ពលរដ្ឋមានជម្លោះដីធ្លីប្រមាណ៤០០នាក់ តវ៉ាមុខតុលាការខេត្តព្រះសីហនុទាមទារដោះលែងតំណាងខ្លួន​

ពលរដ្ឋមានជម្លោះដីធ្លីក្នុងខេត្តព្រះសីហុន ប្រមាណ៤០០នាក់ តវ៉ាឲ្យដោះលែងសកម្មជនរបស់ពួកគេ មុខសាលាដំបូង ថ្ងៃទី ១៤ កញ្ញា ២០១៨ (រូបភាព៖ ផ្ដល់ឲ្យ)

ពលរដ្ឋមានជម្លោះដីធ្លីក្នុងខេត្តព្រះសីហុន អះអាងថា ពួកគេប្រមាណ៤០០នាក់នៅថ្ងៃនេះ បាននាំគ្នាប្រមូលផ្តុំឈរលើកបដាមុខលាលាដំបូងខេត្ត ដើម្បីទាមទារឲ្យ​តុលាការឲ្យទម្លាក់ចោលការចោទដល់តំណាងពួកគេម្នាក់ និងសមាជិក៣នាក់ទៀតដែលជាប់ឃុំដោយសារជម្លោះដីធ្លី។

ពលរដ្ឋម្នាក់លោក យូ​ វាសនា នៅឃុំអូរត្រេះ ស្រុកស្ទឹងហា ប្រាប់វីអូឌីថា តំណាងពលរដ្ឋម្នាក់ឈ្មោះ ឡុច ទូច និងសមាជិកសហគមន៍៣នាក់ទៀតត្រូវបានតុលាការខេត្តព្រះសីហនុឃុំខ្លួនបណ្តោះអាសន្នទាំងអយុតិធម៌អស់រយៈពេលជាង៤ខែហើយ។

ពលរដ្ឋមានជម្លោះដីធ្លីក្នុងខេត្តព្រះសីហុន ប្រមាណ៤០០នាក់ តវ៉ាឲ្យដោះលែងសកម្មជនរបស់ពួកគេ មុខសាលាដំបូង ថ្ងៃទី ១៤ កញ្ញា ២០១៨ (រូបភាព៖ ផ្ដល់ឲ្យ)

លោកបន្តថា ដោយមើលឃើញភាពអយុត្តិ​ធម៌បែបនេះ បានធ្វើឲ្យអ្នកភូមិនាំគ្នាទៅតវ៉ាមុនតុលាការខេត្ត ដើម្បីសុំដោះលែងតំណាងពួកគេមានសេរីភាពវិញ។

គឺពួកយើងចង់ឲ្យតុលាការធ្វើការបញ្ឈប់ការចោទប្រកាន់ដល់លោកស្រី ឡុច ទូច និងសហគមន៍បីនាក់ទៀត ព្រោះពួកយើងមើលឃើញថា ការឃុំខ្លួនរបស់តុលាការហ្នឹង មានភាពអយុត្តិធម៌ ដោយមិនបានមើលទៅលើទៅលើឯកសាររបស់ក្រសួងកសិកម្មដែលចេញមកថា ដីនោះស្ថិតក្នុងតំបន់គម្របព្រៃឈើ។ ហេតុអ្វីបានជាយកប័ណ្ណកម្មសិទ្ធរបស់បុគ្គលមានអំណាចហ្នឹងមកចាប់ពលរដ្ឋចំនួន៤នាក់ដាក់ឃុំរយៈពេលជាង៤ខែ​យ៉ាងនេះ

ពលរដ្ឋម្នាក់លោក យូ​ វាសនា នៅឃុំអូរត្រេះ ស្រុកស្ទឹងហា

តាមរយៈវីដេអូឡាយលើបណ្តាញសង្គមអំពីការតវ៉ានោះ ពលរដ្ឋម្នាក់គឺ អ្នកស្រី អេង វណ្ណ បានស្នើទៅតុលាការឲ្យធ្វើការដោយឯករាជ្យ​ឈរលើគោលការណ៍ច្បាប់ ​និងត្រូវដោះលែងអ្នកជាប់ឃុំដោយសារដីធ្លីនោះមានសេរីភាពវិញ។

សុំឲ្យលោកតុលាការមេត្តាជួយ ដោយការអង្វររបស់ប្រជាពលរដ្ឋ សុំថ្លឹងថ្លែងសុំណុំរឿងធ្វើយ៉ាងណាឲ្យមានភាពយុត្តិធម៌។ ហើយចុងក្រោយនេះ ខ្ញុំជំនួសឲ្យពលរដ្ឋដែលកំពុងយំស្រែកនេះ សុំឲ្យលោកតុលាការវិនិច្ឆ័យដោះលែងលោកស្រី ឡុច ទូច និងសមាជិកសហគមន៍៣នាក់ទៀតឲ្យរួចចាកផុតពីក្នុងពន្ធនាគារផង ពីព្រោះគាត់មានសុខភាពមិនល្អទេ គាត់មាន ជំងឺបេះដូង ជំងឺលើសឈាមផងដែរ

ពលរដ្ឋម្នាក់គឺ អ្នកស្រី អេង វណ្ណ

ប្រធានលេខាធិការដ្ឋានរដ្ឋបាល នៃសាលាដំបូងខេត្តព្រះសីហនុ លោក យឹម ប៉ុណ្ណារ៉េត មានប្រសាសន៍ថា ករណីពលរដ្ឋតវ៉ាទាមទារដោះលែងតំណាងពួកគេនោះ លោកគ្មានតួនាទីអ្វីសម្រេចនោះទេ គឺស្ថិតនៅលើចៅក្រមជាអ្នកសម្រេច។ ប៉ុន្តែលោកថា ការដែលក្រុមពលរដ្ឋមកតវ៉ាបែបនេះវាគ្មានប្រយោជន៍អ្វីសម្រាប់អ្នកជាប់ឃុំនោះទេ ដោយថា ការធ្វើនេះ គឺខុសនីតិវិធីច្បាប់។

ពួកគាត់ត្រូវដាក់ពាក្យប្តឹងសុំនៅក្រៅឃុំទៅ គេឲ្យមិនឲ្យយ៉ាងម៉េច? យើងដាក់ទៅសាលាឧទ្ធរណ៍ទៀតទៅ ហើយបើយើងមកឈរតវ៉ាអញ្ចឹងដោះស្រាយម៉េចកើត?

ប្រធានលេខាធិការដ្ឋានរដ្ឋបាល នៃសាលាដំបូងខេត្តព្រះសីហនុ លោក យឹម ប៉ុណ្ណារ៉េត

កាលពីខែកក្តដាក្រុមអ្នកភូមិបានខកចិត្តចំពោះសាលាឧទ្ធរណ៍ម្តងរួចមកហើយ បន្ទាប់តុលាការមួយនេះ ប្រកាសសាលដីកាលើសុំណុំរឿងសុំនៅក្រៅឃុំរបស់តំណាងពលរដ្ឋខេត្តព្រះសីហនុ៤នាក់ ដោយសម្រេចបន្តឃុំខ្លួនតំណាងពលរដ្ឋទាំងនោះទៀតក្រោមហេតុផលថា ពួកគាត់គ្មានទីលំនៅច្បាស់លាស់ និងថា សាលាដំបូងខេត្តព្រះសីហនុមិនទាន់បិទការស៊ើបសួរនៅឡើយ។

មេធាវីការពារក្តីឲ្យតំណាងពលរដ្ឋទាំង៤នាក់នោះលោក កែ ប៊ុនធឿន ធ្លាប់មានប្រសាសន៍ថា បើតាមការស្រាវជ្រាវ និង ភស្ភតាងដែលផ្អែកតាមនីតិវិធីច្បាប់ គឺកូនក្តីរបស់លោកមិនត្រូវឃុំឃាំងនោះទេ។ មេធាវីរូបនេះបន្តថា ក្នុងសំណុំរឿងជម្លោះដីធ្លីនោះ គឺស្ថិតក្នុងតំបន់គម្របព្រៃឈើដែលតាមផ្លូវច្បាប់មិនអាចភាគីណា​មានសិទ្ធិ​ធ្វើ​ប័ណ្ណកម្មសិទ្ធបានឡើយ ប៉ុន្តែសម្រាប់ភាគីដើមបណ្តឹងបែរជាមានប័ណ្ណកម្មសិទ្ធដែលត្រូវមានទោស បើ​ផ្អែក​លើ​មាត្រា​២៥៩ នៃច្បាប់ភូមិបាល។

ប្រធានផ្នែកគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត មានប្រសាន៍ថា អ្នកដែលជាប់ពន្ធនាគារដោយសារជម្លោះដីធ្លីទាំងនោះគួរតែទទួលបានការលើកលែងទោស ដោយថា កន្លងមកលោកនាយករដ្ឋមន្រ្តីធ្លាប់មានប្រសាសន៍ថា មិនឲ្យពលរដ្ឋណាម្នាក់ជាប់ពន្ធនាគារដោយសារជម្លោះដីធ្លីនោះទេ។

តំណាងពលរដ្ឋ៤នាក់មានអ្នកស្រី ឡុច ទូច លោក ម៉ែន ខេន លោក ញាញ់ ជាតិ និងលោក កៅ ហេង នៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ត្រូវបានសាលាដំបូងខេត្តព្រះសីហនុសម្រេចឃុំខ្លួនកាលពី​ថ្ងៃទី៦ខែឧសភា បន្ទាប់ពីមានជម្លោះ​​​ជាមួយ​ឧកញ៉ា​ម្នាក់ ឈ្មោះ តាន់ តាត់ ដែលមានប័ណ្ណកម្មសិទ្ធិដីធ្លីជាន់លើតំបន់គម្របការពារព្រៃឈើក្នុងខេត្តព្រះសីហនុ៕​

ពលរដ្ឋមានជម្លោះដីធ្លីក្នុងខេត្តព្រះសីហុន ប្រមាណ៤០០នាក់ តវ៉ាឲ្យដោះលែងសកម្មជនរបស់ពួកគេ មុខសាលាដំបូង ថ្ងៃទី ១៤ កញ្ញា ២០១៨ (រូបភាព៖ ផ្ដល់ឲ្យ)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ