តំណាងកម្ពុជាថាសេចក្តីសម្រេចរបស់ EU លំអៀងនិងមានស្តង់ដាពីរ​

កិច្ចប្រជុំមួយនៅទីក្រុងស្ត្រាសបួរ ប្រទេសបារាំង នៅថ្ងៃព្រហស្បតិ៍ ទី ១៣ កញ្ញា ២០១៨ (រូបភាព៖ europarl.europa.eu)

កម្ពុជាមិនទទួលស្គាល់នូវសេចក្តីសម្រេចដែលធ្វើឡើងដោយសភាអឺរ៉ុបកាលពីម្សិលមិញទេ ដោយថាវាមានភាពលំអៀងនិងជាការអនុវត្តដែលមាន​ស្តង់ដាពីរ​។

សេចក្តីថ្លែងការណ៍​កាល​ពីម្សិលមិញរបស់ស្ថានបេសកម្ម​កម្ពុជាប្រចាំសហភាព​អឺរ៉ុប​ ដែលបានឆ្លើយតបទៅនឹង​សេចក្តីសម្រេចរបស់សហភាពអឺរ៉ុបថាជាសេចក្តីសម្រេចដែល​ពឹងផ្អែកលើការអះអាងមិនត្រឹមត្រូវ ដោយ​សំអាងតែ​របាយការណ៍លំអៀងដែលមានប្រភពមកពីខាងគណបក្ស​ប្រឆាំង និង​ អង្គការក្រៅរដ្ឋាភិបាលដែលមានចរិក​នយោបាយ។

ស្ថានបេសកម្ម​កម្ពុជាប្រចាំសហភាព​អឺរ៉ុបក៏បាន​ចោទជាសំណួរទៅកាន់សហភាពអឺរ៉ុបវិញ​ថា​ សេចក្តីសម្រេចរបស់​សហភាពអឺរ៉ុបដែលកំណត់​ស្ដង់​ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដ៏​ខ្ពស់​ ដែល​​​សូម្បីតែ​ប្រទេស​ក្នុងសហភាពនេះមួយចំនួន​ក៏មិនអាចធ្វើបាន​ផងនោះ​ តើសភាអឺរ៉ុបរំពឹងភាពឥតខ្ចោះពីកម្ពុជាបានយ៉ាងដូចម្តេច។

កម្ពុជាក៏បាន​រិះគន់​សហភាពអឺរ៉ុបថាការ​ថ្កោលទោសពី​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា របស់ស្ថាប័ននេះ គឺមិិនបាន​ខ្វាយខ្វល់​ពី​កិច្ច​ប្រឹងប្រែងរបស់កម្ពុជានោះទេ​ ហើយថាសេចក្តីសម្រេច​ដាក់ទណ្ឌកម្មនេះមិន​យុត្តិធម៌នោះទេ។

សភាអឺរ៉ុបកាលពីម្សិលមិញបាន​សម្រេច​​ទាមទារឲ្យរដ្ឋាភិបាលថ្មីរបស់កម្ពុជា​បញ្ឈប់នូវរាល់ការរឹតត្បិតសិទ្ធិសេរីភាពលើក្រុមអង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស មេដឹកនាំសហជីព និងទម្លាក់ការចោទប្រកាន់ទាំងស្រុងលើលោក កឹម សុខា ដែលត្រូវបានរដ្ឋាភិបាលចោទថា «ក្បត់ជាតិ» និងអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលបាននិរទេសខ្លួននៅក្រៅប្រទេស។

សភាសហភាពអឺរ៉ុបក៏ជម្រុញ​ឲ្យគណៈកម្មាការអឺរ៉ុបរៀបចំបញ្ជី​ឈ្មោះអ្នកដែល​ជាប់​ពាក់ព័ន្ធនឹងការរំលាយគណបក្សសង្គ្រោះជាតិ និងអ្នកដែលចូលរួមបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ដើម្បីដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងទណ្ឌកម្មទិដ្ឋាការ។​

កញ្ញា លី ស្រីស្រស់ អ្នកវិភាគនយោបាយវ័យក្មេងនៅកម្ពុជាបានប្រាប់វីអូឌីអោយដឹងតាមទូរស័ព្ទថា​ រដ្ឋាភិបាលកម្ពុជាគួរតែបន្ទន់ឥរិយាបថ​និងពិចារណានូវការសម្រេចរបស់សហភាពអឺរ៉ុប។

ខ្ញុំគិតថារដ្ឋាភិបាលកុំគួររឹងទទឹងពេក យើងធ្វើម៉េចបើយើងរស់នៅក្នុងពិភពលោកនេះវា ត្រូវតែទទួលស្គាល់អំពីឥទ្ធិពលប្រទេស និងតំបន់មួយចំនួនមកលើប្រទេសកម្ពុជា។ ហើយ ដូច្នេះខ្ញុំយល់ថារដ្ឋាភិបាលគួរតែបន្ទន់ទៅ ហើយពិចារណាទៅលើជម្រើស​ដែលសហភាពអឺរ៉ុបអោយទៅថា តើចំណុចណាដែលខ្លួនអាចធ្វើបាន

កញ្ញា លី ស្រីស្រស់ អ្នកវិភាគនយោបាយវ័យក្មេងនៅកម្ពុជា

កាលពីថ្ងៃទី១១ កញ្ញា កន្លងទៅ​លោក ណី សំអុល ឯកអគ្គរាជទូតតំណាង​អចិន្តៃ្រ​យ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ​នៅទីក្រុងហ្សឺណែវ​ ក៏បាន​ចេញសេចក្តីថ្លែងការណ៍មួយសម្ដែងការខកចិត្តទៅ​នឹង ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្ស លោក​​ស្រី Michelle Bachlete ដែល​ស្នើឲ្យ​​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់នូវការចោទប្រកាន់ទាំងស្រុងចំពោះលោក កឹម សុខា ដោយ​ថាលោក​ស្រីនិងគណប្រតិភូផ្សេងទៀត​ពឹងផ្អែកលើប្រភពពត៌មានដែលមានលក្ខណៈនយោបាយ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ