អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង​ចុះ​​ហាមឃាត់​សហគមន៍​មិន​ឲ្យ​រៀន​​ពី​វិធី​ចិញ្ចឹម​មាន់

សមត្ថកិច្ច​​​ស្រុក​រមាសហែក ​ខេត្ត​ស្វាយរៀង ​បាន​ដាក់​ពង្រាយ​កម្លាំង​របស់​ខ្លួន និង​​ហាម​ឃាត់​ពលរដ្ឋ​ មិន​ឲ្យ​ចូល​រួម​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​​ពី​វិធី​ចិញ្ចឹម​មាន់​ដែល​រៀបចំ​ដោយ​​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (រូបភាព៖ ហ្វេសប៊ុក Theng Savoeun)

សមត្ថកិច្ច​​​ស្រុក​រមាសហែក ​ខេត្ត​ស្វាយរៀង ​បាន​ដាក់​ពង្រាយ​កម្លាំង​របស់​ខ្លួន និង​​ហាម​ឃាត់​ពលរដ្ឋ​ មិន​ឲ្យ​ចូល​រួម​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​​ពី​វិធី​ចិញ្ចឹម​មាន់​ដែល​រៀបចំ​ដោយ​​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា បើ​ទោះ​បីជា​​អង្គការ​នេះ​អះ​អាង​ថា ​បាន​សុំ​ច្បាប់​អនុញ្ញាត​​ហើយ​ក្តី។

ប្រជា​សហគមន៍​នៅ​ភូមិ​ត្រពាំង​ពពេល​ ឃុំ​អំពិល បាន​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន ដែល​មិនបាន​ផ្ដល់​ភាព​ងាយស្រួល​ដល់​ដំណើរ​ការ​បង្រៀន​អំពី​របៀប​ចិញ្ចឹម​មាន់​បែប​ធម្មជាតិ និង​បច្ចេកទេស​ដល់​កសិករ ហើយ​​បែរ​ជា​មក​ហាមឃាត់​មិន​ឱ្យ​បង្រៀន​ទៅ​វិញ ក្រោម​ហេតុផល​ថា​ គ្មាន​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ខេត្ត។

​​​តំណាង​សហគមន៍​សាមគ្គី​រមាសហែក នៅ​ឃុំ​អំពិល អ្នកស្រី ខៀវ សារ៉ុន មានប្រសាសន៍ថា​ ពួក​គាត់​បាន​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង មាន​ការ​យល់ព្រម​ពី​ការិយាល័យ​កសិកម្ម​ស្រុក​កាល​ពី​ថ្ងៃ​ទី​១២ កញ្ញា​រួច​ហើយ ​ដើម្បី​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​កសិករ​ពី​របៀប​ចិញ្ចឹម​មាន់​នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី១៩ ខែ​កញ្ញា​នេះ។

អ្នកស្រី​បន្ត​ថា ដោយសារ​មាន​ការ​យល់​ព្រម ទើប​ពួក​គាត់​អញ្ជើញ​សមាជិក​សហគមន៍​ប្រមាណ ​៣០​នាក់ ដើម្បី​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ពី​របៀប​ចិញ្ចឹម​មាន់​តាម​បែប​ធម្មជាតិ និង​បច្ចេកទេស​ឱ្យ​បាន​ត្រឹមត្រូវ ប៉ុន្តែ​ អ្នកស្រី​ថា សកម្មភាព​របស់​ពួកគាត់ ត្រូវ​បាន​អាជ្ញាធរ​ឃុំ និង​សមត្ថកិច្ច​​ប្រមាណ ៦​នាក់ ចុះ​មក​ហាមឃាត់​មិន​ឱ្យ​ដំណើរ​ការ​តទៅទៀត​ឡើយ។

ពួក​ខ្ញុំ​បើក​បង្រៀន​នេះ​ដូចជា​គ្មាន​ខុស​អី​នឹង​ច្បាប់​របស់​រដ្ឋ​ផង! បើ​សិន​ជា​ពួក​ខ្ញុំ​បង្កើត​ហើយ​ល្អ​ អ្នក​ដែល​ល្បី​ឈ្មោះ​ហ្នឹង ​គឺ​ពួកគាត់​តើ! មិនមែន​ពួក​ខ្ញុំ​ឯណា។ ដល់អញ្ចឹង​ទៅ​ ខ្ញុំ​មិន​ដឹង​គិត​ថា ​ម៉េច​ដែរ ​តែ​ប្រជាពលរដ្ឋ​ដែល​មក​ចូល​រួម គាត់​សំណូមពរ​ឲ្យ​ពួក​ខ្ញុំ​ធ្វើ ​អត់​ឲ្យ​បិទ​ទេ

​​​តំណាង​សហគមន៍​សាមគ្គី​រមាសហែក នៅ​ឃុំ​អំពិល អ្នកស្រី ខៀវ សារ៉ុន

​​ប្រធាន​ប៉ុស្តិ៍​នគរបាល​ឃុំ​អំពិល លោក ញ៉ាញ ផែន បាន​ឲ្យ​VODដឹង​ថា​មូលហេតុ​ដែល​អាជ្ញាធរ​ឃុំ​ចុះ​ហាមឃាត់​នេះ​ដោយ​សារ​តែ​ប្រជា​សហគមន៍​ មិន​បាន​សុំ​ការ​អនុញ្ញាត​ដល់​ថ្នាក់​ខេត្ត​ និង​មិន​បាន​អញ្ជើញ​មន្ត្រី​កសិកម្ម​ខេត្ត​មក​ចូល​រួម​។

គាត់​ត្រូវ​ធ្វើ​​ការ​អនុញ្ញាត​ពី​ភូមិ មេឃុំ ទៅ​កាន់​អភិបាល​ស្រុក អភិបាល​ខេត្ត​ មន្ត្រី​កសិកម្ម​ខេត្ត​ ក្នុង​ដែន​ដី​គ្រប់​គ្រង​ក្នុង​លក្ខណៈ​មក​ធ្វើ​ការ​ជា​មួយ​អាជ្ញាធរ​ដែន​ដី​ ដើម្បី​ធ្វើ​សកម្មភាព​រួម​ទាំង​អស់​គ្នា គឺ​ចង់​ឲ្យ​មាន​ការ​អភិវឌ្ឍ​ដល់​ពលរដ្ឋ​មាន​ការ​រីកចម្រើន និង​ដល់​គ្រួសារ​របស់​ពួកគាត់។ គាត់​មិន​អាច​ធ្វើ​តាម​នេះ​ទេ គាត់​បាន​ត្រឹម​តែ​ប្រធាន​ការិយាល័យ​ស្រុក​ សូម្បី​តែ​អភិបាល​ស្រុក​ក៏​អត់​ដឹង ហើយ​កសិកម្ម​ខេត្ត​គាត់​ជា​ជំនាញ​មួយ​ដែរ ​អញ្ចឹង​ឲ្យ​គាត់​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​របស់​គាត់​ផង។ នេះ​ជា​រឿង​មួយ​ដែល​យើង​ចង់​ឃើញ​ទាំង​អស់​គ្នា

​​ប្រធាន​ប៉ុស្តិ៍​នគរបាល​ឃុំ​អំពិល លោក ញ៉ាញ ផែន

​អគ្គលេខាធិការ​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា​លោក ថេង សាវឿន មានប្រសាសន៍​ថា នេះ​មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ​ដែល​អាជ្ញាធរ​ស្រុក​រមាស​ហែក​ចុះ​មក​ហាម​ឃាត់​ការ​បង្រៀន​ពល​រដ្ឋ​ពី​បច្ចេកទេស​កសិកម្ម​នេះ ដោយ​ជា​រឿង​សោកស្ដាយ​បំផុត​ចំពោះ​សកម្មភាព​អាជ្ញាធរ​បែបនេះ។

កន្លង​មក​យើង​បាន​ដាក់​លិខិត​មួយ​ឆ្នាំ​ពេញ​ទៅ​កាន់​ខេត្ត​ ហើយ​យើង​ក៏​បាន​ចម្លង​ទៅ​ស្រុក​ទៅ​អីអំពី​ផែន​ការ​សកម្មភាព​របស់​សមាគម​យើង ហើយ​យើង​ក៏​បាន​ទទួល​ការ​អនុញ្ញាត​ពី​ខេត្ត​ហើយ​ថា ​ឲ្យ​យើង​ធ្វើ​ ហើយ​ក៏​បាន​ជម្រាប​ជូន​ស្រុក​ដែរ​ តែ​រហូត​មកដល់​ពេល​នេះ បែរ​ជា​អាជ្ញាធរ​មិន​អនុញ្ញាត​ទៅ​វិញ​។ ឥឡូវ​នេះ ​យើង​ពិបាក​ស្មុគស្មាញ​មែន​ទែន​ថា ​ឲ្យ​យើង​អនុវត្តន៍​តាម​បញ្ជា ឬ​តាម​ផ្លូវ​ច្បាប់? តែ​ជា​គោល​ការណ៍​ គឺ​ផ្លូវ​ច្បាប់​ជា​សំខាន់​

​អគ្គលេខាធិការ​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា​លោក ថេង សាវឿន

កាលពី​ថ្ងៃ​ទី​២១ មិថុនា​កន្លង រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ លោក ស ខេង បាន​អំពាវនាវ​ទៅ​អង្គការ​សង្គម​ស៊ីវិល និង​អាជ្ញាធរ ឲ្យ​សហការ​គ្នា​ឡើង​វិញ បន្ទាប់​ពី​លោក​មើល​ឃើញ​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ អាជ្ញាធរ និង​អង្គការ​សង្គម​ស៊ីវិល ហាក់​បាន​សាច​ទឹក​ដាក់​គ្នា ជុំវិញ​កិច្ច​សហការ​ជំរុញ​ការ​អភិវឌ្ឍ​បែប​ប្រជាធិបតេយ្យ​។

លោក ស ខេង បញ្ជាក់​ថា សមាគម​នៅ​ថ្នាក់​មូលដ្ឋាន អាច​ធ្វើ​សកម្មភាព​បាន ដោយ​មិន​តម្រូវ​ឲ្យ​ពួក​គេ​មក​ចុះ​បញ្ជី​នៅ​​ក្រសួ​ង​មហាផ្ទៃ​ទេ ហើយ​ថា រាល់​ការ​ធ្វើសកម្មភាព របស់​សមាគម ឬ​អង្គការ ក៏​មិន​តម្រូវ​ឲ្យ​សុំ​ច្បាប់​ដែរ ដោយ​ថា គ្រាន់​តែ​ជូន​ដំណឹង​ ​៣ថ្ងៃមុនប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ