សហជីពមួយជំរុញទៅរដ្ឋាភិបាលឲ្យ​អនុវត្តតាមសេចក្ដី​សម្រេច​របស់​សហភាពអ៊ឺរ៉ុប

ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន

សហជីពមួយ បាន​ទទូចទៅរដ្ឋាភិបាលឲ្យពិចារណាទទួលយក​លក្ខខណ្ឌរបស់សហភាពអ៊ឺរ៉ុប ដែលជំរុញឲ្យស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ដោយ​ថា ដើម្បីបញ្ចៀសវិបត្តិសេដ្ឋកិច្ច និងរក្សាការងារ​​កម្មកររាប់សែននាក់។

សភាអឺរ៉ុបកាលពីថ្ងៃ១៣កញ្ញា បាន​សម្រេច​​ទាមទារឲ្យរដ្ឋាភិបាលថ្មីរបស់កម្ពុជា ​បញ្ឈប់នូវរាល់ការរឹតត្បិតសិទ្ធិសេរីភាព និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង​លើក្រុមអង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស មេដឹកនាំសហជីព និង​មេដឹកនាំ​គណបក្ស​ប្រឆាំង លោក កឹម សុខា ដែលត្រូវបានរដ្ឋាភិបាលចោទថា «ក្បត់ជាតិ» និងអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលបាននិរទេសខ្លួននៅក្រៅប្រទេស។

ក្នុងសន្និសិទសារព័ត៌មានមួយនៅថ្ងៃនេះ ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ថ្លែងថា ប្រសិនបើសហភាពអ៊ឺរ៉ុប ដាក់ទណ្ឌកម្មករមកលើកម្ពុជាដោយផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធនោះ នឹងធ្វើឲ្យ​ប៉ះពាល់ដល់សេដ្ឋកិច្ច ជាពិសេសប៉ះពាល់ធ្ងន់ធ្ងរដល់កម្មកររាប់ម៉ឺននាក់ និងប៉ះពាល់ដល់អ្នកពាក់ព័ន្ធផ្សេងទៀតផងដែរ។

ប្រសិនបើសហភាពអ៊ឺរ៉ុប ដកប្រព័ន្ធអនុគ្រោះពន្ធ នឹងធ្វើឲ្យកម្មករភាគច្រើនបាត់បង់ការងារ ហើយអ្នកដែលទទួលផលប្រយោជន៍ពីកម្មករមានសាច់ញាតិ​គាត់។ យើងគិតថា កម្មករម្នាក់គាត់អាចចែករំលែកជួយចិញ្ចឹម ២នាក់។ អញ្ចឹង បើ ២នាក់គុណ ៨០ម៉ឺននាក់ វាជាង ១លាននាក់ហើយ។ មិនត្រឹមប៉ុណ្ណឹងទេ អ្នកដែលទទួលបានផលប្រយោជន៍ផ្សេងទៀតនោះ ដូចជាម្ចាស់ផ្ទះជួល អ្នកដឹកកម្មករ អ្នកប្រកបរបរ​ក្បែរៗរោងចក្រ ក៏បាត់បងមុខរបដែរ។ ដូច្នេះ ហើយយើងចង់ឲ្យរដ្ឋាភិបាលត្រូវសម្រប​សម្រួលតាមអ្វីដែលសហភាពអ៊ឺរ៉ុបសម្រេចនេះ

ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន

អ្នកនាំ​ពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មិនចាប់អារម្មណ៍ទៅនឹងការទទួចរបស់លោក រ៉ុង ឈុន នេះទេ ដោយថា ការលើកឡើងរបស់លោក រ៉ុង ឈុន នោះ គ្មានតម្លៃអ្វីដែលត្រូវរដ្ឋាភិបាលស្តាប់តាមឡើយ។

សភា EU និយាយ គេមិនទៅស្តាប់ផង ទម្រាំ​ រ៉ុង ឈុន ហ្នឹង មានអនុភាពអីឲ្យរដ្ឋាភិបាលស្តាប់តាម។ រ៉ុង ឈុន មនុស្សគេចង់ចាត់ចូលក្រៅសង្គមហើយហ្នឹង គាត់មានតួនាទីអី? ហើយគាត់មានឥទ្ធិពលអី បានជាឲ្យរាជរដ្ឋាភិបាលស្របច្បាប់គេ​ស្ដាប់​តាមនោះ? គេស្តាប់ប្រជាជនទូទាំងប្រទេស គេមិនមែនស្តាប់ រ៉ុង ឈុន ទេ

អ្នកនាំ​ពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន

តែទោះយ៉ាងណា លោក រ៉ុង ឈុន បានព្រមានថា លោកនឹងដឹកនាំកម្មកររួមទាំងពលរដ្ឋផ្សេងទៀត ធ្វើបាតុកម្មដើម្បីជំរុញទៅរដ្ឋាភិបាលឲ្យអនុវត្តតាមការសម្រេចរបស់សភាពអ៊ឺរ៉ុបនេះ។

អ្នកតាមដាននយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា សក្តានុពលនៃទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងអឺរ៉ុប គឺអឺរ៉ុបនៅតែមានឥទ្ធិពលក្នុងការជំរុញឲ្យមានការចរចានយោបាយនៅកម្ពុជា ដោយថា ទំនិញស្ទើរតែទាំងអស់របស់កម្ពុជាស្ថិតនៅលើទីផ្សារអឺរ៉ុប និងអាមេរិក ពិសេសផលិតផលកាត់ដេរ។

កម្ពុជាទៅទីផ្សារអឺរ៉ុបនឹង ៥២% ទៅអាមេរិក ២២% ទៅជប៉ុន ៧.៥% ហើយទៅចិនតែ ៦.៧%ទេ។ អញ្ចឹងបើយើងធៀបទៅនឹងយន្តការនេះ កម្ពុជានៅពឹងទីផ្សារអឺរ៉ុប និងអាមេរិកច្រើន។ ឲ្យតែសហភាពអឺរ៉ុបហ៊ាន ធ្វើឲ្យកម្ពុជាយើរងឥទ្ធិពលហើយ ពីព្រោះបណ្តាឥស្សរជននយោបាយធំៗសុទ្ធតែមានផលប្រយោជន៍សេដ្ឋកិច្ច និងមានក្រុមហ៊ុន។ អញ្ចឹង ខ្ញុំគិតថា អាចរងផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កម្ពុជាដែរ

អ្នកតាមដាននយោបាយ លោក ឯម សុវណ្ណារ៉ា

ក្នុងសម័យប្រជុំលើកទី៣៩ នៅទីក្រុង Strasbourg ប្រទេសបារាំង កាលពីថ្ងៃទី១៣ កញ្ញានោះ តំណាង​ជាន់​ខ្ពស់​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការបរទេស និង​គោល​នយោបាយ​សន្តិសុខ លោកស្រី Federica Mogherini បានទុកពេលឲ្យរដ្ឋាភិបាលថ្មីរបស់កម្ពុជា ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ហើយថា បើពុំដូច្នេះទេសហភាពអឺរ៉ុបនឹងចាត់វិធានម៉ឺងមាត់មកលើកម្ពុជាដូចជាការព្យួរប្រព័ន្ធអនុគ្រោះពន្ធ កាត់ផ្ដាច់ជំនួយទាំងអស់ និងវិធានាការផ្សេងទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ