ស្ងាត់ៗ អតីតកីឡាករ បឺត ខាំ ក្លាយជាអ្នកជំនួញដីធ្លី

អតីតកីឡាករជើងខ្លាំង បឺត ខាំ

អមដោយការប្រកាសថានឹងបោះបង់ការប្រដាល់ បូករួមទាំងអាជីពបង្វឹកសិស្សដោយលែងងាកក្រោយ អតីតកីឡាករជើងខ្លាំង បឺត ខាំ បានអះអាងថា ខ្លួនបានក្លាយជាអ្នកជំនួញដីធ្លីហើយ ដោយលោកមិនមែនជាភ្នាក់ងារនាំភ្ញៀវអោយទិញដីឡូតិ៍នោះទេ តែគឺជាម្ចាស់ភាគហ៊ុន ដែលចេញរកស៊ីជំនួញនេះ ជាចំណែកផ្ទាល់ខ្លួនតែម្ដង។

លោកបានទាំងអះអាងថា ខ្លួនអាចរកចំណូលបានខ្ពស់ បើធៀបនឹងពេលដែលលោកនៅត្រាំត្រែងនឹងការប្រដាល់ និងធ្វើជាគ្រូបង្វឹកសិស្សនោះផង។

កីឡាករ បឺត ខាំ បានអះអាងថា លោកបានសម្រេចចិត្តបោះទុនក្នុងជំនួញដីធ្លីប្រមាណច្រើនខែមកហើយ បន្ទាប់ពីលោកសាកល្បងធ្វើជាភ្នាក់ងារលក់ដីឡូតិ៍ជាមួយបងធម៌មួយរយៈ ហើយត្រូវបងធម៌ផ្ដល់ឱកាសអោយចូលជាភាគហ៊ុន ដើម្បីទទួលបានផលចំណេញច្រើន។

លោកថាខ្លួនមានភាគហ៊ុនលើគម្រោងដីធ្លីដែលលោកបង្ហោះដាក់លក់រាល់ថ្ងៃ តែលោកបដិសេធមិនប្រាប់ទំហំដើមទុនដែលបានដាក់ចូលក្រុមហ៊ុននោះទេ ដោយគ្រាន់តែអះអាងថាមានចំនួនច្រើនដែរ ដែលថវិកាទាំងនោះ គឺបានពីការសន្សំ និងពីចំណែកដែលលោកទទួលបានពីការផ្ចុងផ្ដើមដោយក្រុមបងធម៌ ដែលជាម្ចាស់ដីធ្លី។

លោកថារយៈពេល២ខែចុងក្រោយ លោកទទួលបានផលចំណេញគួរសម ទើបបណ្ដាលអោយលោកសម្រេចចិត្តបោះបង់ការបង្វឹកកូនសិស្សនូវផ្នែកប្រដាល់ ដើម្បីផ្ដាច់ខ្លួនមករកស៊ីដីធ្លីវិញម្ដង ទុកជាបង្អែក។

ពីមុនខ្ញុំគ្រាន់តែរៀនជួយលក់ដីឡូតិ៍បងធម៌យកបទពិសោធន៍ អ៊ីចឹងខ្ញុំនៅតែឆ្លៀតបង្ហាត់សិស្សដដែល បើទោះជាខ្ញុំឈប់ប្រដាល់ ប៉ុន្តែខែចុងក្រោយ គឺខ្ញុំចូលហ៊ុនជាមួយបងធម៌តែម្ដង ទើបខ្ញុំបោះចោលទាំងស្រុងតែម្ដងសម្រាប់ការបង្វឹកសិស្សដែលធ្លាប់ធ្វើ!

អតីតកីឡាករជើងខ្លាំង បឺត ខាំ

លោកប្រកាសលែងស្ដាយ និងឈប់ងាកក្រោយពាក់ព័ន្ធនឹងការប្រដាល់ទៀតហើយ បន្ទាប់ពីលោករកឃើញមុខរបរដីធ្លី ដែលលោកបានហៅជំនួញរបស់ខ្លួននេះថាធ្វើអោយលោកបានប្រាក់ចំណូលរឹងមាំ។

រាល់ថ្ងៃខ្ញុំមិនមែនភាគហ៊ុនធំទេ ប៉ុន្តែខ្ញុំមើលឃើញពីផលចំណេញខ្ពស់ អ៊ីចឹងហើយទើបខ្ញុំមានលទ្ធភាពជាងមុន គឺខុសគ្នាដាច់ឆ្ងាយពីកាលខ្ញុំនៅប្រដាល់ និងនៅបង្ហាត់សិស្ស

អតីតកីឡាករជើងខ្លាំង បឺត ខាំ

ក្រៅពីប្រកាសអោយដឹងពីមុខរបរជាអ្នកចូលហ៊ុនលក់ដីធ្លី ជាមួយក្រុមហ៊ុនមួយ អតីតកីឡាករ បឺត ខាំ ក៏ត្រូវគេឃើញឡើងច្រៀងលើឆាកតន្ត្រីកាលពីពេលថ្មីៗ លើឆាកទូរទស្សន៍អាស៊ីអាគ្នេយ៍ អមដោយការប្រកាសថាលោកនឹងបន្តបង្ហាញឡើងឆាកបែបនេះអោយបានញឹកញាប់។

បន្ថែមពីលើការប្រកាស លោកបានបញ្ជាក់ថាខ្លួននឹងត្រៀមផលិតបទនិពន្ធថ្មី ដើម្បីឡើងឆាកនោះផង ដែលការសម្រេចចិត្តនេះ គឺដោយសារតែលោកត្រូវប៉ាន់ក្រោយពីបោះជំហានធ្វើជំនួញដីធ្លី ក្នុងនាមជាម្ចាស់ភាគហ៊ុនមួយនាពេលចុងក្រោយនោះឯង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ