វិភាគ៖​ តើ​ឥទ្ធិ​ពល​អឺ​រ៉ុប​ជំរុញ​ឲ្យមា​ន​ការ​ចរ​ចា​នយោ​បាយ​នៅក​ម្ពុជា​ឬ​ទេ​?

លោក កឹម សុខា និងលោក ហ៊ុន សែន​កាល​ពី​ពេល​កន្លង​ទៅ​ (រូបថត Fresh​​​ News)

សភាអឺរ៉ុបនៅសប្តាហ៍មុន បានបន្តទុកពេលឲ្យរដ្ឋាភិបាលថ្មីរបស់កម្ពុជា ពិចារណាពីការស្តារប្រជា​ធិបតេ​យ្យឡើងវិញ​ មុន​ឈាន​ទៅ​ដល់​ការ​អ​នុ​​​វត្ត​វិធា​នការនានា រួមទាំងការ​ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ «អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ» ឬ​ហៅ​កាត់​ថា EBA។

ការព្រមានជាថ្មីទៀតរបស់សភាអឺរ៉ុបនេះ បាន​កើត​ឡើង​ក្រោយពីជំរុញញឹកញាប់ តែស្ថានការណ៍នយោបា​យនៅ​ក​ម្ពុ​ជា​ហា​ក់គ្មានអ្វីប្រែប្រួល តាមការចង់បានរបស់ខ្លួន ដោយអតីតបក្សប្រ​ឆាំងនៅ​តែ​ត្រូ​​វ​​គេ​ផា​ត់ចេ​​​​ញពី​ឆាក​នយោ​បា​យដដែល។

តាមសេចក្តីសម្រេចរបស់សភាអឺរ៉ុប ទាមទារឲ្យរដ្ឋាភិបាលរបស់ខ្លួន​ដាក់ទណ្ឌកម្មច្រើនចំណុច លើ​រដ្ឋា​ភិបា​​លកម្ពុជា រួមទាំង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ បើសិនជាសិទ្ធិ​សេរី​ភាព​អ​ង្គកា​​រ​​ស​​ង្គម​ស៊ីវិល អ្នកសា​រព័​ត៌​មាន អ្នក​កា​រ​​ពា​រ​​​សិ​​ទ្ធិ​​​មនុស្ស មេដឹកនាំសហជីពនៅតែត្រូវបានរឹតត្បិត។

អឺរ៉ុបក៏ទាមទារឲ្យទម្លា​ក់ការចោ​ទ​ប្រ​​កា​​​ន់​​ទាំ​ង​ស្រុ​ង លើអតីតមេ​ដឹ​ក​នាំ​​ប​ក្ស​ប្រឆាំង លោ​ក​ កឹម ​សុខា និង លោក សម រង្ស៊ី ផង​ដែរ។

ក្រៅ​ពីនេះ ក្រុមប្រទេសលោកសេរីដែលមានសមាជិកចំនួន ២៨ប្រទេសមួយនេះ ជំរុញឲ្យរដ្ឋា​ភិបាល​រប​ស់​ខ្លួន រៀប​ចំបញ្ជី​ឈ្មោះមន្ត្រីកម្ពុជា ​ជាប់​ពាក់ព័ន្ធនឹង​កា​រ​រំលា​​​​​​យគណ​​ប​ក្ស​ស​ង្គ្រោះជាតិ អ្នកចូលរួម​បំ​ផ្លា​ញ​ល​ទ្ធិប្រជា​ធិបតេយ្យ និងសិទ្ធិមនុស្សក្នុង​ប្រទេសកម្ពុ​ជា ដើ​​ម្បី​​ដាក់ទ​ណ្ឌ​កម្ម​ប​ង្កកទ្រព្យសម្បត្តិ និងទណ្ឌក​ម្ម​ទិ​ដ្ឋា​​​កា​​រផងដែរ។

មួយវិញទៀតលោក សម រង្ស៊ី ដែលត្រូវបានអនុញ្ញាតិឲ្យចូលស្តាប់ក្នុងកិច្ចប្រជុំនោះដែរ បានសរសេ​រលើ​​​​​ហ្វេ​​សប៊ុករ​បស់លោក នៅថ្ងៃទី១៥ ខែ​កញ្ញា​នេះថា តំណាងរាស្ត្រខ្លះរបស់អឺរ៉ុប បាន​ស្នើព្យួ​​រ​​អាសនៈរ​បស់កម្ពុ​ជា​នៅ​អ​ង្គ​​ការសហប្រជាតិបណ្តោះអាសន្ត អំឡុង​ពេល​តាម​ដាន​ការ​ស្តារ​ប្រជាធិបតេយ្យឡើងវិញនេះ។

តើវិធានការចង់ឲ្យស្តារប្រជាធិបតេយ្យនៅកម្ពុជារបស់អឺរ៉ុបនេះ មានឥទ្ធិពលទេ?

សហភាព​អឺរ៉ុប​ បានកំណត់​មិនយកពន្ធ​លើផ​លិត​ផល​គ្រប់​យ៉ាង​លើកលែងតែអាវុធ ដែល​កម្ពុ​ជា​​នាំ​​​ទៅ​ល​ក់​នៅ​​ទី​ផ្សាររបស់ខ្លួន។ ប្រព័​ន្ធ​អនុគ្រោះពន្ធ​ EBA នេះ ធ្វើឲ្យ​សហភាព​អឺរ៉ុ​ប​ក្លាយជា​ទីផ្សារ​ដ៏ធំ​មួយ​ សម្រាប់​កម្ពុជានាំ​ផលិតផល​កាត់​ដេរ​​ ទៅ​ល​ក់​នៅ​ទី​នោះ​ដោ​​យ​​រួចព​ន្ធ​រាប់រយលានដុល្លារក្នុង ១ឆ្នាំៗ។

​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូស័ក្តិ រាយការណ៍បា្រប់នាយករដ្ឋមន្ត្រី​អំឡុងចុ​ង​ឆ្នំា២​​​​០​១៧ថា កម្ពុ​ជា​ទ​ទួ​​​​ល​​បា​ន​ផល​ប្រយោជន៍ប្រមាណ ៧០០លានដុល្លារ ក្នុងឆ្នាំ២០១៦ តាមរយៈប្រ​ព័​​ន្ធ​​អនុ​​គ្រោះពន្ធរ​បស់អឺ​រ៉ុប​នេះ​។

របាយការណ៍របស់គណៈកម្មការអឺរ៉ុប ចេញផ្សាយ​កាលពីខែមេសាកន្លងទៅ​ថា កម្ពុជាបាន​នាំចេញ​ទំនិញ​ទៅ​សហ​គមន៍អឺរ៉ុបក្នុងឆ្នាំ២០១៧ មានទំហំជាសាច់ប្រាក់ជាង​ ៦ពាន់លានដុល្លា។

​ប្រព័ន្ធ​អនុ​គ្រោះពន្ធ​នេះ ​បាន​ភ្ជាប់​ទៅនឹង​លក្ខខណ្ឌសិទ្ធិ​មនុស្ស​ និងប្រ​ជាធិបតេយ្យ ​អនុឡោមតាមកិ​ច្ច​ព្រ​ម​ព្រៀ​​​​​​ង​ស​​​ន្តិភា​ពទីក្រុ​ងប៉ារីស​ឆ្នាំ​១៩៩១​។

អ្នកតាមដាននយោបាយ លោក ឯម សុវណ្ណារ៉ា និយាយថា បើគេពិនិត្យមើលពីសក្តានុ​ពលនៃទំនាក់ទំនង​ពាណិជ្ជកម្ម​រវាងកម្ពុជា និងអឺរ៉ុប លោក​វិភាគថា អឺរ៉ុបនៅតែមានឥទ្ធិពល​ក្នុងការជំរុញឲ្យមាន​ការច​រចាន​យោ​​​បាយនៅកម្ពុជា ដោយថា ទំ​​និញស្ទើរតែទាំងអស់​របស់​កម្ពុជា​ស្ថិត​នៅ​លើទីផ្សា​រអឺ​រ៉ុប និងអាមេ​រិក ពិសេសផលិតផលកាត់ដេរ។

លោក ឯម សុវណ្ណារា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ
កម្ពុជាទៅទីផ្សារអឺរ៉ុបនឹង ៥២% ទៅអាមេរិក ២២% ទៅជប៉ុន ៧.៥% ហើយទៅចិន​តែ ៦.៧%​ទេ។​ អញ្ចឹង​​បើយើង​ធៀប​ទៅនឹង​យន្តការនេះ កម្ពុជានៅពឹងទីផ្សារអឺរ៉ុប និងអាមេរិកច្រើន

អ្នកតាមដាននយោបាយ លោក ឯម សុវណ្ណារ៉ា

អ្នកជំនាញ​សេដ្ឋកិច្ច​ លោក ង៉ែត ជូ ធ្លាប់ប្រាប់​VOD​​ថា ​​ប្រព័ន្ធអនុគ្រោះព​ន្ធ​​ ​​បាន​​​ផ្ត​​ល់អត្រាកំណើនសេដ្ឋកិច្ច​ដ​​​ល់​​​កម្ពុជាដ​ល់ទៅ ៤០% និង​ផ្តល់​លទ្ធភា​ពប្រ​​​កួត​​​ប្រជែ​ង​ផ្នែកវិស័យកាត់ដេរ ជា​​​​មួ​​យ​ប្រទេ​ស​​ក្នុងតំបន់។ ​អ្នកជំនាញសេដ្ឋកិច្ចរូបនេះពន្យល់ថា ប្រព័ន្ធអនុគ្រោះពន្ធនេះ​ជា​ប្រភពផ្តល់ទីផ្សារការងារ សម្រាប់កម្មករ​ខ្មែ​រ​​ជាង ​៨​០​ម៉ឺននា​ក់ផងដែរ។

លោក ឯម សុវណ្ណារ៉ា វិភាគទៀតថា បើវិធានការអឺរ៉ុបឈានទៅបង្កកទ្រព្យសម្បត្តិមន្ត្រីមួយចំនួនមែននោះ ជាការ​កាត់​ផ្តាច់​ឫស​កែវ​សេដ្ឋកិច្ច​មួយ​ទៀត​ដល់រដ្ឋាភិបាល។

ឲ្យតែសហភាពអឺរ៉ុបហ៊ាន ធ្វើឲ្យ​កម្ពុជាយើរងឥទ្ធិពលហើយ ពីព្រោះបណ្តាឥស្សរជន​នយោបាយធំៗ​សុ​ទ្ធ​​​តែ​​មា​ន​ផល​ប្រយោជន៍​សេដ្ឋកិច្ច និងមានក្រុមហ៊ុន។ អញ្ចឹង ខ្ញុំគិតថា ​អាចរងផល​ប៉ះពាល់ដល់​សេដ្ឋ​កិច្ចរ​ប​​​ស់​​​​កម្ពុជាដែរ

អ្នកតាមដាននយោបាយ លោក ឯម សុវណ្ណារ៉ា

ទោះជាយ៉ាងណា របត់នយោបាយនៅកម្ពុជា បានជំរុញឲ្យមហាអំណាចចិន ហាក់ចូលកាន់តែកៀក​បក្ស​កា​ន់អំណាច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។

ចិន​មិ​នគ្រាន់តែប្រកាសគាំទ្រពីជម្រើសនយោបាយរបស់រដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះទេ មហាអំណា​ចលំ​ដា​ប់​សេដ្ឋកិច្ចមួយនេះ ថែ​ម​ទាំ​​ងប្រកា​ស​ផ្តល់បទពិសោធន៍ពីការដឹកនាំប្រទេស និងការអភិឌ្ឍបែ​បចេរ​ភាព ដល់គ​ណ​បក្ស​ប្រជា​ជ​​ន ដែល​កំពុង​ឈ្នះការ​បោះឆ្នោត​ក្រោម​សំឡេង​រិះ​គន់​របស់ក្រុ​មប្រទេស​លោ​​ក​សេរី​នេះ​ទៀត​ផង។

អ្នកវិភាគនយោបាយ និងជាអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម​ លោក បណ្ឌិត មាស នី វិភាគថា ការហក់​ឡើង​ប្រជាប្រិយភាព​ជាបន្តបន្ទាប់របស់​គណបក្ស​ប្រឆាំង​នៅឆ្នាំ២០១៣ និង២០១៧ អាចជាដើមចមសំ​ខាន់មួយ ជំ​រុញ​​ឲ្យ​គណបក្សនេះ ត្រូវបានគេរំលាយមុនបោះឆ្នោតឆ្នាំ២០១៨មកដល់។

លោក មាស នី វិភាគថា ភាពភ័យខ្លាចនេះ អាចជាឧបសគ្គនៃការចរចា បើអ្នកន​យោបា​​យខ្មែរមិន​បង្កើន​ការទុកចិត្តគ្នាទៅវិញទៅមក បើទោះ​លោក​គិតថា ប្រទេសលោក​សេរី ​នៅតែ​​ជាកត្តានុព​លនៃប្រ​ភព​រក​​ប្រាក់ចំណូល​របស់កម្ពុជាក៏ដោយ។

ប៉ុន្តែ អ្នកវិភាគរូបនេះព្រមានថា ជាហានិភ័យរបស់កម្ពុជា បើអ្នក​នយោបាយជ្រើសយកការភ័យ​ខ្លា​ចហើ​យ​ទៅ​​ចា​ប់ចិនតែមួយ។

លោកមាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍
ស្ថានភាពនយោបាយនៅស្រុកខ្មែរ ដូចទឹកអណ្តែតលើស្លឹកឈូក ទៅឆ្វេងក៏មិនច្បាស់ ទៅស្តាំក៏មិនច្បាស់ ហើយរឿងដែលគ្រោះ​ថ្នាក់មួយធំនោះ គឺប្រទេសចិ​នដែលយើងកំពុងតែពឹងផ្អែ​កខ្លាំងតែមួ​យ​​នោះ ជួបវិបត្តិ​សេដ្ឋកិច្ចណាមួយនោះ ប្រទេស​ខ្មែរ​យើង​ចូល​រួម​រង​គ្រោះ​មុនគេ

អ្នកវិភាគនយោបាយ និងជាអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម​ លោក បណ្ឌិត មាស នី

យ៉ាងនេះក្តី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន សរសេរលើបណ្តាញ​សង្គមតេ​ឡេ​ក្រា​​ម​កា​លពីថ្ងៃទី១៥ ខែកញ្ញាថា  ការស្នើឲ្យទម្លាក់ចោលការចោទប្រកាន់ ​កឹម​ សុខា​ មិនអាចធ្វើ​ទៅ​បានទេ​​ ដោ​​​យ​ថា ​សំណុំរឿងនេះ​កំពុងស្ថិតនៅលើដៃតុលាការនៅឡើយ។

មួយវិញទៀតការផ្តល់ តំណែងក្រុមប្រឹក្សាខេត្ត​ រាជធានី​ក្រុង​ស្រុក​-ខណ្ឌ​ និង​ឃុំ​សង្កាត់ឲ្យបក្សប្រ​ឆាំងវិ​ញ ​ក៏មិន​អាចទៅរួចដែរ ដោយថា បើ​បាន​បែងចែក​តាម​ច្បាប់កម្ពុជារួចអស់ហើយនោះ​ និងថា រាជរដ្ឋាភិ​បា​ល​ក​​​ម្ពុជានៅបន្តអនុវត្តន៍​វិធានការច្បាប់ចំពោះជនទាំងឡាយណា​ ដែល​ល្មើសច្បាប់ដើម្បីពង្រឹងនីតិរដ្ឋ​។

ជាងនេះទៅទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់លើកឡើងកាលពីមុនបោះឆ្នោតថា បរទេសមិ​ន​ត្រូ​​វ​​លូ​ក​ដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជាទេ ហើយថា កម្ពុជានឹងប្រឹងប្រែងដោយខ្លួនឯង ដូចសម័យ​ដែល​លោ​​ក​ធ្លាប់ដឹកនាំកម្លាំងតស៊ូផ្តួលរំលំរបបខ្មែរក្រហមបើមានសម្ពាធពីបរទេស។

ប៉ុន្តែ លោក ឯម​ សុវណ្ណារ៉ា វិភាគថា ជម្រើសណាមួយ ដែលរដ្ឋាភិបាលដើរចេញពីប្រទេសលោកសេរី អាច​ជាកា​រជំរុញ​កម្ពុជា​ឲ្យ​ប្រឈម​នឹង​ការបែក​បាក់ជាតិកាន់តែខ្លាំង។

បញ្ហាសង្គមអាចប្រឈមច្រើន បើរដ្ឋាភិបាលជ្រើសរើសយកយន្តការខាំស្មៅ ហើយនៅទ្រាំឲ្យ​[អន្តរជាតិ]ដា​ក់ទ​ណ្ឌកម្ម ហើយត្រៀមរក្សាអំណាចហ្នឹង បញ្ហាវាប្រឈមហើយផុយស្រួយសម្រា​ប់ស្ថិ​រភា​ពក្នុង​តំប​ន់

អ្នកតាមដាននយោបាយ លោក ឯម សុវណ្ណារ៉ា

សរុបទៅអ្នកវិភាគថា ឥទ្ធិពលរបស់សហភាពអឺរ៉ុប នៅតែជាក្តីកង្វល់របស់រដ្ឋាភិបាលកម្ពុជា ប៉ុន្តែថា ​ដំណើ​​រឆ្ពោះ​ទៅ​រកការ​ចរចា​ស្វែង​រកការ​ផ្សះ​ផ្សាជាតិ និងស្តារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ ​ស្ថិតនៅ​លើឆ​ន្ទះ​រប​​ស់​​​ប​ក្ស​កា​ន់អំណាចថា ​តើពួកគេ​បានតម្កល់​ប្រយោជន៍​ជាតិ​កម្រិត​ណា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ