ព្យុះ​មង្ឃុត​កំពុងវាយ​ប្រហារ​ចិន​ក្រោយ​បក់​បោកខ្លាំងលើ​​ហ្វីលីពីននិងហុងកុង​

កុមារឈឺម្នាក់បញ្ជូនចេញពីរថយន្តសង្គ្រោះបន្ទាន់មួយដែលបានជាប់នៅពីក្រោយបង្គោលភ្លើងមួយគ្រឿង ទៅកាន់ Baggao ខេត្ត Cagayan (រូបភាព៖ Ted Aljibe / ទីភ្នាក់ងារសារព័ត៌មានបារាំង – Getty Images)

មហា​ព្យុះមួយ​ដ៏សាហាវ​កំពុងតែ​​បក់បោក​ទៅលើប្រទេសចិន​ ក្រោយ​ពីវា​បាន​វាយប្រហារយ៉ាងខ្លាំងទៅ​លើ​ប្រទេសហ្វីលីពីននិងទីក្រុង​ហុងកុង​។

​ព្យុះ​ទីហ្វុង​​ដ៏កំណាច​ដែល​មាន​ឈ្មោះថា​«មង្ឃុត»​ បាន​បក់​បោក​ដល់​ប្រទេសចិន​នៅល្ងាចម្សិល​មិញ​នេះ។ តាមរបាយការណ៍​​ស្ថានីយឧតុនិយមខេត្តគ័ងទុង​របស់​ចិន​ ព្យុះ​មង្ឃុតចាប់​ផ្ដើម​បក់​បោក​តំបន់​ឆ្នេរនៃក្រុង​ជាំងមិញរបស់​ខេត្តនេះ​ក្នុង​ល្បឿន​១៦២​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោងកាល​ល្ងាច​ម៉ោង​៥ម្សិលមិញនេះ​​។

តាមការចុះផ្សាយរបស់ទីភ្នាក់​ងារ​​សារព័ត៌មានចិន​ស៊ិនហួរ ប្រជាជន​ចិន​ជាង​២លាននាក់​ត្រូវបាន​អាជ្ញាធរជម្លៀសទៅកាន់​កន្លែង​មាន​សុវត្ថិភាព​ ហើយទូកនេសាទជិត​៥ម៉ឺន​ត្រូវ​បាន​ហៅត្រលប់​ឲ្យមក​កំពង់​ផែវិញ។  តាមប្រភព​ដដែល​ ការដ្ឋាន​សំណង់ចំនួន​២៩០០០ និងតំបន់ទេសចរ​៦៤០កន្លែង​ត្រូវបាន​បិទលែង​ឲ្យដំណើរ​ការ​ជាបណ្ដោះ​អាសន្ន។ ព្យុះ​ដ៏កំណាច​មួយនេះក៏បាន​ប៉ះពាល់​ដល់​តំបន់​ម៉ាកាវផង​ដែរ ដែល​បណ្ដាល​ឲ្យ​កាស៊ីណូ​ទាំងអស់នៅក្នុង​តំបន់​​ត្រូវ​បិទជាលើក​ដំបូងក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ ​

ជើងហោះហើ​របស់​អាសយានដ្ឋាន​អន្តរជាតិ​គ័ងចូវនិងស៊ិន​ជិនត្រូវបា​ន​ផ្អាក​រហូត​ដល់​ម៉ោង​៨ព្រឹក​នេះទើប​បើក​ឲ្យដំណើរការជាធម្ម​តា​វិញ។ រថ​ភ្លើង​ល្បឿនលឿននិង​រថភ្លើងធម្មតា​មួយចំនួននៅខេត្ត​គ័ងទុងនិង​ហាំណាន​​ត្រូវបាន​ផ្អាក​ការ​ដឹក​ជញ្ជូន​ភ្ញៀវជាបណ្ដោះ​អាសន្ន​។ អាជ្ញាធរចិន​មិនទាន់​អាចបញ្ជាក់​ពី​ចំនួន​មនុស្ស​ដែលបាត់​បង់​ជីវិតនិង​រងរបួស​បាន​នៅឡើយទេ។

ព្យុះទីហ្វុង​​មង្ឃុត បានចាប់​ផ្ដើ​មបក់​បោកប្រទេសហ្វីលីពីនមុនគេ​កាលពីថ្ងៃសៅរ៍កន្លងទៅ។ តាមការចុះផ្សាយរបស់​សារព័ត៌មាន​Channel News Asia របស់​សឹង្ហបុរី ​ព្យុះដ៏អាចសាហាវ​នេះបានឆក់​យក​ជីវិត​ប្រជាជន​ហ្វីលីពីន​យ៉ាងហោចណាស់​​៥៩នាក់ដោយសារ​បាក់​ដី​សង្កត់ពីលើ​​ ហើយ​​ប្រជាជនជាង​២៥ម៉ឺននាក់​កំពុងរងផលប៉ះពាល់។ តាមប្រភពដដែ​លចំនួន​អ្នកបាត់​បង់​ជីវិតអាច​​នឹងកើនឡើង​ថែម​ទៀត ព្រោះ​អាជ្ញាធរហ្វីលីពីន​នៅតែរក​ឃើ​ញ​ជនរងគ្រោះ​ដែល​ត្រូវ​ដីបាក់​សង្កត់​ស្លាប់​ជាបន្ត​បន្ទាប់​។ ព្យុះ​នេះក៏បណ្ដាលឲ្យ​ដំណាំ​របស់​​កសិករ​ហ្វីលីពី​ន ​កំពុងរស់​នៅកោះ​លូហ្សូនរងការខូចខាត​លិចបាត់​នៅក្រោម​ទឹកគ្មាន​សល់ ដោយសារតែ​​ព្យុះនេះបាន​វាយ​ប្រហារ​កោះនេះទាំងមូល​។​

ដោយឡែក​សម្រាប់​ក្រុង​ហុង​កុង​ ​​ព្យុះទីហ្វុង​មង្ឃុតបាន​បណ្ដាល​ឲ្យ​មនុស្ស​២១៣នាក់​រង​របួស។ នេះបើ​តាមការចុះផ្សាយ​របស់​ទីភ្នាក់​ងារសារព័ត៌មាន​ចិនស៊ិនហួរ។ ព្យុះនេះបាន​បណ្ដាល​ឲ្យ​ទឹក​ជន់លិច​​ក្រុងហុងកុង​ក៏ដូច​ជាបំផ្លិច​បំ​ផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធនានា​ទៀត​ជាច្រើន។​

តាមការព្យាករណ៍ ​​ព្យុះទីហ្វុង​មង្ឃុតនឹង​ថមថយ​​ឥទ្ធិពលរបស់វា​នៅ​ថ្ងៃ​អង្គារ​ស្អែកនេះ នៅពេលដែល​វា​ធ្វើដំណើរដល់​តំបន់​ដីគោក៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ