លោក ស ខេង ថ្លែង​ថា លោកជាអ្នករៀបចំឲ្យឃុំខ្លួនលោក កឹម សុខា នៅក្នុងផ្ទះ

អនុប្រធានគណបក្ស​ប្រជាជនកម្ពុជា​ លោក ស ខេង និង​ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ចាប់ដៃគ្នា ក្រោយពីបញ្ចប់កិច្ចប្រជុំ​ចរចា​នយោបាយ​កាល​ពី​ឆ្នាំ២០១៦។

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង បាន​បង្ហើបឲ្យ​ដឹង​ថា លោកជាអ្នករៀបចំផ្ទេរការឃុំខ្លួនមេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ពី​ពន្ធនាគារ​ត្រពាំងផ្លុង មកជាការឃុំខ្លួននៅក្នុងផ្ទះរបស់លោកវិញ ប៉ុន្តែ លោក​ថា ច្បាប់​ព្រហ្ម​ទណ្ឌ​កម្ពុជា មិនបានចែងនៅត្រង់ចំណុចនេះនោះ​ឡើយ។

នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​សមាជិក​ និង​អ្នក​គាំ​ទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឯ​ខេត្ត​ព្រៃវែង​នៅ​ថ្ងៃ​នេះ រដ្ឋ​មន្ត្រី​មហាផ្ទៃ លោក ស ខេង ដែល​កាន់​តំណែង​ជា​ឧប​នាយក​រដ្ឋ​មន្ត្រី​ផង និង​ជា​អនុ​ប្រធាន​គណបក្ស​កាន់​អំណាច​ផង​នោះ បាន​ថ្លែងថា ក្រម​ព្រហ្ម​ទណ្ឌកម្ពុជា ពុំ​បាន​ចែង​អំពី​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​នោះ​ទេ ប៉ុន្តែ លោក​ថា រូប​លោក និង​មន្ត្រី​ក្រសួង​មហាផ្ទៃ​ដទៃ​ទៀត បាន​ជជែក​គ្នា និង​សម្រេច​រៀបចំ​ដាក់​លោក កឹម សុខា ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ។

អញ្ចឹង​ កឹម សុខា ឥឡូវ​​នេះ យើង​យក​មក​ទុកនៅ​នឹង​ផ្ទះ។ ច្បាប់​យើង​ ច្បាប់ព្រហ្ម​ទណ្ឌ​ហ្នឹង​ណា អត់​អនុញ្ញាត​ឲ្យ​ឃុំ​ខ្លួន​នៅ​ផ្ទះ​ទេ អត់​មាន​ហេ។ គេ​ថា ឃុំ​ខ្លួន​នៅ​ក្នុង​ដែន​ដី​ណា​មួយ​ជា​កំណត់។ អញ្ចឹង​ធ្វើ​ម៉េច​អាលូវ? ចន្លោះ​ដែរ អ្នក​សរសេរ​ច្បាប់​ព្រហ្ម​ទណ្ឌ​ហ្នឹង អត់​មាន​ឃុំ​ខ្លួន​នៅ​ផ្ទះ។ ដល់​អញ្ចឹង រក​វិធី ខ្ញុំ​ថា អាលូវ​ព្រាង​ឲ្យ​ហើយ​ទៅ ឲ្យ​ [ប៉ាវ ហម]ផាន យក​ទៅ ព្រាង​ឲ្យ​ហើយ កាន់​ពី​ហ្នឹង​ទៅ ទៅ​ដល់​ចរចា​ជាមួយ​នឹង កឹម សុខា ខ្លួន​ឯង ព្រោះ ផាន ទៅ​យក​ម៉ោ

រដ្ឋ​មន្ត្រី​មហាផ្ទៃ លោក ស ខេង

លោក ស ខេង ថ្លែងបន្ត​ទៀតថា លោកបានចាត់តាំងឲ្យមន្ដ្រីក្រសួង​មហា​ផ្ទៃ ទៅចរចាជាមួយលោក កឹម សុខា ក្នុងពន្ធនាគារ និងប្រាប់ឲ្យចុះលេខាលើសេចក្ដី​ព្រាង​លិខិតមួយ ដែល​ត្រូវ​បាន​ដឹង​ថា លោក កឹម សុខា បាន​ស្នើ​ទៅ​អគ្គ​ស្នងការ​នគរបាល​ជាតិ ឲ្យ​ជួយ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​រូប​លោក​អំឡុង​ពេល​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​នេះ។

ដល់​ហើយ​សរសេរ​​ម៉ង​ សរសេរ​ថា ដោយ​បញ្ហា​សន្តិសុខ​អី​អញ្ចឹងទៅ ខ្ញុំ​សូម​ស្នើ​អគ្គ​ស្នងការ​នគរបាល​ជាតិ ជួយ​រៀបចំ​ការ​ពារ​សន្តិសុខ​ សវុត្ថិភាព​សម្រាប់​ខ្ញុំ។ យើង​យក​ទៅ ផាន គេ​យក​ទៅ​ចរចា ចរចា គេ​ឯកភាព ឯកភាព ប៉ុន្តែ យើង​អត់​យក​អា​ក្រដាស​វ៉ៃ​ពុម្ព​ហើយ​ទៅ​ទេ អក្សរ​ហើយ​ទៅ​ទេ អូស​ពី​កុំព្យូទ័រ​ទៅ​ទេ គឺ​ឲ្យ​សរសេរ​ដៃ

រដ្ឋ​មន្ត្រី​មហាផ្ទៃ លោក ស ខេង

លោក ស ខេង អះ​អាង​ថា លោក​ និង​មន្ត្រី​របស់​លោក បាន​សម្រេច​ធ្វើ​បែប​នេះ ដើម្បី​ធានា​ថា គ្មាន​ការ​ចោទ​ថា លោក កឹម សុខា ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ដោយ​ខុស​ច្បាប់ ប៉ុន្តែ លោក​ថា ការ​ដាក់​ពង្រាយ​កម្លាំង​ជុំ​វិញ​ផ្ទះ​លោក កឹម សុខា គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើ​សុំ​ពី​មេដឹកនាំ​បក្ស​ប្រឆាំង ដើម្បី​ការពារ​សន្តិសុខ និង​សុវត្ថិភាព។

ទោះជាយ៉ាងណា លោក ស ខេង ពុំ​បាន​ប្រាប់​ឲ្យ​ដឹង​ពី​មូល​ហេតុ​អ្វី​ដែល​នាំ​ឲ្យ​មាន​​ការ​ផ្ទេរ​ការ​ឃុំ​ខ្លួន​លោក កឹម សុខា ពី​ពន្ធនាគារ​ត្រពាំងផ្លុង មក​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​នោះ​ឡើយ។

ប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេច​ដោះ​លែង​ពី​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង មក​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​វិញ កាល​ពី​យប់​ថ្ងៃ​ទី​៣ ខែ​កញ្ញា ក្រោម​​ហេតុផល​សុខភាព បន្ទាប់​ពី​លោក​ត្រូវ​បាន​ចាប់​ដាក់​ឃុំ​អស់​រយៈ​ពេលជាង ១​ឆ្នាំ​មក​ហើយ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ