បទយកការណ៍៖ យុវជនធ្វើយុទ្ធនាការតាមអនឡាញដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក

យុទ្ធនាការតាមអនឡាញដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក (រូបភាព៖ ហ្វេសប៊ុក 4Rs Campaign Cambodia)

សំរាម ឬកាកសំណល់ថង់ប្លាស្ទិក គឺជាបញ្ហាមួយដែលពិបាកដោះស្រាយ និងបង្កផលប៉ះពាល់ដល់បរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ អនាម័យ សោភណ្ឌភាពទីក្រុង និងមុខមាត់របស់ប្រទេសកម្ពុជា។

សំរាមរាប់ម៉ឺនតោន ដែលភាគច្រើនជាកាកសំណល់ថង់ប្លាស្ទិក បានបន្សល់ទុកពាសវាលពាសកាលនៅក្នុងទីក្រុង និងតាមបណ្ដាខេត្ត ដូចជានៅផ្សារលក់ដូរ ទីសាធារណៈ កន្លែងកម្សាន្ដ សាលារៀន និងបន្ទាប់ពីពលរដ្ឋប្រារព្ធពិធីបុណ្យប្រពៃណីជាតិធំៗ។

បញ្ហាសំរាម និងការប្រើប្រាស់ថង់ប្លាស្ទិក បានជំរុញឲ្យ​យុវជនមួយក្រុមនៅរាជធានីភ្នំពេញ ចាប់​ផ្ដើម​ធ្វើយុទ្ធនាការមួយតាមបណ្ដាញសង្គម ដែលមានឈ្មោះថា «យុទ្ធនាការ ហ្វ អរ» ដើម្បីបង្កើនការយល់ដឹងក្នុងស្រទាប់យុវជន និងរួមចំណែកកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្នុងប្រទេសកម្ពុជា។

ជា​និស្សិត​ឆ្នាំ​ទី​៣ សិក្សា​នៅ​សកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា ហ៊ីង ផាន់ណា បាន​ឲ្យ​ដឹង​ថា កញ្ញា​បាន​សម្រេច​ចិត្ត​ចូល​រួម​ក្នុង​យុទ្ធនាការ​នេះ ដើម្បី​បំផុស​ឲ្យ​យុវជន​ដទៃ​ទៀត មើល​ឃើញ​ពី​ផល​ប៉ះ​ពាល់​ដែល​កើត​ចេញ​ពី​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក ទៅ​លើ​បរិស្ថាន សុខភាព និងវិស័យទេសចរណ៍របស់កម្ពុជា។

កញ្ញាសង្កេតឃើញថា ពលរដ្ឋមួយចំនួនមិនទាន់យល់ដឹងពីរបៀបបែងចែកសំរាមទៅតាមប្រភេទ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផលប៉ះពាល់របស់វានោះទេ។

ជាពិសេសចំណេះដឹងខាងផ្នែកប្លាស្ទិក គឺយើងរឹតតែទទួលបានច្រើន ព្រោះអី យើងរកព័ត៌មានផ្សេងៗ ដែលទាក់ទងនឹងវា វាមានផលប៉ះពាល់ខ្លាំង ជាពិសេសថង់ដែលមានចម្រុះពណ៌។ ភាគច្រើនពួកគាត់និយមប្រើថង់ចម្រុះពណ៌ហ្នឹង គឺផ្ដល់ផលប៉ះពាល់ខ្លាំង គឺដោយសារថង់ប្លាស្ទិកធ្វើឡើងពីសារធាតុពុល ហើយត្រូវដាក់ពណ៌ឲ្យវាមួយតង់ទៀត អញ្ចឹងវាប៉ះពាល់ខ្លាំង

កញ្ញា ហ៊ីង ផាន់ណា ជា​និស្សិត​ឆ្នាំ​ទី​៣ សិក្សា​នៅ​សកលវិទ្យាល័យភូមិន្ទភ្នំពេញ

និស្សិតម្នាក់ទៀតរៀននៅវិទ្យាស្ថានជាតិសង្គមកិច្ច កញ្ញា ហ៊ុំ ស្រីល័ក្ខ យល់ថា បញ្ហាសំរាម ឬកាកសំណល់ថង់ប្លាស្ទិក មានការកើនឡើងខ្លាំងនៅក្នុងទីក្រុងភ្នំពេញ និងបានបង្កជាផលប៉ះពាល់ដល់បរិស្ថាន សោភ័ណ្ឌភាពទីក្រុង និងសុខភាពរបស់អ្នកប្រើប្រាស់។

ស្រីល័ក្ខនិយាយថា ខ្លួន​កញ្ញា​ផ្ទាល់បានព្យាយាមកាត់បន្ថយប្រើប្រាស់ថង់ប្លាស្ទិក និងបានពន្យល់ដល់សមាជិកគ្រួសារ មិត្តភក្ដិ និងអ្នកជិតខាងអំពីបញ្ហានេះ ប៉ុន្ដែ ពលរដ្ឋមួយចំនួនហាក់មិនចាប់អារម្មណ៍នោះទេ។

យើងឃើញថា មិនមែនតែយុវជន ឬប្រជាពលរដ្ឋទេ ពេលខ្លះសូម្បីតែគាត់មានការងារ ដែលល្អ ឬជាមន្ដ្រីរាជការ ក៏គាត់នៅប្រើប្រាស់ប្លាស្ទិកហ្នឹងដែរ។ នៅពេលយើងពេលធ្វើយុទ្ធនាការ វាមិនសូវបានទូលាយថា ប្រជាពលរដ្ឋគាត់អាចកាត់បន្ថយទាំងអស់ទេ គ្រាន់តែយើងអាចសង្កេតអ្នកមួយចំនួន ដែលនៅជិតខ្លួនយើង អាចជាមិត្តភក្ដិ គ្រួសារយើង ឬក៏អ្នករៀនជាមួយយើង ដែលយើងបានធ្លាប់ណែនាំ

កញ្ញា ហ៊ីង ផាន់ណា ជា​និស្សិត​ឆ្នាំ​ទី​៣ សិក្សា​នៅ​សកលវិទ្យាល័យភូមិន្ទភ្នំពេញ

និស្សិតម្នាក់ទៀតរៀននៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច លោក និត កុសល  អះអាងថា លោកបានចូលរួមក្នុងយុទ្ធនាការតាមប្រព័ន្ធអនឡាញនេះ ៣ឆ្នាំមកហើយ។ លោកថា​ យុវជនមួយចំនួនដែលបានចូលរួមយុទ្ធនាការនេះបានប្ដេជ្ញាចិត្ដថា ពួកគេនឹងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្នុងករណីមិនចាំបាច់ និងនៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ។

យុវជនរូប​នេះយល់ថា ដើម្បីកាត់បន្ថយបញ្ហាថង់ប្លាស្ទិក គឺត្រូវមានការចូលរួមពីភាគីពាក់ព័ន្ធ ការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធិភាព និងលើកទឹកចិត្ដដល់ប្រជាពលរដ្ឋ ដែលយកចិត្តទុកដាក់លើបញ្ហានេះ។

ទាំងយុវជន ទាំងប្រជាពលរដ្ឋសាមញ្ញធម្មតាហ្នឹង យើងមានតួនាទីសំខាន់ណាស់ក្នុងការចូលរួមកាត់បន្ថយថង់ប្លាស្ទិក ប៉ុន្ដែ ដើម្បីឲ្យមានប្រសិទ្ធិភាព លុះត្រាតែភាគីពាក់ព័ន្ធ ទាំងរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធទាក់ទងនឹងបរិស្ថានហ្នឹង ព្យាយាមធ្វើយ៉ាងណាជំរុញឲ្យប្រជាពលរដ្ឋចូលរួមកាត់បន្ថយប្លាស្ទិក តាមរយៈការបង្កើតឲ្យមានច្បាប់ ប៉ុន្ដែ សុំឲ្យការអនុវត្តមានប្រសិទ្ធិភាពតាមហ្នឹងដែរ

និស្សិតម្នាក់ទៀតរៀននៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច លោក និត កុសល

មន្ដ្រីគម្រោងចលនាយុវជនសម្រាប់និរន្ដភាពបរិស្ថានរបស់អង្គការកម្មវិធីអភិវឌ្ឍធនធានយុវជន លោក សុខ ចាន់វីរៈ លើកឡើងថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ឬយុទ្ធនាការ «ហ្វ អរ» បានចាប់ផ្ដើមរយៈពេល ៤ឆ្នាំមកហើយ ក្រោមការផ្ដួចផ្ដើម និងរៀបចំដោយអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)។

លោកថា យុទ្ធនាការនៅឆ្នាំនេះ មានរយៈពេល ១៤ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី៩ ដល់ថ្ងៃទី២៣កញ្ញា។ យុទ្ធនាការនេះ មានគោលដៅលើកកម្ពស់ការយល់ដឹងពីបញ្ហាបរិស្ថាន និងបញ្ហាប្លាស្ទិក និងជំរុញឲ្យយុវជនចូលរួមផ្សព្វផ្សាយ និងចែករំលែកការយល់ឃើញរបស់ពួកគេអំពីបញ្ហាបរិស្ថានក្នុងប្រទេសកម្ពុជា។

ប៉ុន្ដែ អ្វីដែលយើងចង់បានសំខាន់ គឺយើងរួមគ្នាក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដូចជា យុទ្ធនាការ ហ្វរ អរ គឺមានគោលការណ៍៤សំខាន់ៗ ដើម្បីចូលរួមធ្វើយ៉ាងណាឲ្យសំណល់ប្លាស្ទិកមានការកាត់បន្ថយ។ ឧទាហរណ៍ទី១ គឺយើងបដិសេធដាច់ខាតមិនប្រើប្រាស់ថង់ប្លាស្ទិកក្នុងករណីមិនចាំបាច់ ទី២ គឺកាត់បន្ថយ ទី៣ គឺការប្រើប្រាស់ឡើងវិញ និងទី៤ គឺកែច្នៃឡើងវិញ

លោក សុខ ចាន់វីរៈ មន្ដ្រីគម្រោងចលនាយុវជនសម្រាប់និរន្ដភាពបរិស្ថានរបស់អង្គការកម្មវិធីអភិវឌ្ឍធនធានយុវជន

លោកបន្ដថា កាកសំណល់ថង់ប្លាស្ទិក ជាប្រភេទសំរាមមួយ ដែលមិនងាយរលាយចេញពីផែនដីនោះទេ ហើយត្រូវការពេលរាប់រយឆ្នាំ ដើម្បីឲ្យកាកសំណល់ប្រភេទនេះ រលាយបាត់។ កាកសំណល់ប្រភេទនេះ ក៏បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់ បញ្ហាខ្យល់ដង្ហើម និងបរិស្ថានទាំងមូល។

លោកជឿថា ការអប់រំ និងផ្សព្វផ្សាយសាធារណៈជនឲ្យយល់ដឹងពីបញ្ហានេះ គឺជាវិធានការចាំបាច់មួយ។ ប៉ុន្ដែ លោកយល់ថា រដ្ឋាភិបាលគួរបង្កើតឲ្យមានរោងចក្រកែច្នៃសំរាមឡើងវិញ ព្រោះថា វាអាចកាត់បន្ថយសំរាមនៅក្នុងប្រទេសកម្ពុជា មួយកម្រិតធំ។

មួយទៀត យើងចង់បង្កើតឲ្យមានរោងចក្រកែច្នៃនៅក្នុងប្រទេសកម្ពុជា […] ចំពោះរោងចក្រកែច្នៃ ខ្ញុំគិតថា វាជាយន្ដការមួយល្អមែនទែន បើសិនជាប្រទេសកម្ពុជា ឬក្រសួងពាក់ព័ន្ធ អាចធ្វើយ៉ាងណាឲ្យមានការវិនិយោគកែច្នៃសំណល់ប្លាស្ទិកឡើងវិញ

លោក សុខ ចាន់វីរៈ មន្ដ្រីគម្រោងចលនាយុវជនសម្រាប់និរន្ដភាពបរិស្ថានរបស់អង្គការកម្មវិធីអភិវឌ្ឍធនធានយុវជន

ប្រធានមជ្ឈមណ្ឌលវប្បធម៌អនុវត្តន៍ និងសីលធម៌កម្ពុជា លោក​ ប៉ា ចន្ទរឿន មានប្រសាសន៍ថា យុវជនដែលរៀននៅថ្នាក់ឧត្តមសិក្សា មានការយល់ដឹងពីបញ្ហាសំរាម និងថង់ប្លាស្ទិក ខ្ពស់ជាងយុវជននៅថ្នាក់វិទ្យាល័យ ឬក្រោមនេះ។

លោកថា មូលហេតុចម្បងនៃបញ្ហានេះ គឺដោយសារកម្រិតយល់ដឹងរបស់ពលរដ្ឋ ទម្លាប់នៃការចោលសំរាមពាសវាលពាសកាល ចន្លោះប្រហោងក្នុងប្រព័ន្ធអប់រំ និងចំណាត់ការម៉ឺងម៉ាត់របស់រដ្ឋាភិបាល។

ការយល់ដឹង និងការយកចិត្តទុកដាក់ចំពោះបញ្ហាសំរាមរបស់ប្រជាជនយើង ទាំងយុវជន ទាំងមនុស្សចាស់ហ្នឹង ក្នុងការទុកដាក់ និងបោះចោលសំរាម និងថង់ប្លាស្ទិកនៅមិនទាន់មានការយកចិត្តទុកដាក់ខ្ពស់នៅឡើយទេ។ […] ទី១ ខ្ញុំគិតថា គួរតែបន្ថែមពន្ធលើការចរាចរថង់ប្លាស្ទិកក្នុងប្រទេសកម្ពុជា បង្កើនការអប់រំប្រជាជនទូទៅ ទី៣ សហការជាមួយភាគីពាក់ព័ន្ធ ​និងវិធីមួយទៀត គឺត្រូវតែលើកកម្ពស់ឲ្យមានការផលិត និងការប្រើប្រាស់ថង់ ដែលមានលក្ខណៈប្រសើរសម្រាប់បរិស្ថាន

ប្រធានមជ្ឈមណ្ឌលវប្បធម៌អនុវត្តន៍ និងសីលធម៌កម្ពុជា លោក​ ប៉ា ចន្ទរឿន

កាលពីខែ​តុលា ឆ្នាំ២០១៧ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​មួយស្តី​ពី​ការគ្រប់​គ្រង​ថង់​ប្លាស្ទិក​ ក្នុង​គោលបំណង​បង្កើន​ប្រ​សិទ្ធ​ភាព​​កាត់​បន្ថយការ​នាំចូល ការ​ផលិត ចែកចាយ និង​​ប្រើប្រាស់​ថង់​ប្លាស្ទិក ដើម្បីធានា​នូវ​កិច្ច​គាំពារ​សុខភាព​សាធារណៈ បរិស្ថាន និងសោភណ័ភាពទីក្រុង។

រដ្ឋាភិបាលថា បច្ចុប្បន្ន  កាក​សំណល់​ប្លាស្ទិក​កំពុង​បង្កហានិភ័យ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី និងការអភិវឌ្ឍមនុស្សនៅទូទាំងពិភពលោក ដោយថា កាកសំណល់ប្រភេទនេះ ត្រូវប្រើពេលវេលាយូរ ទើបរលួយអស់ពីផែនដី ពោលគឺចាប់ពី ៥០០ទៅ១ ០០០ឆ្នាំឯណោះ។

ប្រធាននាយកដ្ឋានគ្រប់គ្រងសំណល់រឹង នៃក្រសួងបរិស្ថាន លោក ឌី គីដែន មានប្រសាសន៍ថា រដ្ឋាភិបាលបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីកាត់បន្ថយបញ្ហាថង់ប្លាស្ទិកនេះ ដូចជា រឹតបន្ដឹងការនាំចូលប្រភេទថង់ប្លាស្ទិក  លើកទឹកចិត្តដល់ការផលិត និងចែកចាយថង់ប្លាស្ទិកដែលគិតពីបរិស្ថាន និងយន្ដការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដែលមិនចាំបាច់។

ថង់ដែលអនុញ្ញាតឲ្យប្រើប្រាស់ គឺត្រូវតែមានកម្រាស់ក្រាស់ជាង ០.០៣មីលីម៉ែត្រ ហើយទទឹងបាត ត្រូវធំជាង ២៥សង់ទីម៉ែត្រ ហើយការរឹតបន្ដឹងដើមខ្សែនេះ វាអាចជួយកាត់បន្ថយនូវការគ្រប់គ្រង និងបន្ថយបរិមាណ ព្រោះយើងរឹតបន្ដឹងដែលយើងហាមឃាត់ […] ចំណុចទី២ គឺយើងលើកទឹកចិត្ត​ឲ្យមានការនាំចូល ឬផលិតប្រភេទថង់ប្លាស្ទិក ដែលផលិតពីសារធាតុងាយពុកផុយ

ប្រធាននាយកដ្ឋានគ្រប់គ្រងសំណល់រឹង នៃក្រសួងបរិស្ថាន លោក ឌី គីដែន

ការ​សិក្សា​​របស់​​អង្គការ​​មូល​និធិ​​អក្ខរា (ACRA Foundation) កាលពីឆ្នាំ២០១៦ ឲ្យដឹងថា រដ្ឋាភិបាល​​កម្ពុជា​បាន​ខាត​បង់​ថវិកា​អស់​រាប់​លាន​ដុល្លារ​អាមេរិក ពី​កាកសំណល់​​ប្លាស្ទិក​។ មិនតែប៉ុណ្ណោះ កម្ពុជាត្រូវ​​ចំណាយ​ថវិកា​​​ជាង​​ ៥ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ទៅ​លើ​ការ​សម្អាត​ថង់​​ប្លាស្ទិក​​នៅ​ក្នុង​​ខេត្ត​ក្រុង​ធំៗ​ចំនួន​៣​ ដូចជា នៅ​​ខេត្ត​​ព្រះសីហនុ ខេត្ត​សៀម​រាប និងនៅរាជធានី​ភ្នំ​ពេញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ