តួលេខ​ពន្ធដារ​បង្ហាញ​ថា ចំណូល​ពន្ធ​ប្រមូល​បាន​លើស​១.៥​ពាន់​លាន​ដុល្លារ​រយៈ​ពេល​៨​ខែ​ឆ្នាំ​នេះ

ច្រកចូល អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលមានទីតាំងស្ថិតនៅ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដាន បង្ហាញថា ចំណូល​បាន​មក​ពី​ពន្ធ​អាករ​គ្រប់​ប្រភេទ​សម្រាប់​រយៈ​ពេល ៨​ខែ​ឆ្នាំ​នេះ ត្រូវ​បាន​សម្រេចបានតាមផែនការប្រចាំឆ្នាំ ដោយថា ចំណូល​ពន្ធបាន​កើនឡើងជាង ១២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុង​សេចក្ដីប្រកាសព័ត៌មានមួយ អគ្គនាយកដ្ឋានពន្ធដារអះអាងថា រយៈពេល ៨ខែដើមឆ្នាំ២០១៨ រដ្ឋាភិបាលប្រមូលពន្ធបានជាង ៦ពាន់​ប៊ីលានរៀល (៦០១៣.២០ ប៊ី​លាន​រៀល) ឬស្មើនឹងជាង ១ពាន់ ៥រយលានដុល្លារអាមេរិក (១៥០៣.២៩​លាន​ដុល្លារ) ដែល​ស្ថាប័ន​នេះ​ថា ស្របតាមផែនការច្បាប់កំណត់ ៧៨.១៥ភាគរយ។

បើតាមសេចក្ដីប្រកាសព័ត៌មាន អគ្គនាយកដ្ឋានពន្ធដារអះអាងថា បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ ការប្រមូលពន្ធអាករគ្រប់ប្រភេទនៅឆ្នាំនេះ កើនឡើង ៦៧១.៨៩ប៊ីលានរៀល ឬស្មើនឹង ១៦៩លានដុល្លារអាមេរិក ឬ​មាន​កំណើន​ ១២.៥៨ភាគរយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ