មេធាវី៖ មិនមានសវនការលោក កឹម សុខា នៅសាលាឧទ្ធរណ៍​សប្ដាហ៍​ក្រោយ​ទេ

លោក កឹម សុខ អតីតប្រធានគណបក្សសង្គ្រោះជាតិ​(រូបពីហ្វេសប៊ុក លោក កឹម សុខា)

មេធាវី​ការពារ​ក្ដី​ឲ្យ​មេដឹកនាំ​បក្ស​ប្រឆាំង បាន​ឲ្យ​ដឹង​ថា សវនការ​សួរ​ដេញ​ដោល​មេដឹកនាំ​អតីត​បក្ស​ប្រឆាំងពី​សំណាក់​សាលាឧទ្ធរណ៍​​នៅ​សប្ដាហ៍​ក្រោយ​ទេ នឹង​មិន​មាន​ទេ បន្ទាប់​ពី​ក្រុម​មេធាវី​បាន​ដក​ពាក្យ​បណ្ដឹង​រួច​ហើយ​នោះ។

មេធាវីម្នាក់ក្នុងចំណោមមេធាវី៤រូបដែលកាពារក្តីឲ្យ​ លោក កឹម សុខា គឺអ្នកស្រី ម៉េង សុភារី បាន​ប្រាប់ VODនៅល្ងាចថ្ងៃសៅរ៍នេះថា អ្នកស្រីមិនដឹងថា មានសវនការនៅថ្ងៃទី១៧ កញ្ញាខាង​មុខ​នេះ ឬ​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ អ្នកស្រី​ថា ក្រុមមេធាវី​បានដក​រួច​ហើយ​នូវ​ពាក្យបណ្តឹងដែលប្តឹងជំទាស់​នឹងដីកាសម្រចពន្យារពេលឃុំខ្លួនជាលើកទី២​។

អ្នកស្រី​បន្ថែម​ថា កូន​ក្ដី​របស់​អ្នកស្រី គឺ​លោក កឹម សុខា មិនចង់ឲ្យវែងឆ្ងាយទៀត ព្រោះកូនក្តីរបស់​អ្នកស្រី​បានត្រឡប់មកដល់ផ្ទះវិញហើយ។ មេធាវីរូបនេះបញ្ជាក់ច្បាស់ថា នេះគឺជាការសម្រេចចិត្តរបស់កូនក្តីតែម្តង។

កាល​ពី​ថ្ងៃ​ទី​៧ ​កញ្ញា សាលា​ឧទ្ធរណ៍​បាន​បញ្ជា​ទៅ​ប្រធាន​ពន្ធនាគារ​ត្រពាំងផ្លុងឲ្យនាំ​ខ្លួន ​លោក កឹម សុខា ចូល​ទៅ​សវនការ​នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឲ្យ​ចូលរួម​ក្នុង​សវនការ​សួរ​ដេញ​ដោលអំពីសំណុំ​រឿង​«ក្បត់​ជាតិ»​ ខណៈលោកនៅជាប់ឃុំនៅឡើយ។

លោក កឹម សុខា ត្រូវបានដោះលែងពី​ការ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង មក​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ កាល​ព្រឹក​ថ្ងៃ​ទី​១០​ កញ្ញា បន្ទាប់​ពី​លោក​ត្រូវ​បាន​ចាប់​ដាក់​ឃុំ​អស់​រយៈ​ពេល​ជាង ១​ឆ្នាំ​មក​ហើយ។

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​អះ​អាង​ថា លោក កឹម សុខា ត្រូវ​បាន​ដោះ​លែង​ពី​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ក្រោម​ហេតុផល​សុខភាព​របស់​លោក និង​មាន​ការ​ធានា​ពី​នីតិវិធី​ច្បាស់​លាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ