ស្វែង សុជាតា ប្រឹងហាត់ក្បាច់គុនល្បុក្កតោ

អ្នកនាង ស្វែង សុជាតា

ក្នុងពិធីក្រុងពាលីរបស់ផលិតកម្ម LD កាលពីថ្ងៃទី១៣ កញ្ញា មុននេះ អ្នកនាង ស្វែង សុជាតា បានអះអាងថា អ្នកនាងរាល់ថ្ងៃ ប្រឹងចំណាយពេលទៅហ្វឹកហាត់ក្បាច់គុនល្បុក្កតោខ្លាំងណាស់ បើទោះជាអ្នកនាងមានវ័យកាន់ជ្រេ និងមិនដែលមានផលិតករណាម្នាក់ តម្រូវអោយអ្នកនាងសម្ដែងជាតួវាយតប់។

អ្នកនាងបង្ហើបថា ហេតុផលដែលនាំអោយអ្នកនាងប្រឹងហាត់រហូតភ្លេចបាយភ្លេចទឹក គឺដើម្បីកុំអោយខ្មាសតារាបរទេសប៉ុណ្ណោះ។

អ្នកនាង ស្វែង សុជាតា និងសិល្បកររួមអាជីព

អ្នកនាង ស្វែង សុជាតា និយាយថា ការពិតវ័យរបស់អ្នកនាង មិនមានផលិតករណាម្នាក់អោយសម្ដែងជាតួវាយតប់ ឬលោតហក់នោះទេ ប៉ុន្តែបើទោះជាយ៉ាងនេះក្ដី ក៏អ្នកនាងត្រូវតែចេះអោយបានគ្រប់ទម្រង់ ជាពិសេសគឺក្បាច់គុនខ្មែរ ដោយមិនអាចចេះតែយំ សោក និងសម្ដែងទឹកមុខតែមួយមុខឡើយ។

អ្នកនាងថា តារាបរទេសភាគច្រើន គឺគេចេះទាំងកាន់កាំភ្លេង បាញ់កាំភ្លើង និងក្បាច់គុនបានស្ទាត់ជំនាញខ្លាំងណាស់ ទើបអ្នកនាងគិតថា មិនហួសពេលទេ ដែលអ្នកនាងត្រូវហាត់អោយស្ទាត់នូវក្បាច់គុនល្បុក្កតោ ដែលហោចណាស់ ក៏មិនខុសពីការហាត់ប្រាណ។

ខ្ញុំរាល់ថ្ងៃខំហាត់ល្បុក្កតោណាស់ កុំអោយខ្មាសគេ ពេលផលិតករបរទេសមកឃើញតារាខ្មែរម្ដងៗ

អ្នកនាង ស្វែង សុជាតា

អ្នកនាងបញ្ជាក់ថា ហេតុផលដែលអ្នកនាងសម្រេចចិត្តហ្វឹកហាត់ល្បុក្កតោ គឺការពារខ្លាចក្រែងផលិតករបរទេសចុះមកផលិតរឿងនៅក្នុងប្រទេសកម្ពុជាដូចគ្នានឹងតារាហូលីវូដ អេជេលីណាជូលី ហើយត្រូវការតារាខ្មែរដែលអាចសម្ដែងបានទាំងទឹកមុខ កាចឆ្នាស់ និងចេះក្បាច់គុន គឺអ្នកនាងនឹងមានឱកាស។

ពួកហូលីវូដ វាចង់បានតែតួខ្មែរដែលចេះក្បាច់គុនទេ អ៊ីចឹងហើយទើបខ្ញុំសម្រេចចិត្តហាត់ល្បុក្កតោ ហើយមួយរយៈដែលខ្ញុំប្រឹងប្រែងហ្នឹង ខ្ញុំចេះច្រើនហើយ គឺអាចប្រើបាន!

អ្នកនាង ស្វែង សុជាតា

ជាមួយនឹងការបង្ហើបថា ប្រឹងហាត់ល្បុក្កតោ ដើម្បីត្រៀមទទួលផលិតករបរទេសដើម្បីថតរឿង អ្នកនាង ស្វែង សុជាតាក៏បានបង្ហើបថា ដើម្បីទុកការពារខ្លួននៅពេលមានការបំពានណាមួយ ជាពិសេសពាក់ព័ន្ធនឹងអំពើហិង្សាដែលធ្លាប់បង្កឡើងដោយស្វាមីក្មេង ដែលអ្នកនាងធ្លាប់បានប្រកាសនោះដែរ។

អ្នកនាង ស្វែង សុជាតា និងសិល្បកររួមអាជីព

អ្នកនាងពោលនៅចំពោះស្វាមីដែលបានជូនមកក្រុងពាលីរឿងថា៖

តាំងពីចេះក្បាច់ល្បុក្កតោមក ប្ដីខ្ញុំក៏មិនសូវហ៊ានដែរ អ៊ីចឹងហើយទើបខ្ញុំយល់ថា ស្រីចេះក្បាច់គុនមិនឥតប្រយោជន៍ទេ

អ្នកនាង ស្វែង សុជាតា

មកទល់ពេលនេះ អ្នកនាងថារវាងខ្លួន និងស្វាមី មិនដែលមានរឿងឈ្លោះប្រកែកដូចមុនទៀតទេ ខណៈដែលស្ថានភាពជម្លោះ និងហិង្សា គឺលែងមានទាំងស្រុងតែម្ដង ក្រោយពេលសម្រេចចិត្តត្រូវរ៉ូវគ្នាលើកចុងក្រោយ និងក្រោយពេលអ្នកនាងហាត់ចេះល្បុក្កតោច្រើនស្នៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ