តុលាការ​ដំណើរការ​សវនការ​លើ​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក​ ខណៈ​​​សាក្សី​សំខាន់ពីរ​រូប​ពុំ​បង្ហាញ​ខ្លួន

កញ្ញា ខុម ចាន់តារាទី ហៅ​ស្រីមុំ ក្រោយពេល​បញ្ចប់​ការសាកសួរ​របស់​តុលាការ​ កាលពីពេលកន្លងទៅ

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​បន្ត​សវនការ​របស់​ខ្លួន​លើ​សំណុំ​រឿង​ប្រឆាំង​នឹង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្សនៃ​សមាគម​អាដហុក ​នៅ​ព្រឹក​ថ្ងៃ​នេះ ខណៈ​សាក្សី​សំខាន់ ២​រូប ពុំ​បាន​បង្ហាញ​ខ្លួន​ក្នុង​សវនការ​នោះ​ឡើយ។

ក្រុម​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស ៤​រូប​នៃ​សមាគម​​អាដហុក មាន​លោក នី សុខា លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី និង​លោក ណៃ វ៉ាន់ដា ​ត្រូវ​បាន​តុលាការ​ចោទ​ថា បាន​សូក​ប៉ាន់​សាក្សី​ពាក់​ព័ន្ធ​នឹង​រឿង​អាស្រូវ​ស្នេហា​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ដែល​ត្រូវ​បាន​ទម្លាយ​ថា មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​នារី​អ៊ុតសក់​ឈ្មោះ ខុម ចាន់តារាទី ហៅ ស្រីមុំ កាល​ពី​ឆ្នាំ​២០១៦។

សំណុំ​រឿង​ចោទ​ប្រកាន់​លើ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ទាំង​នេះ ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ សម្រេចបើក​សវនការ​ជំនុំ​ជម្រះ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្រោម​ការ​ឃ្លាំ​មើល​ពី​សំណាក់​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ជាតិ អន្តរជាតិ និង​មន្ត្រី​ស្ថានទូតអាល្លឺម៉ង់ ស៊ុយអែត ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។

ក្នុង​សវនការ​នៅ​ព្រឹក​នេះ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ទាំង ៤​រូប បាន​ស្នើ​ទៅ​តុលាការ​ឲ្យ​កោះ​ហៅអ្នក​នាង ខុម ចាន់តារាទី ហៅ ស្រីមុំ និង​អតីត​មេធាវី​សមាគម​អាដហុក អ្នកស្រី ទ្រី ឈួន។

ក្រុម​មន្ត្រី​អាដហុក​បាន​អះ​អាង​ថា សាក្សី​ទាំង​ពីរ​រូប​នេះ មាន​សារៈ​សំខាន់​ចំពោះ​សំណុំ​រឿង​ចោទ​ប្រកាន់​លើ​ពួកគេ ដោយ​ថា សាក្សី​ទាំង​ពីរ​នោះ បាន​ទម្លាក់​កំហុស​ទៅ​លើ​ពួកគាត់ បណ្ដាល​ឲ្យ​ពួកគាត់​ជាប់​ពន្ធនាគារ ប៉ុន្តែ​ ចៅក្រមជំនុំ​ជម្រះ ​នៅ​តែ​សម្រេច​បន្ត​សវនការ​ដដែល។

ចៅក្រម​ជំនុំ​ជម្រះ បាន​ឆ្លើយ​តប​ថា តុលាការ​បាន​កោះ​ហៅ​សាក្សី​ទាំង​ ២​រូប​នេះ​រួច​ហើយ ប៉ុន្តែ ពួកគេ​ពុំ​បាន​ចូល​ទៅ​បង្ហាញ​ខ្លួន​នោះ​ឡើយ ខណៈ​អះ​អាង​ថា ​សាក្សី​ទាំង​ ២​រូប​នេះ បាន​ផ្លាស់​ប្ដូរ​ទីលំនៅ​របស់​ពួកគេ។

មន្ត្រី​ទាំង ៤រូប និង​អគ្គ​លេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គ.ជ.ប. លោក នី ចរិយា ដែល​ជា​អតីត​មន្ត្រី​សមាគម​អាដហុក​ផង​ដែរ​នោះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ដាក់​ឃុំ​​កាល​ពី​ដើម​ខែ​ឧសភា​ឆ្នាំ​២០១៦ រហូត​ដល់​ពួកគេ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាល​ពី​ចុង​ខែ​មិថុនា​ឆ្នាំ​២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ