លោកស្រី ស៊ូជី ថា​សកម្មភាពលើជនជាតិ​រ៉ូហ៊ីងយ៉ា​កន្លងមក​គឺដើម្បី​ធានា​ស្ថិរភាពនិងសន្តិសុខ

លោកស្រី​ អង់សាន ស៊ូជី អញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក លើកទី២៧ នៅទីក្រុងហាណូយ នៅព្រឹកថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០១៨ (រូបភាព៖ BBC)

មេដឹកនាំ​មីយ៉ាន់​ បាន​និយាយនៅថ្ងៃនេះក្នុងន័យការពារក្រុម​យោ​ធា​ដែល​បង្រ្កាប​ទៅ​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា​ថាសកម្មភាព​ដែល​ក្រុម​យោធាធ្វើកន្លងមកគឺ​ដើម្បីរក្សា​សន្តិ​សុខនិង​ស្ថិរភាព​យូរអង្វែងនៅរដ្ឋ​រ៉ាឃីន។

លោកស្រី អង់សាន ស៊ូជី ប្រធានក្រុម​ប្រឹក្សារដ្ឋនិង​ជារដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា​បាន​ថ្លែង​បែប​នេះ​ក្នុង​វេទិការ​សេដ្ឋកិច្ច​ពិភពលោក​ស្តី​ពីអាស៊ាននៅប្រទេសវៀតណាម​កាលពីម្សិលមិញ។ ​មេដឹកនាំមីយ៉ាន់ម៉ា​រូបនេះយល់​ថា​អ្វីដែល​ក្រុម​យោ​ធាបាន​ធ្វើ​គឺដើម្បី​ពង្រឹង​នីតិរដ្ឋនៅក្នុង​រដ្ឋ​រ៉ាឃីន។

លោក​ស្រី អង់សាន ស៊ូជី ​ក៏បាន​លើកឡើងផងដែរ​ថានៅក្នុង​រដ្ឋ​រ៉ាឃីន​​មាន​ជនជាតិភាគតិច​ជាច្រើន​ដែល​កាន់​សាសនាផ្សេងៗគ្នា ជនជាតិ​ខ្លះ​កំពុងតែ​ជួបបញ្ហាដូចគ្នា ​មូលហេតុអ្វី​បាន​ជាពិភពលោក​មិន​ចាប់​ហើយ​ចាប់​អារម្មណ៍តែពី​ជនជាតិ​រ៉ូហ៊ីងយ៉ាងដែល​កាន់​សាសនា​ឥស្លាម​ទៅវិញ។ លោកស្រីបន្តថា​រដ្ឋាភិបាលមីយ៉ាន់ម៉ា​ត្រូវតែ​​យក​ចិត្ត​ទុក​ដាក់ធានាសុវត្ថិ​ភាពដល់​​​ជនជាតិភាគតិចនីមួយៗ​ឲ្យបាន​ស្នើគ្នា ដូច្នេះ​ហើយ​​រដ្ឋាភិបាលត្រូវធានាឲ្យបាន​ពីសន្តិសុខនិងស្ថិរភាពរបស់ពួកគេទាំងនោះ​។ អ្នកស្រី​ក៏បានបន្ថែម​​ថា​​សន្តិភាពនិង​ការរីក​ចម្រើនជាធាតុផ្សំពីរដែល​មិនអាចចែកដាច់ចេញ​​ពីគ្នា​នោះទេ។

ប៉ុន្តែទោះ​យ៉ាងណាក៏ដោយ​មេដឹកនាំ​មីយ៉ាន់ម៉ា​រូបនេះ ក៏នៅតែ​យល់​ថា​ក្រុម​យោធាអាច​រក​វិធី​ណាមួយដែល​ប្រសើរ​ជាងការបង្រ្កាបដោយកម្លាំងទៅលើក្រុម​ជន​ជាតិរ៉ូហ៊ីង​យ៉ា។

លោកស្រី​ អង់សាន ស៊ូជី ត្រូវបាន​ក្រុម​អ្នកការពារសិទ្ធិមនុស្សនិងមេដឹកនាំប្រទេសប្រជាធិបតេយ្យមួយចំនួន​​រិះគន់​យ៉ាងខ្លាំង​ដោយ​សារតែ​ការរក្សា​ភាព​ស្ងៀុុមស្ងាត់​របស់លោក​ស្រី​ពីករណី​បង្រ្កាប​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា។ ក្នុងបទសម្ភាសន៍ជាមួយ​ទីភ្នាក់​ងារសារព័ត៌មាន​ជប៉ុន​ NHK កាល​ពីខែមិថុនា​កន្លងទៅ​មេដឹកនាំមីយ៉ាន់ម៉ារូបនេះបាន​ឆ្លើយ​យ៉ាងខ្លី​ថា មាន​មនុស្ស​តិច​តួច​ប៉ុណ្ណោះនៅលើពិភភលោក​ដែល​ដឹង​ពីប្រវត្តិ​ទាក់​ទងនឹងបញ្ហាជនជាតិរ៉ូហ៊ីងយ៉ានេះ។

ក្នុងកិច្ច​ពិភាក្សា​តុមូលនៃ​វេទិការ​សេដ្ឋកិច្ច​ពិភពលោក​ស្តី​ពីអាស៊ានកាលពីម្សិលមិញដែរ​​ នាយករដ្ឋ​មន្រ្តី​កម្ពុជា​ បាន​យក​ឱកាសការពារ​សកម្មភាព​កន្លងមក​របស់ប្រទេសមីយ៉ាន់ម៉ា និងថាប្រទេសក្នុង​តំបន់​ទន្លេមេគង្គ​សុទ្ធតែអ្នករងគ្រោះ​ក្នុងរឿង​នយោបាយ​។

លោក ហ៊ុន សែន អញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក លើកទី២៧ នៅទីក្រុងហាណូយ នៅព្រឹកថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០១៨ (រូបភាព៖ ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ​ថា៖

ឯមីយ៉ាន់ម៉ាកាន់តែធ្ងន់ធ្ងរទៅទៀត គឺត្រូវគេចោទថាជាអ្នកប្រល័យពូជសាសន៍។ ប៉ុន្តែ​តើ​អ្នកទាំងអស់គ្នាបាន​យល់​ពី​ប្រទេសមីយ៉ានម៉ាទេ?​ ស្គាល់​ពីប្រទេស​ប្រទេសមីយ៉ានម៉ាទេ ដែល​ត្រូវដោះស្រាយបញ្ហាប្រឈម​យ៉ាង​ច្រើនទាក់ទងនឹងសន្តិសុខជាតិ […]​ក៏ប៉ុន្តែនៅប្រទេសក្រៅតំបន់​របស់យើងគេតែងតែទះក្បាល​យើងផង។ ត្រូវធ្វើតាម​គេ ត្រូវធ្វើតាមនេះ តាមនោះ ក្នុងពេល​ដែល​លក្ខខណ្ឌតាមប្រទេសនីមួយៗមិនអាចធ្វើបាន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

កាលពីចុងខែសីហាក្រុមមន្ត្រី​ជំនាញ​របស់ក្រុម​ប្រឹក្សា​សិទ្ធិមនុស្សអង្គការសហប្រជាជាតិ​ដែល​ធ្វើការសិក្សាស្វែងរកការពិតនៃការចោទប្រកាន់​ពីការរំលោភសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាទៅលើ​ជន​ជាតិរ៉ូហ៊ីងយ៉ានៅរដ្ឋ​រ៉ាឃីន បាន​រក​ឃើញ​ថា​ ​ប្រមុខកងទ័ពមីយ៉ាន់ម៉ា​ឧត្តមសេនី មីន អូង ឡាំង​ និងមន្រ្តី​យោធាថ្នាក់​​​ឧត្តម​សេនីយ៍ក្រោម​បង្គាប់​លោក​៥នាក់​ទៀត​មានចេតនា​ប្រល័យពូជសាសន៍លើ​ជនជាតិរ៉ូហ៊ីងយ៉ា និង​ឧក្រិដ្ឋ​សង្រ្គាម​ប្រឆាំង​ជនជាតិនេះ។​

ប្រទេសជាសមាជិកអចិន្រ្តៃយ៍និងមិន​អចិន្រ្តៃយ៍នៃក្រុមប្រឹក្សា​សន្តិ​សុខអង្គការសហប្រជាជាតិមួយ​ចំនួន​ទៀតមាន​ដូច​ជា​ បារាំង អង់គ្លេស គុយវ៉េត ហូឡង់ និង​ស៊ុយអែត​  បាន​អំពាវនាវឲ្យក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ស្នើទៅ​តុលាការឧក្រិដ្ឋកម្ម​អន្តរជាតិ ឬ​ក៏បង្កើត​តុលាការណាមួយ ដើម្បីជំនុំជម្រះ​ក្រុម​មន្រ្តីយោធោ​ជាន់​ខ្ពស់​ទាំង៦នាក់​នោះ​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ