អភិបាលខេត្តសៀមរាបថា អគារបាក់សង្កត់កម្មករស្លាប់ សាងសង់​ដោយ​គ្មាន​ច្បាប់ដោយ​ស្នងការ​រង​ម្នាក់

ប្រមាណ១៖០០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យទី ១៦ កញ្ញា ២០១៨ មានករណីរលំអគារសល់ពីសម័យបារាំង នៅតំបន់ Pub Street ជិតផ្សារចាស់ ខេត្តសៀមរាប (រូបភាព៖ បណ្ដាសង្គម)

អាជ្ញាធរខេត្តសៀមរាបរកឃើញថា ករណីបាក់អគារភោជនីយដ្ឋានមួយដែលបាក់សង្កត់កម្មករឲ្យស្លាប់ និងរបួស មានជាប់ពាក់ព័ន្ធនឹងមន្ដ្រីនគរបាលជាន់​ខ្ពស់​ម្នាក់​របស់​ខេត្ត​នេះ ដោយថា ការសាងសង់នោះពុំបានសុំច្បាប់អនុញ្ញាត។

កាលពីយប់ម៉ោង ១រំលងអាធ្រាត្រថ្ងៃទី១៥ ខែកញ្ញា អគារ​ភោជនីយដ្ឋាន «ស៊ុបនាគ» ដែលមានទីតាំង​​នៅ​ខាង​មុខ​មន្ទីរពេទ្យ​បង្អែកខេត្ត ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ និងបានបណ្ដាលឲ្យកម្មករម្នាក់ស្លាប់ និង ៤នាក់ទៀតរងរបួស ខណៈពួកគេដេកយាមនៅក្នុងអគារនេះ។

អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង ប្រាប់ VOD នៅថ្ងៃនេះថា អគារ​ដ៏​ចំណាស់​នេះ ត្រូវ​បាន​លក់​ទៅ​ឲ្យ​លោក លី គង់ស៊្រុន ដែលជាស្នងការរងនគរបាលខេត្តសៀមរាប ហើយថា ម្ចាស់អគារនេះក៏មិនបានសុំច្បាប់អនុញ្ញាតចំពោះការសាងសង់នោះ​ឡើយ។

អភិបាលខេត្តសៀមរាបរូបនេះ អះអាងថា អាជ្ញាធរពាក់ព័ន្ធកំពុងដោះស្រាយបញ្ហានេះហើយ និងថា អាជ្ញាធរក៏នឹងមានវិធានការចំពោះអ្នកម៉ៅការសំណង់ និងម្ចាស់អគារនេះផងដែរ។

តើម្ចាស់ថ្មីនោះឈ្មោះអី? លោក លី គង់ស្រ៊ុន […]យើងបានរៀបចំគណៈកម្មការមួយក្រុមដើម្បីរៀបចំហើយការងារហ្នឹង តាំងពីគណៈកម្មការពិនិត្យ​វាយតម្លៃសំណង់ឡើងវិញ។ ឥឡូវកំពុងតែនៅជាមួយក្រសួងដែនដី។ ក្រសួងដែនដីបានបញ្ជូននាយកដ្ឋាន បញ្ជូនរដ្ឋលេខាធិការមកប្រជុំ។ បាទ មានទទួលខុសត្រូវ ត្រូវតែមាន ព្រោះគេបានរៀបចំសពធ្វើបុណ្យ រៀបចំសុខភាពហើយ​ មានហើយអត់អីទេ

អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង

វីអូឌីមិនអាចទាក់ទងស្នងការរងនគរបាលខេត្តសៀមរាប​ លោក លី គង់ស្រ៊ុន បានទេ រហូតមកទល់ម៉ោងចេញផ្សាយនេះ។

អភិបាល​ខេត្ត​សៀមរាប​ លោក ឃឹម ប៊ុនសុង ក៏​បាន​ផ្ញើ​របាយការណ៍​អំពី​ករណី​បាក់​រលំ​អគារ​នេះ​ទៅ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ផង​ដែរ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ប៉ុន្តែ អភិបាល​ខេត្ត​រូប​នេះ ពុំ​បាន​បញ្ជាក់​ពី​គ្មាន​វិធានការ​ណា​មួយ​ជាក់​លាក់ ​ទៅ​លើ​ម្ចាស់​គម្រោង​សំណង់​អគារ​ដែល​បាក់​រលំ​នេះ​ឡើយ។

ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ រិះគន់ថា បញ្ហានេះកើតឡើងច្រើនក្នុងសង្គមកម្ពុជា ដោយសារភាពធ្វេសប្រហែស មន្ដ្រីអនុវត្តច្បាប់មួយចំនួនបានរំលោភអំណាច និងបំពានច្បាប់។

លោកថា ដើម្បីបង្កាបញ្ហានេះកុំឲ្យកើតមានជាថ្មី គឺលុះត្រាស្ថាប័ន ឬអាជ្ញាធរពាក់ព័ន្ធមានភាពសកម្មក្នុងការងាររបស់ខ្លួន ដោយមិនប្រកាន់បក្ខពួក និងខ្លាចអំណាចបុណ្យសក្ដិបុគ្គលណាឡើយ។

មន្ដ្រីទទួលបន្ទុកកិច្ចការងារសំណង់ ឬមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់តាមខេត្តត្រូវតែសកម្ម ហើយបើឃើញមានភាពមិនប្រក្រតី ត្រូវមានសិទ្ធិផ្អាកការសាងសង់ ទោះបីជាម្ចាស់អគារមានបុណ្យសក្តិប៉ុណ្ណាក៏ដោយ។ តាមច្បាប់ត្រូវតែផ្អាក ប៉ុន្ដែ ទំនងជាមិនហ៊ានផ្អាក ឬព្រងើយកន្ដើយនេះហើយ ដែលឈានដល់ការរលំអគារនេះ

ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ

កម្មករ​ម្នាក់ បាន​ស្លាប់ ហើយ​កម្មករ ៤​នាក់​ផ្សេង​ទៀត បាន​រង​របួស និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរ​ពេទ្យ បន្ទាប់​ពី​អគារ​ភោជនីយដ្ឋាន​នៅ​ម្ដុំ​តំបន់​ទេសចរណ៍​ផាប់ស្ទ្រីត​នេះ បាន​បាក់​រលំ​កាល​ពី​យប់​ឈាន​ចូល​ថ្ងៃ​ទី១៥ ខែ​កញ្ញា​ចុង​សប្ដាហ៍​កន្លង​មក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ