ពាណិជ្ជករ​អាមេរិក​ស្នើ​សភា​កុំ​មាន​វិធានការ​ទណ្ឌកម្ម​លើ​កម្ពុជា​ដើម្បី​ទប់ស្កាត់​ឥទ្ធិពល​ចិន

ក្រុមប្រឹក្សាភិបាល​នៃ​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា​លោក Allen Dodgson Tan (រូបភាព៖ ហ្វេសប៊ុក Allen Dodgson Tan)

សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា​ បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​សភា​ទាំង​ពីរ​របស់​អាមេរិក ​ដោយ​ស្នើ​កុំ​ឲ្យ​មាន​វិធានការទណ្ឌកម្ម​ធ្ងន់ធ្ងរ​ណា​មួយ​មក​លើ​កម្ពុជា ខណៈ​ដែល​លើក​ឡើង​ថា ​ក្នុង​បរិបទ​បែប​នេះ​គួរ​តែ​ជួយ​ស្ដារ​ដល់​កម្ពុជា​វិញ​ ដើម្បី​ទប់​ស្កាត់​ឥទ្ធិពល​របស់​ប្រទេស​​ចិន​ក្នុង​ប្រទេស​មួយ​នេះ។

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១៧ កញ្ញា សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា​ដែល​តំណាង​ឲ្យ​ក្រុម​ហ៊ុន និង​ពាណិជ្ជករ​អាមេរិក​ចំនួន​ ១៣០នោះ បាន​ស្នើ​ដល់​ព្រឹទ្ធសភា និង​រដ្ឋសភា​អាមេរិក ឲ្យ​ពិចារណា​ឲ្យ​បាន​ច្បាស់លាស់​ពី​ការ​សម្រេច​របស់​ខ្លួន​ ដោយ​ថា ​ការ​ពិនិត្យ​តែ​ក្នុង​រយៈពេល​ខ្លី​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​នា​ថ្ងៃ​អនាគត​រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​ប្រជា​ជន​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ។

ក្នុង​លិខិត​ដដែល​នោះ​ក្រុម​ពាណិជ្ជករ​អាមេរិក​បាន​លើក​ឡើង​ថា ខណៈ​ពេល​ដែល​ចិន​កំពុង​តែ​មាន​ឥទ្ធិពល​មក​លើ​កម្ពុជា​ ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ណា​មួយ​នោះ​ នឹង​ធ្វើ​ឲ្យ​ចិន​កាន់​តែ​ឈរ​ជើង​រឹង​មាំ​នៅ​ប្រទេស​កម្ពុជា​ ហើយ​អ្នក​ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះ​ គឺ​ប្រជាជន​កម្ពុជា​ដែល​មាន​ជាង ​៦៥​ភាគរយ​ជា​មនុស្ស​ពេញវ័យ​ ដែល​ជា​កម្លាំង​ពលកម្ម មាន​មហិច្ឆតា​ និង​ការ​អភិវឌ្ឍ​នោះ។

ក្នុង​លិខិត​នោះ​សរសេរ​ថា៖

អវត្តមាន​របស់​អាមេរិក​ នឹង​ធ្វើ​ឲ្យ​ចិន​ពង្រឹង​ឥទ្ធិពល​របស់​ពួកគេ​ក្នុង​ពេល​ដែល​ពួកគេ​កំពុង​ពង្រឹង​អធិបតេយ្យ​របស់​គេ(ចិន)​នៅ​ក្នុង​តំបន់។ ពួក​យើង​មិន​អាច​ធ្វើ​ឲ្យ​បាត់​បង់​សំឡេង​របស់​យើង​នៅ​កម្ពុជា​ឡើយ ហើយ​ពាណិជ្ជកម្ម​យ៉ាង​ជាក់លាក់​មួយ​​ក្នុង​តំបន់​ដែល​ពួក​យើង​ធ្លាប់​មាន និង​អាច​មាន​ផល​ប៉ះពាល់

​​​ក្រុម​ពាណិជ្ជករ​អាមេរិក​ក៏​បាន​លើក​ឡើង​ថា ​ក្នុង​ស្ថានភាព​ដែល​កម្ពុជា​កំពុង​​តស៊ូ​ក្នុង​បរិបទ​តំបន់​ដ៏​ស្មុគស្មាញ​​នៅ​ពេល​ដែល​ពាណិជ្ជកម្ម​​អាមេរិក​អាច​លើក​មក​និយាយ​បាន ​គឺ​គួរ​តែ​និយាយ​ពី​ការ​ភ្ជាប់​ មិនមែន​និយាយ​ពី​ការ​ដាក់​ទណ្ឌកម្ម​នោះ​ទេ។

ការ​ស្នើ​របស់​ក្រុម​ពាណិជ្ជករ​អាមេរិក​នេះ​ គឺ​​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋសភា​អាមេរិក​បញ្ជូន​សេចក្ដី​សម្រេច​ ៥៧៥៤ ទៅ​កាន់​ព្រឹទ្ធសភា​កាល​ពី​ចុង​ខែ​កក្កដា​កន្លង​ទៅ​ ដែល​អាច​ឈាន​ដល់​ការ​ហាម​មិន​ឲ្យ​ជាន់​ទឹក​ដី​អាមេរិក និង​បង្កក​ទ្រព្យ​សម្បត្តិ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​និង​ថ្នាក់​ដឹកនាំ​បក្ស​កាន់​អំណាច​ចំនួន ១៦​នាក់​ផ្សេង​ទៀត ខណៈ​រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ការ​អនុម័ត​ច្បាប់​នេះ​ជា​ការ​បំពាន​ដល់​អធិបតេយ្យ​ភាព​កម្ពុជា លំអៀង​រក​បក្ស​ប្រឆាំង ហើយ​គ្មាន​ឥទ្ធិពល​អ្វី​មក​កម្ពុជា​នោះ​ទេ។

ក្រុមប្រឹក្សាភិបាល​នៃ​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា​លោក Allen Dodgson Tan បាន​ឲ្យ VOD បន្ថែម​ថា អ្វី​ដែល​ស្ថាប័ន​លោក​ស្នើ​ឡើង​​នេះ​ គឺ​ចង់​ឲ្យ​សភា​អាមេរិក​ដឹង​ពី​កង្វល់​របស់​អ្នក​រក​ស៊ី​អាមេរិក​​ពី​បញ្ហា​ដែល​កំពុង​ប្រឈម​ដោយ​សារ​នយោបាយ ដោយ​មិន​ចង់​ឲ្យ​មាន​ភាព​ល្អក់​កករ​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ទេ ខណៈ​លោក​បារម្ភ​ពី​ឥទ្ធិពល​ចិន​នៅ​ពេល​ដែល​មាន​បញ្ហា​នេះ​កើត​ឡើង។

ទីផ្សារ​ដែល​យើង​ធ្លាប់​មាន​ដល់ពេល​ដែល​យើង​ដក​ខ្លួន​ចេញ​ ប្រាកដ​ណាស់​នឹង​មាន​អ្នក​ផ្សេង​ចូល​មក​ជំនួស

ក្រុមប្រឹក្សាភិបាល​នៃ​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា​លោក Allen Dodgson Tan

អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ លោក ស៊ាង ថៃ មាន​ប្រសាសន៍​ថា ​ស្ថានភាព​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា​រហូត​មក​ដល់​ពេល​នៅ​តែ​រក្សា​ភាព​ល្អ​ប្រសើរ​ដដែល។ ប៉ុន្តែ លោក​មិន​អាច​បញ្ជាក់​បាន​ទេ​ថា ​ស្ថានការណ៍​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ ​ប្រសិន​ជា​អាមេរិក​មាន​វិធានការ​ទណ្ឌកម្ម​មក​លើ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​នោះ។​

ខ្ញុំ​មិន​អាច​ឆ្លើយ​បាន​ទេ។ តែ​សម្ដេច​ធ្លាប់​មាន​ប្រសាសន៍​ហើយ​ថា ​គាត់​ដាក់​លុយ​វិនិយោគ​តែ​នៅ​តាម​មន្ទីរ​ពេទ្យ​វត្ត​អារាម​សាលា​រៀន​​ឯនេះ​ហ្នឹង។ អញ្ចឹង ​គេ​បង្កក​អី​បង្កក​ទៅ ​បង្កក​ខ្យល់​ហ្នឹង​

អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ លោក ស៊ាង ថៃ

​អ្នក​តាម​ដាន​នយោបាយ​កម្ពុជា ​លោក​ ឯម សុវណ្ណារ៉ា បាន​ប្រាប់ ​VOD កាលពី​ម្សិល​មិញ​ថា​ ទណ្ឌកម្ម​អាមេរិក និង​អឺរ៉ុប​​ គឺ​ស្ថិត​នៅ​លើ​ឥរិយាបថ​របស់​អ្នក​ដឹក​នាំ​កម្ពុជា​តែ​ប៉ុណ្ណោះ​ ដោយ​ថា​ បើ​សិន​ជា​រដ្ឋាភិបាល​នៅ​តែ​មិន​ព្រម​ស្ដារ​ប្រជាធិបតេយ្យ​តាម​ការ​ចង់​បាន​របស់​លោក​សេរី​នោះ​ លោក​គិត​ថា ​វិធាន​ការណ៍​របស់​លោក​សេរី ​ប្រាកដ​ជា​កើត​មាន​ ហើយ​នៅ​ពេល​នោះ​ហើយ​ជា​ការ​ប្រឈម​ដ៏​ធំ​មួយ​របស់​រដ្ឋាភិបាល។

បណ្ដា​ឥស្សរជន​ធំ​ៗ​​គឺ​មាន​ផល​ប្រយោជន៍​សេដ្ឋកិច្ច និង​មាន​ក្រុម​ហ៊ុន​ធំ​ៗ អញ្ចឹង​ខ្ញុំ​គិត​ថា​អាច​រង​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​ដែរ​

​អ្នក​តាម​ដាន​នយោបាយ​កម្ពុជា ​លោក​ ឯម សុវណ្ណារ៉ា

​របាយការណ៍​របស់​ការិយាល័យ​ស្ថិតិ​អាមេរិក បានឲ្យ​ដឹង​ថា ក្នុង​រយៈពេល ​៦ខែ​ដើម​ឆ្នាំ​២០១៨​ កម្ពុជា​នាំ​ទំនិញ​ទៅ​កាន់​ទី​ផ្សារ​​អាមេរិក ​មាន​តម្លៃ​ប្រមាណ ​២ពាន់​លាន​ដុល្លារ ដោយ​បាន​​កើន​ឡើង​ជិត​ ២០ភាគ​រយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៧ ខណៈពេញ​មួយ​ឆ្នាំ​២០១៧ ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​អាមេរិ​មាន​ទំហំជាង​ ៣ ៤០០លានដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ