តុលាការជាន់​ខ្ពស់​ច្រាន​ចោល​សំណើ​មោឃភាពកម្ម​លើអតីតបុគ្គលិកវិទ្យុអាស៊ីសេរី

អតីតបុគ្គលិកវិទ្យុអាស៊ីសេរី លោក យាង សុធារិន

តុលាការជាន់ខ្ពស់​សម្រេចបដិសេធសំណើសុំមោឃកម្ម​នៅដំណាក់កាលនៃនីតិវិធី​ឃាត ឬឃុំ​ខ្លួន ​អតីតបុគ្គលិកវិទ្យុអាស៊ីសេរី ២រូប ដោយថាតុលាការជាន់ទាប​​ធ្វើឡើងស្របតាមច្បាប់។

ចៅក្រមជំនុំជម្រះ លោក គង់ ស្រ៊ីម បាន​ប្រកាសសាលដីកា​នាព្រឹកថ្ងៃ​នេះ ដោយ​សម្រេចច្រានចោល​សំណើសុំមោឃកម្មរបស់​អតីតបុគ្គលិកវិទ្យុអាស៊ីសេរី២រូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា ដែលទើបបានចេញពីពន្ធនាគារ បន្ទាប់ពីជាប់ឃុំអស់រយៈពេលជិត ១ឆ្នាំ  ក្រោមការចោទ​ប្រកាន់​ថា បាន​លួច​ផលិត​ព័ត៌មាន​ពី​ប្រទេស​កម្ពុជា បញ្ជូន​ទៅ​ឲ្យ​បរទេស ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ​ជាតិ។

ចៅក្រមជំរះរូបនេះ អះអាងថា តុលាការកំពូលបានច្រានចោលពាក្យបណ្ដឹងរបស់ពួកគេទាំងពីរនេះ ដោយសម្រេចតម្កល់​សាលដីការបស់សាលាឧទ្ធរណ៍ទុក​ជាបានការ និងស្របតាមច្បាប់​។

អតីតបុគ្គលិកវិទ្យុអាស៊ីសេរី លោក យាង សុធារិន្ទ បានហៅសេចក្ដី​សម្រេច​របស់តុលាការកំពូល​នាព្រឹកនេះថា ធ្វើឡើងដោយមិនមានភស្តុតាងដាក់បន្ទុកច្បាស់លាស់ ដោយសារការឃាត់ និងឃុំខ្លួន​ពួកគេធ្វើឡើងលើសច្បាប់កំណត់។ ករណីនេះ​ លោកថា ធ្វើឲ្យពួកគេ​​រងភាពអយុត្តិធម៌ ខណៈគ្រួសារ​កំពុងជួបបញ្ហាជីវភាព។

ការឃាត់ខ្លួនយើងលើសពី ៤៨ម៉ោង ហើយទីពីរលោកមេធាវីក៏មានឯកសារគ្រប់គ្រាន់ដែរ បាន​ម​ក​ពីតុលាការ​ ​បានមក​ពីសមត្ថកិច្ចបញ្ជាក់ថា ការឃាត់ខ្លួន​យើង ខុសនីតិវិធីត្រង់ថា បន្ទាប់ពី ៤៨ម៉ោង ​យើងអត់មានលិខិតចេញពីព្រះរាជអាជ្ញា ឬព្រះរាជអាជ្ញារង ដើម្បីឲ្យធ្វើការឃាត់ខ្លួនយើងបន្តទៀត។ ​អ្វីដែលយើ់ងមិនអស់ចិត្តត្រង់ថា ហេតុអ្វីបានជាយើងមានភស្តុតាង យើងមានឯកសារដាក់ជូនតុលាការគ្រប់គ្រាន់​ហើយ យើងនៅតែចាញ់ក្តីទៀត​

អតីតបុគ្គលិកវិទ្យុអាស៊ីសេរី លោក យាង សុធារិន្ទ

ចំណែក លោក អួន ឈិន បញ្ជាក់ថា លោកនឹងពិភាក្សាជាមួយមេធាវី ដើម្បីដាក់ពាក្យបណ្តឹងទៅតុលាការ​​បន្តទៀត ដើម្បី​ឲ្យពួកគេ​មានសេរីភាពដូចដើមវិញ ងាយស្រួល​រកប្រាក់ទ្រទ្រង់ជីវភាពគ្រួសារ​ជាដើម​។

ប្រហែលជាក្នុងសប្តាហ៍នេះ យើងនឹងទាក់ទងពិភាក្សាជាមួយមេធាវី ដើម្បីសុំទម្លាក់ការចោទប្រកាន់​​

អតីតបុគ្គលិកវិទ្យុអាស៊ីសេរី លោក អួន ឈិន

ប្រធានគ្រប់គ្រងផ្នែក​អង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត​ ដែលតាមដានករណីនេះ មានប្រសាសន៍ថា ការសម្រេច​របស់តុលាការមិនមានភស្តុតាងគ្រប់គ្រាន់ដាក់បន្ទុក​លើអតីតបុគ្គលិកវិទ្យុអាស៊ីសេរីនោះទេ។

ប៉ុន្តែ មន្ត្រីឃ្លំាមើលរូបនេះ​​អះអាងថា បើនីតិវិធីខាងមុខ អ្នកទាំងពីរមិនត្រូវ​បានទម្លាក់ចោល​បទ​ចោទប្រកាន់ទេ នឹងធ្វើឲ្យអន្តរជាតិមើលឃើញថា តុលាការ​កម្ពុជាមិនមានភាព​ឯករាជ្យ និងប៉ះពាល់ដល់មុខ​មាត់រដ្ឋាភិបាលជាដើម។

កាលណាមានការទាមទារ ឬមានការិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិ វាធ្វើឲ្យជះឥទ្ធិពលមិនល្អដល់រដ្ឋាភិបាល ហើយគេអាច​មើលមកលើប្រព័ន្ធយុត្តិធម៌ ឬប្រព័ន្ធតុលាការ មិនទាន់មានភាពឯករាជ្យ​ពិតប្រាកដ ឬក៏មិនទាន់មានភាពឯករាជ្យក្នុងការធានារកយុត្តិធម៌ឲ្យជនរងគ្រោះ​

ប្រធានគ្រប់គ្រងផ្នែក​អង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត

លោក អួន ឈិន និង​​លោក យាង សុធារិន្ទ ត្រូវ​បាន​តុលាការ​សម្រេច​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាល​ពី​​ថ្ងៃ​ទី​២១ ខែ​សីហា​កន្លង​មក​នេះ បន្ទាប់​ពី​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ ​ហើយ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ថា បាន​លួច​ផលិត​ព័ត៌មាន​ពី​ប្រទេស​កម្ពុជា​ទៅ​ឲ្យ​បរទេស ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ​ជាតិ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ