌល​សិក្សា​ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ​ហៅ​កាត់​ថា ​សេដាក ​លោក សម វិទូ

បើ​តាម​លោក​ សម វិទូ កម្ពុជា​គួរ​កែ​សម្រួល​សេវា​សាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើន​​ចំណេះ​ពល​រដ្ឋ​ពី​វិស័យ​កសិកម្ម​នេះ ​ឲ្យ​ខ្លាំងក្លា​សិន​ទើប​អាច​ជំរុញ​ឲ្យ​ប្រទេស​ទាំង​នោះ​ចាប់​អារម្មណ៍​ចំពោះ​ការ​លើក​ឡើង​របស់​ខ្លួន។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​បាន​ប្រកាស​កាល​ពី​ដើម​ខែ​សី​ហា​ថា​ ប្រទេស​កម្ពុជា​ជោគ​ជ័យ​ច្រើន​លើ​វិស័យ​ស្រូវ​អង្ករ បើ​ទោះ​បី​ជា​ការ​នាំ​ចេញ​ទៅ​ទី​ផ្សារ​អន្តរជាតិ​នៅ​រយៈពេល​ ៨ខែ​នៃ​ឆ្នាំ​២០១៨​នេះ​ បាន​​ថយ​ចុះ​ក៏​ដោយ​។

ករណី​នៃ​ការ​នាំ​ចេញ​ថយ​ចុះ​នេះ​ ត្រូវ​បាន​ក្រសួង​កសិកម្ម​បន្ទោស​ទៅ​លើ​សមត្ថភាព​របស់​រោង​ម៉ាស៊ីន​កិន​ស្រូវ និង​អ្នក​នាំចេញ​ ដែល​ថា ​ពុំ​មាន​​ឃ្លាំង​ស្តុក​គ្រប់​គ្រាន់​សម្រាប់​បម្រើ​ដល់​ការ​នាំ​ចេញ។

យោង​តាម​គេហទំព័រ worldtopexports.com ប្រទេស​នៅ​តំបន់​ទន្លេ​មេគង្គ​ដែល​នាំចេញ​អង្ករ​ច្រើន​ជាងគេ​មាន​ថៃ និង​វៀតណាម ខណៈ​កម្ពុជា​ឈរ​លេខ​រៀង​ទី​៣ ដែល​នៅ​ពី​លើ​ប្រទេស​មីយ៉ានម៉ា និង​ឡាវ។

យោង​តាម​របាយការណ៍​ក្រសួង​កសិកម្ម ​កម្ពុជា​នាំ​អង្ករ​ជាង ៦៣​ម៉ឺន​តោន ទៅ​កាន់​ទី​ផ្សារ​អន្តរជាតិ​ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ ឬ​កើន​ឡើង ១៧,៣ភាគរយ បើ​ធៀប​នឹង​ការ​នាំចេញ​កាល​ពីឆ្នាំ​២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ