លោក ​សម​ រង្ស៊ី​ ថា មិនចាំបាច់ចរចាជាមួយលោក ហ៊ុន​ សែន ទេ

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

ជាថ្មីម្តងទៀត អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានផ្ញើសារនយោបាយ ដោយ​មានជំនឿថា ​ក្រុម​ប្រទេស​លោក​សេរី នឹងជួយស្តារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ តាម​រយៈ​វិ​ធាន​​កា​រនា​នា​ទៅ​លើ​​បក្សកាន់អំណាច ខណៈ​គណបក្ស​ប្រឆាំង​មួយ​នេះ ត្រូវបានគេផាត់ចេញពីឆាកនយោបាយ។

តាមវីដេអូឃ្លីមបង្ហោះលើគេហទំព័រផ្លូវការណ៍របស់ខ្លួន លោក សម រង្ស៊ី បានបន្តអំពាវនា​វឲ្យសកម្ម​ជន និ​ង​​អ្ន​​​​ក​​គាំទ្រ​ពង្រឹង​ឯកភាព​ផ្ទៃក្នុងបក្ស និងថា គណបក្សស​ង្គ្រោះជាតិក៏មិនចាំបា​ច់ទៅចរចាជាមួយមេដឹ​​ក​​​​នាំ​​​​​​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ដែរ ដោយថា ពេលនេះទុកឲ្យ លោ​ក ​ហ៊ុន សែន ចរចា​ជា​មួ​យ​អ​ន្ត​រ​ជាតិទៅ។

កុំភ្លេចថា ហ៊ុន សែន បំណងរបស់គាត់ គឺ​កម្ចាត់សង្គ្រោះជាតិ។ គាត់សម្លុត គាត់ទិញ គាត់បំបែក គា​ត់​​ញុះញង់ គាត់បង្កើតគណបក្សតូចៗឲ្យបេះសំឡងពីសង្គ្រោះជាតិ [….] ដូច្នេះយើងត្រូវតែឆ្លាត យើ​ងត្រូ​វ​តែ​​​​​​យល់ឲ្យច្បាស់ យើង​នៅ​តែ​ស្ងៀម ហើយរក្សាឯកភាពរួបរួមគ្នា ឲ្យហ៊ុន សែន ជល់​ជាមួយអន្តរជាតិទៅ

អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី

សារនយោបាយរបស់លោក សម រង្ស៊ី នេះធ្វើឡើងចំពេលដែលសហភាពអឺរ៉ុប មានសមាជិ​ក ២៨ប្រទេ​ស ​បាន​បើកកិ​ច្ចប្រជុំនៅថ្ងៃនេះ ពិភាក្សាពីបញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងបញ្ហាឃុំខ្លួន​ប្រធាន​គណបក្សប្រឆាំង កឹម សុខា។

កិច្ចប្រជុំនៅថ្ងៃនេះ ក៏មានការស្នើពីក្រុមសមាជិកសភាអឺរ៉ុប ឲ្យគណៈកម្មការអឺរ៉ុប ផ្តាច់ប្រព័ន្ធអ​នុគ្រោះព​ន្ធ​ពី​​​​ក​ម្ពុជាវិញផងដែរ ដោ​​យ​​​ពួកគេ​វាយម្លៃថា របត់នយោបាយ​នៅកម្ពុជានៅពេ​លនេះ បានកាត់ផ្តាច់​ឫ​ស​គល់​​​ល​​ទ្ធិប្រជាធិ​ប​តេ​យ្យ​។​

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ហៅការលើកឡើងរបស់លោក សម រង្ស៊ី នេះ​ថា ​ជា​​​កា​រ​ទទួលស្គាល់ បរាជ័យរបស់ខ្លួនផ្ទួ​នៗ​ក្នុងជីវិតនយោបា​យ។ លោកថា អន្តរជាតិក៏គ្មានសិទ្ធិ​មកបង្គាប់​កម្ពុជាដែរ។

អញ្ចឹងទេ អាការនិយាយផ្ទេរមុខព្រួញរវាងគណបក្សប្រជាជនទៅនឹងសហគមន៍អឺរ៉ុប វាគ្រាន់​តែ​ជា​​​​កា​រ​ទទួ​ល​ស្គាល់​ភាព​រលំរលួយដែលមិនអាចមានលទ្ធភាព មិនអាចរស់ឡើ​ងវិញបានរប​ស់អតីតប​ក្សប្រ​ឆាំ​ង និង​​ច​លនាសង្គ្រោះជាតិរបស់​គាត់​ដែលទើបនឹងបង្កើត​ថ្មីនេះទេ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន

អ្នកវិភាគនយោបាយលោក​បណ្ឌិត មាស នី និយាយថា លោកមិនភ្ញាក់ផ្អើលទៅ​នឹងសារន​យោបា​យ​នេះ​ទេ ដោយថា លោក សម រង្ស៊ី និងលោក ហ៊ុន សែន តែងតែយកបញ្ហាផ្ទាល់ខ្លួន ទៅវាយប្រហារគ្នា ហើយ​ថា ​មេដឹ​ក​នាំទាំងពីរ មិនសូវឃើញត្រូវរ៉ូវគ្នា ស្វែងរកដំណោះស្រាយបញ្ហាជាតិ​ដោយសន្តិវិធីទេ។

ប៉ុន្តែ លោក មាស នី រំឭកថា ថ្វីត្បិតតែសហគមន៍អន្តរជាតិអាចឥទ្ធិពលខ្លះទៅលើរដ្ឋាភិបាល​តាមរយៈ​ដា​ក់​​ទ​​​ណ្ឌ​​​ក​​ម្ម​ឬ​ផ្តាច់​ទំនាក់​ទំនង​សេដ្ឋកិច្ចក៏ដោយ តែថា កូនសោរ​នៃការផ្សះ​ផ្សាជាតិ ស្ថិត​នៅលើដៃប​ក្សកា​ន់អំ​ណា​ច​ច្រើ​​​នជាង។

យើងដឹងហើយថា ជួនកាលយើងប្រើភា​សាធ្ងន់ៗពេក វានឹង​មិនអាចធ្វើឲ្យដំណោះ​ស្រាយណាមួ​យ​​ចេ​​ញរួចទេ។ យើង​ដឹងហើ​យថា ភាសាធ្ងន់ៗជារបៀបសងសឹកគ្នាបែបបុគ្គល ប៉ុន្តែ ជាការឆ្លាត​វៃក្នុងការ​ធ្វើ​ន​​យោ​​បាយ អ្នក​ដឹកនាំ​ត្រូវ​មាន​គំនិត​ខ្លះ​ជាយុទ្ធសាស្ត្រ កុំឲ្យមើលមកយើងពឹក​ផ្អែកលើអ្នកខាងក្រៅ​ទាំង​ស្រុង​​ ឬ​ពឹង​បរទេស​ទាំង​អស់​ពេក​ដោយ​មិន​បាន​ប្រឹង​ខ្លួន​ឯង​សោះនោះ

អ្នកវិភាគនយោបាយលោក​បណ្ឌិត មាស នី

បើតាមលោក មាស នី បើអ្នកនយោបាយខ្មែរ មិនចេះអង្គុយទល់មុខគ្នា ដើម្បីស្វែងរក​ដំណោះស្រា​យប​ញ្ហា​ជា​តិទេ ប្រទេស​ដ៏​កម្សត់មួយនេះ នឹងជួបបញ្ហាគ្មានទីបញ្ចប់  ហើយទីបំផុតប្រទេសជិតខាង ជាអ្នកទា​ញយក​​ផល​ចំណេញ​ពី​ជម្លោះ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ