អាជ្ញាធរថា ​អ្នក​ញៀន​គ្រឿង​ញៀន​ថយ​ចុះ ខណៈបង្ក្រាបបទល្មើសគ្រឿងញៀនបានជាង ៥ពាន់​ករណីក្នុងឆ្នាំនេះ

ករណី​ដឹក​ជញ្ជូន​គ្រឿងញៀន​តាម​ប្រៃសណីយ៍​ ផ្ញើរ​ចេញពី​ ប្រទេស​អា​ឡី​ម៉​ង​មក​កម្ពុជា​(​ដោយ​លាក់​បង្កប់​ជាមួយ​ចំណី​សត្វ​)​ នៅ​ចំណុច​ប្រៃសណីយ៍​កម្ពុជា​ ផ្លូវ​លេខ​១០២​ សង្កាត់​វត្ត​ភ្នំ​ ខណ្ឌដូនពេញ កាលពី​ថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០១៨​ (រូបភាព៖ នគរបាលជាតិ)

មន្ត្រី​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន​ឲ្យ​ដឹង​ថា បទល្មើសគ្រឿងញៀនសរុប​ជាង ៥​ពាន់​ករណី ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​ដើម​ខែ​មករា រហូត​ដល់​ត្រឹម​ថ្ងៃ​ម្សិល​មិញ​នេះ។

អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វិរិទ្ធ បានប្រាប់វីអូឌីតាមទូរស័ព្ទឲ្យ​ដឹងថា បទល្មើស​គ្រឿង​ញៀន​សរុប ៥ ៤៧៨​ករណី ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​ទូទាំង​ប្រទេស​គិត​ត្រឹម​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​នេះ ក្នុង​នោះ​បទ​ល្មើស​ជួញ​ដូរ​គ្រឿង​ញៀន​មាន​ដល់​ទៅ ៣ ៥៥០​ករណី។

បើ​តាម​មន្ត្រី​រូប​នេះ អាជ្ញាធ​របាន​ឃាត់​ខ្លួន​ជន​ល្មើស​បានចំនួន ១០ ៩៦២​នាក់ ក្នុង​នោះ​ស្រី ៩១៦នាក់ និង​ជនបរទេស ២១៥​នាក់ ហើយជនបរទេសទាំងនោះមានសញ្ជាតិ ១៥ផ្សេងគ្នា។

លោកបានដឹង​បន្តថា ចំនួនអ្នកប្រើប្រាស់គ្រឿងញៀន គិត​ត្រឹម​ឆមាស​ទី​១​ឆ្នាំ​នេះ បាន​ថយចុះ​ពី​ចំនួន ២០ ៥២១​នាក់​នៅ​ឆមាស​ទី១​ឆ្នាំ​២០១៧ មក​នៅ​ត្រឹម ១៣ ៧៤៨​នាក់ នៅ​ឆមាស​ទី១​ឆ្នាំ​នេះ។

សារព័ត៌មាន​នគរបាល​ជាតិ បាន​ដក​ស្រង់​សម្ដី​អគ្គ​លេខាធិការ​រង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន អ្នកស្រី ជ័យ បុប្ផា ដែល​បាន​ថ្លែង​នៅ​ឯ​ប្រទេស​ថៃ​នៅ​ថ្ងៃ​នេះ​ថា អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​ទូទាំង​ប្រទេស មាន​ចំនួន​សរុប ១៨ ១០៤​នាក់ ​ក្នុង​នោះ អ្នក​ញៀន​គ្រឿង​ញៀនដែល​ទទួល​បាន​សេវា​សុខាភិបាល​សាធារណៈ មាន​ចំនួន​ត្រឹម​តែ ៣ ១០១​នាក់​ប៉ុណ្ណោះ។

អគ្គ​លេខាធិការ​រង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន អ្នកស្រី ជ័យ បុប្ផា ១៧​ ខែកញ្ញា​ ឆ្នាំ​២០១៨​ នៅ​ពេល​ដែលដឹកនាំ​គណៈប្រតិភូ​អន្តរក្រសួង​ការងារ​ព្យាបាល​ និង​ស្តារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​វិទ្យាស្ថាន​ថា​ន​យ៉ា​រ៉ា​ក (រូបភាព៖​ វេបសាយនគរបាលជាតិ)

អ្នកស្រី​ ជ័យ បុប្ផា បាន​ឲ្យ​ដឹង​បន្ថែម​ថា ក្នុង​នោះ អ្នក​ញៀន​គ្រឿង​ញៀនដែល​ទទួល​បាន​សេវា​​តាម​មណ្ឌល​បណ្ដោះ​អាសន្ន មាន​ចំនួន​ដល់​ទៅ ១២ ៦៩៥​នាក់ ខណៈ​អ្នក​ញៀន​គ្រឿង​ញៀន​ដល់​ទៅ ២ ៣០៨​នាក់​ទៀត ពុំ​ទទួល​បាន​សេវា​ព្យាបាល​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ