សិស្សនិងសមាគមគ្រូ​​​បង្រៀន​សាទរ​លទ្ធផលថ្មី តែស្នើឲ្យក្រសួងប្រយ័ត្នជាងនេះនៅឆ្នាំក្រោយ​

បេក្ខជនប្រលងបាក់ឌុបកំពុងមើលឈ្មោះ កាលពីឆ្នាំ២០១៨ (រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ)

សិស្សានុសិស្សនិង​សមាគមគ្រូបង្រៀនបាន​ស្វាគមន៍លទ្ធផលថ្មីនៃការប្រលង​សញ្ញាប័ត្រ​មធ្យម​សិក្សាទុតិយភូមិសម្រាប់​ថ្នាក់វិទ្យាសាស្រ្ត​ ហើយពួកគេសង្ឃឹម​ថា​នៅឆ្នាំក្រោយ​នឹងមិនមាន​កំហុសបច្ចេកទេស​ណាមួយកើតឡើងទៀតនោះទេ។​

សិស្សពូកែគណិតនៅវិទ្យាល័យសម្តេចឪខេត្តបាត់ដំបង យុវសិស្ស សុខ ចាន់យុត្តិពល ដែលទទួលបាននិទ្ទេសFលើមុខវិជ្ជាគណិតវិទ្យា​កាលពីពេលប្រកាស​លទ្ធផល​លើកទី១​ ហើយពេល​នេះរូប​គេទទួលបាន​និទ្ទេសA វិញលើមុខវិជ្ជានេះ​ បាន​ប្រាប់VODនៅព្រឹកនេះថា ខ្លួនពិត​ជាអរគុណក្រសួងអប់រំ​ដែល​បាន​ធ្វើការ​ពិនិត្យ​លទ្ធផលឡើងវិញ ហើយ​សង្ឃឹមថាឆ្នាំក្រោយមិនមានបញ្ហាដូចឆ្នាំនេះទេ។

យុវសិស្សរូបនេះប្រាប់យ៉ាងដូច្នេះថា៖

អរគុណមែនទែនដល់ក្រសួងដែលសើរើបាន ភ្លាមៗ រកដំណោះស្រាយឲ្យទាន់ពេលវេលា។ ឆ្នាំនេះមានបទពិសោធន៍ជូរចត់ជាង រាល់ៗឆ្នាំ។ សង្ឃឹមថាឆ្នាំ ក្រោយៗក្រសួងនឹងធ្វើការប្រុងប្រយ័ត្នជាងនេះបន្តិចដើម្បីកុំឲ្យកើតមានបញ្ហាទៀត

សិស្សពូកែគណិតនៅវិទ្យាល័យសម្តេចឪខេត្តបាត់ដំបង យុវសិស្ស សុខ ចាន់យុត្តិពល

បេក្ខជនដែលលេចធ្លោក្នុងការតវ៉ានិងទើបទទួលបាននិទ្ទេសAវិញ លើមុខវិជ្ជាគណិតវិទ្យារបស់ខ្លួន​ យុសិស្ស ឆាយ លីអាន ប្រាប់VODនៅរសៀលនេះថា ខ្លួនអរគុណដល់រដ្ឋមន្ត្រីក្រសួងអប់រំ​ដែលបានជួយនិងសំណូមពរឲ្យមន្ត្រីក្រសួងធ្វើការឲ្យមានភាពម៉ដ្ឋចត់ថែម​ទៀតនៅឆ្នាំក្រោយ​។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាដែលលោកបានអើពើក៏ដូចជាដឹងឮហើយជួយសើរើក៏ដូចជាដោះស្រាយបញ្ហាហ្នឹងអញ្ចឹង! ហើយក៏សំណូមពរថា បុគ្គលិកមន្ត្រីរាជការរបស់ក្រសួងហ្នឹងធ្វើការឲ្យកាន់តែមានភាពម៉ដ្ឋចត់ជាងហ្នឹងទៀតនៅឆ្នាំបន្តបន្ទាប់ដើម្បីកុំឲ្យមានបញ្ហាជាយថាហេតុអញ្ចឹងទៀតបង!

យុសិស្ស ឆាយ លីអាន

ទីប្រឹក្សាសមាគមគ្រូបង្រៀនឯករាជ្យ លោក រ៉ុង ឈុន សាទរចំពោះលទ្ធផលនៃការទាមទាររបស់បេក្ខជនប្រឡងនិងចង់ឲ្យមានអ្នកទទួលខុសត្រូវចំពោះបញ្ហាកំហុសបច្ចេកទេសនេះ។

ខ្ញុំសាទរនូវលទ្ធផលដែល ប្អូនៗសិក្សានុសិស្សថ្នាក់ទី១២ដែលធ្វើការទាមទារបានជោគជ័យ។ ជុំវិញបញ្ហាហ្នឹងយើងឃើញសេចក្តីថ្លែងការណ៍របស់ក្រសួង ប៉ុន្តែដូចជាមិនបានឃើញអ្នកទទួលខុសត្រូវចំពោះការធ្វើឲ្យមានកំហុសឆ្គងហ្នឹង ពីព្រោះរឿងហ្នឹងវាមិនមែនជាការធ្វើលេងសើចទេ ហើយយើងឃើញហើយប៉ុន្មានថ្នាក់? ជាង៧០០បន្ទប់ដែលមិនបានបូកស្រង់ពិន្ទុ។ អញ្ចឹងវាត្រូវតែមានអ្នកទទួលខុសត្រូវចំពោះបញ្ហាទាំងអស់នេះ ថាតើថ្នាក់ណាជាអ្នកទទួលខុសត្រូវអំពីកំហុសហ្នឹង? ត្រូវគិតគូរកំហុសហ្នឹង មិនមែនឲ្យរួចខ្លួននោះទេបាទ!

ទីប្រឹក្សាសមាគមគ្រូបង្រៀនឯករាជ្យ លោក រ៉ុង ឈុន

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានឆ្លើយតបថា ក្រសួងសុំទោសចំពោះកំហុសអចេតនានេះ និងថានឹងពង្រឹងសមត្ថភាពមន្ត្រីក្រសួងបន្ថែមទៀត។

ជាបឋមក្រសួងអប់រំ យុវជន និងកីឡា សុំទោសចំពោះកំហុសបច្ចេកទេសកុំព្យូទ័រដែលបានកើតមានឡើង។ នេះជាកំហុសបច្ចេកទេសកុំព្យូទ័រមួយអចេតនា ក្រុមការងារជំនាញរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺមានកម្រិតវិជ្ជាជីវៈខ្ពស់នៅក្នុងការបំពេញកាតព្វកិច្ចរបស់ពួកគាត់ មិនមានចេតនាណាមួយឲ្យមានបញ្ហានេះកើតឡើងទេ។ អញ្ចឹងក្រសួងមានការសោកស្តាយចំពោះអ្វីដែលកើតឡើង ប៉ុន្តែយើងនឹងបន្តពង្រឹងសមត្ថភាពផ្ទៃក្នុង ជាពិសេសទៅលើជំនាញពាក់ព័ន្ធទាំងឡាយបាទ!

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា

ក្រោយការប្រកាសលទ្ធផលកាលពីលើកទី១ សិស្សានុសិស្សដែលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាច្រើនបាននាំគ្នាតវ៉ាលើលទ្ធផលមុខវិជ្ជាគណិតវិទ្យា។ ភ្លាមៗក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតគណកម្មការកោសល្យវិច្ច័យធ្វើការដោះស្រាយ និងរកឃើញថាមានកំហុសបច្ចេកទេសកុំព្យូទ័រ ដោយមិនបានបូកស្រង់ពិន្ទុគណិតវិទ្យារបស់បេក្ខជនចំនួន៧៤០បន្ទប់។ ក្រសួងអប់រំ យុវជន និងកីឡាឲ្យដឹងពីលទ្ធផលថ្មីដែរថា សិស្សប្រឡងជាប់កើនដល់ចំនួនជាង៧៦០៣៤នាក់ ដែលស្នើនឹងជាង​៦៧ភាគរយនៃចំនួន​សិស្សប្រឡង​សរុប។ ចំណែក​សិស្សដែល​ទទួលបាន​និទ្ទេសA មាន​៤០៨នាក់៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ