សភាអឺរ៉ុបប្រកាសមិនទទួលស្គាល់ការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជា

កិច្ចប្រជុំមួយនៅទីក្រុងស្ត្រាសបួរ ប្រទេសបារាំង នៅថ្ងៃព្រហស្បតិ៍ ទី ១៣ កញ្ញា ២០១៨ (រូបភាព៖ europarl.europa.eu)

សភាសហភាពអឺរ៉ុបស​ម្រេចថ្កោលទោសចំពោះការបោះឆ្នោតនៅកម្ពុជាកាលពីចុងខែកក្កដាកន្លងទៅ ដោយ​ថា មិនអាចទទួលយកបាន និងទាមទារឲ្យទម្លាក់បទចោទ​ប្រកាន់ទាំងអស់លើ​អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំងពីរ គឺលោក សម រង្ស៊ី និងលោក កឹម សុខា។

ក្នុងសេចក្ដីសម្រេច ដែលធ្វើឡើងក្នុងកិច្ចប្រជុំមួយនៅទីក្រុងស្ត្រាសបួរ ប្រទេសបារាំង នៅថ្ងៃព្រហស្បតិ៍នេះ សភាសហភាពអឺរ៉ុបបានប្រកាសថ្កោលទោស​ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា គ្មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ។

សភាសហភាពអឺរ៉ុបក៏ទាមទារឲ្យរដ្ឋាភិបាលថ្មីរបស់កម្ពុជាបញ្ឈប់នូវរាល់ការរឹតត្បិតសិទ្ធិសេរីភាពលើក្រុមអង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស មេដឹកនាំសហជីព និងទម្លាក់ការចោទប្រកាន់ទាំងស្រុងលើលោក កឹម សុខា ដែលត្រូវបានរដ្ឋាភិបាលចោទថា «ក្បត់ជាតិ» និងអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលបាននិរទេសខ្លួននៅក្រៅប្រទេស។

យោងតាមសេចក្ដីសម្រេចនោះ ​សភាសហភាពអឺរ៉ុបក៏ជំរុញឲ្យគណៈកម្មាការអឺរ៉ុបរៀបចំបញ្ជីឈ្មោះអ្នកដែលជាប់ពាក់ព័ន្ធនឹងការរំលាយគណបក្សសង្គ្រោះជាតិ និងអ្នកដែលចូលរួមបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ដើម្បីដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងទណ្ឌកម្មទិដ្ឋាការ។

យ៉ាងណាមិញ ក្នុងសម័យប្រជុំលើកទី៣៩ នៅទីក្រុង Strasbourg ប្រទេសបារាំង នៅថ្ងៃនេះផងដែរ តំណាង​ជាន់​ខ្ពស់​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការបរទេស និង​គោល​នយោបាយ​សន្តិសុខ លោកស្រី Federica Mogherini បានទុកពេលឲ្យរដ្ឋាភិបាលថ្មីរបស់កម្ពុជា ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ លោកស្រីថា បើពុំដូច្នេះទេ សហភាពអឺរ៉ុបនឹងចាត់វិធានម៉ឺងមាត់មកលើកម្ពុជា ដូចជា ការព្យួរប្រព័ន្ធអនុគ្រោះពន្ធ កាត់ផ្ដាច់ជំនួយទាំងអស់ និងវិធានាការផ្សេងទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ