កម្ពុ​ជា​សម្រេច​ដក​​ទ័ព​ចេញ​ពី​តំ​បន់​ធ្លាប់​មាន​ជម្លោះ​ជា​មួយ​ឡាវ​​នៅខេត្តស្ទឹងត្រែង

សេចក្ដីថ្លែងការណ៍រួមគ្នារវាងលោក ហ៊ុន សែន និងលោក ថងលួន ស៊ីសូលីត នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅក្នុងជំនួបពិភាក្សាទ្វេភាគី កម្ពុជា-ឡាវ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី ១៣ កញ្ញា ២០១៨ (រូបភាព៖ ហ្វេសប៊ុកលោក ហ៊ុន សែន / Screenshot)

នាយករដ្ឋមន្ត្រីកម្ពុជាអះអាងថា បានបញ្ជាឲ្យកងទ័ពដកចេញពីតំបន់ធ្លាប់មានជ​ម្លោះជាមួយ​ប្រ​​ទេ​ស​ឡាវ​ ​នៅតំបន់អូតាង៉ាវ ខេត្តស្ទឹងត្រែង ហើយដើម្បីបន្ធូរស្ថានការណ៍ និងរ​ង់​ចាំ​ការ​ស្វែង​រក​ដំ​ណោះ​ស្រា​​​​​យ​ពី​ភាគីពាក់ព័ន្ធ។

ក្នុងជំ​នួប​មួយ នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នាយករដ្ឋ​មន្ត្រីកម្ពុ​ជា លោក ហ៊ុន សែន ប្រាប់នាយករដ្ឋមន្ត្រីឡាវ លោក ថោងលូន ស៊ីសូលីត ថា ​បើទោះបី​ជាក​ម្ពុជា​បាន​ដក​ក​​ង​ទ័​ពក៏ដោយ​​ ប៉ុន្តែឡាវក៏​មិនត្រូវធ្វើឲ្យតំបន់នោះ មា​នវត្ត​មា​ន​កងព័ទរបស់ខ្លួនឡើង​វិ​ញទេ ហើយក៏​មិន​ត្រូ​វ​ឲ្យពលរដ្ឋនៃភាគីណាមួយ ទៅបង្កបង្កើនផល​លើ​ដី​នៅ​តំ​​បន់នោះដែរ។​ លោកបន្តថា​សម្រាប់​ការល្បាត គឺ​ត្រូវធ្វើ​រួមគ្នា។

សម្រាប់កម្ពុជាដែលមានកម្លាំងនៅតំបន់អូតាង៉ាវសម្រាប់បច្ចុប្បន្ននេះ ខ្ញុំបានបញ្ជាឲ្យ​ចា​ប់ផ្តើ​ម​ដកមុ​ននេះប្រហែលជាកន្លះម៉ោង ហើយ​ឲ្យដកបញ្ចប់នៅម៉ោង៥ល្ងា​ចស្អែក។ កម្លាំ​ង​នេះ​​ធ្លាប់ធ្វើ​ល្បាត​នៅក្នុងតំបន់នេះ។​ ឥឡូវមិនត្រូវធ្វើល្បាតម្នាក់ឯងទៀតទេ ត្រូវដកចេ​ញពី​តំបន់​អូតាង៉ា​វ​មកនៅតំបន់អូអាឡៃ តែ​នៅ​ត្រើយម្ខាងខាងនេះ

នាយករដ្ឋ​មន្ត្រីកម្ពុ​ជា លោក ហ៊ុន សែន

នាយករដ្ឋមន្ត្រីឡាវ លោក ថោងលូន ស៊ីសូលីត បានឲ្យដឹងតាមរយៈអ្នកបកប្រែថា ឡាវចង់ឲ្យគណៈកម្មា​ធិការកិ​ច្ចការព្រំដែននៃ​ប្រទេសទាំងពីរជួបពិភាក្សា​គ្នាឲ្យបាន​ញឹកញាប់​ពីការ​ខ្វែងគំនិត​គ្នាលើបញ្ហាដីនៅ​ជាប់​ព្រំដែននេះ​ ដើម្បី​ឈាន​ទៅរក​ដំណោះ​ស្រាយ​បញ្ចប់​ជម្លោះ​។

យើងបញ្ជាក់ថាតំបន់នេះជាតំបន់នៅមិនទាន់ដោះស្រាយនៅឡើយ។ ការឯកភាពគ្នារវាងនាយករដ្ឋមន្ត្រីយើងទាំងពីរ ជាការឯកភាពមួយដែលមានសារៈសំខាន់ បង្កការទុកចិត្តគ្នា​ទៅវិញទៅ​មកធ្វើ​ឲ្យប្រជា​ជននៃ​​ប្រទេសទាំងពីរកាន់តែសប្បាយ

នាយករដ្ឋមន្ត្រីឡាវ លោក ថោងលូន ស៊ីសូលីត

ជម្លោះព្រំដែន កម្ពុជា-ឡាវ នៅតំបន់អូតាង៉ាវនេះ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នា ស្នើ​ប្រទេស​បារាំង ធ្វើ​ជា​អាជ្ញា​​​កណ្តា​ល​គូ​រច​ម្លងផែនទី សម្រួល​ដល់ការបោះ​បង្គោល​លើដីជាក់ស្តែង​ផង​ដែរ ដើម្បីឲ្យភាគីទាំង​ពី​រទ​​ទួល​បាន​បានទាំ​ងអស់គ្នា។

កាលពីថ្ងៃទី១១ខែសីហា ឆ្នាំ២០១៧ក្នុងពីធីផ្ទេរតំណែងប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក ហ៊ុន សែន បានគំរាម​ថាទុកពេលឲ្យឡាវតែ៦ថ្ងៃ បើមិនដកកងទ័ព​របស់ខ្លួនចចេញ​ពីតំបន់​អូតាង៉ាវ កម្ពុជានឹងប្រើក​ម្លាំងប្រ​ដាប់​អា​វុធដើម្បីការពារបូរណភាពទឹកដី ។

ប៉ុន្មានថ្ងៃបន្ទាប់ ក៏មានការចល័តកងទ័ព រួមទាំងកាំជ្រួចហ្វូង BM21 ច្រើនគ្រឿង ចេញ​ពីប​​​ន្ទា​យអង្គរក្ស ឆ្ពោះ​​​​​ទៅកា​ន់ខេត្តស្ទឹងត្រែងទៀតផង។ ប៉ុន្តែស្ថា​នការ​​ណ៍ បាន​ស្ងប់​ស្ងាត់ទៅវិញ ក្រោយពីឡាវ ព្រមដក​កង​​​ទ័ពចេញពីតំបន់នោះតាមការកំណ​ត់របស់កម្ពុជា។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន បានស្វាគមន៍រាល់ការកំណ​ត់​ព្រំដែន តាមខ្សែប​ន្ទាត់ដែល​បា​រាំ​ង​​​​​​បាន​គូសវាសឲ្យ។ ប៉ុន្តែលោក បង្ហាញការខកចិត្តចំពោះ​ការបោះ​បង្គោល​ព្រំដែន​ជាមួយរៀតណាម ​។

យើងសារទរចំពោះបញ្ហាហ្នឹង បើដូចវៀតណាម​បើយើង​យកគោលដៅ​បង្គោល​ចាស់ ធ្វើជាចំ​នុ​ច​គោ​លដៅ យើងគិតថាកម្ពុជាយើ​ងគ្មានការខាតបង់ទេ​។ ប៉ុន្តែការបោះបង្គោល​ព្រំដែ​នរវាងកម្ពុ​ជា​វៀតណាម​យើ​ងឃើញថាយកសន្ធិសញ្ញា​បំពេញបន្ថែមយក​មកធ្វើ​ជា​គោល​ដៅ ​អាណឹងហើយជាចំណោ​ទបញ្ហា​ធ្វើ​ឲ្យក​ម្ពុ​ជាយើងខាតបង់

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន

យ៉ាងនេះក្តីក្នុងជំនួបនោះ មេដឹកនាំប្រទេសទាំងពីរ បានសន្យាធ្វើឲ្យខ្សែបន្ទាប់ព្រំដែន ក្លាយជាខ្សែបន្ទា​ន់​មា​នរ​ក្សាបាន​នូវសន្តិសុខ សន្តិភាព ធានាប្រយោជន៍​សម្រាប់ពលរដ្ឋ​ទាំង​សង​​ខាង។

ប្រទេ​សកម្ពុជា មានព្រំប្រទល់ដីគោកជាប់ប្រទេសឡាវ ប្រវែង ៥៤០គីឡូម៉ែត្រ បច្ចុប្បន្ន បង្គោលព្រំ​ដែន​ដែ​​លបា​នបោះរួចហើយ មានចំនួន ១២១ ក្នុងចំណោមបង្គោល​ដែលគ្រោង​បោះចំនួន​១៤៥បង្គោល៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ