បារាំងរំឭក​រដ្ឋាភិបាលកម្ពុជា​ឲ្យ​បន្ដស្ដារប្រជាធិបតេយ្យ ក្រោយអឺរ៉ុបព្រមានទណ្ឌកម្ម

ការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា កាលពីថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ (ប្រភពពី AFP)

អតីតសហប្រធាននៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស បានក្រើនរំឭកឲ្យរដ្ឋាភិបាលថ្មីរបស់កម្ពុជា បន្ដស្ដារលទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ បន្ទាប់ពីកម្ពុជាបានបញ្ចប់ការបោះឆ្នោតដ៏ចម្រូងចម្រាស់មួយ និងរងការព្រមានទណ្ឌកម្មពីសហគមន៍អន្ដរជាតិនោះ។

ក្នុងលិខិតមួយដែលផ្ញើជូនទៅប្រធានគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែកញ្ញា នាយករដ្ឋមន្រ្តីបារាំង លោក Edouard Philippe បាន​គូសបញ្ជាក់ថា បារាំងបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយកម្ពុជាក្នុងការស្ថាបនាលទ្ធិប្រជាធិបតេយ្យ សន្ដិភាព និងការអភិវឌ្ឍនៅក្នុងប្រទេសនេះ។

ក្នុងលិខិតនោះ មេដឹកនាំ​បារាំង​រូប​នេះ បានស្វាគមន៍ចំពោះការវិវត្តន៍នយោបាយថ្មីៗ ដូចជា ការដោះលែងលោក កឹម សុខា សកម្មជនដីធ្លីតំបន់បឹងកក់ អ្នកស្រី ទេព វន្នី អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី  និងអ្នកការពារសិទ្ធិមនុស្សផ្សេងទៀត។

ប៉ុន្ដែ លោកសង្ឃឹមថា រដ្ឋាភិបាលថ្មីរបស់កម្ពុជានឹងបន្ដការសន្ទនាជាមួយនឹងគណបក្សនយោបាយ​ សង្គមស៊ីវិល និងបណ្ដាញសារព័ត៌មាន។

ក្នុងលិខិត​ជា​ភាសា​បារាំង​ដែល​ត្រូវ​បាន​បក​ប្រែ​ក្រៅ​ផ្លូវ​នោះ មេដឹកនាំ​បារាំង​រៀបរាប់​ថា៖

ប្រទេសបារាំងនឹងគាំទ្រកិច្ចប្រឹងប្រែងរបស់លោក [ហ៊ុន សែន] ក្នុងការបន្ដកិច្ចសន្ទនាដោយចំហរ និងស្ថាបនាជាមួយតួអង្គនានានៃជីវភាពនយោបាយ នៃសង្គមស៊ីវិល និងសារព័ត៌មាន។ […] ខ្ញុំសង្ឃឹមថា នឹងមានកាយវិការផ្សេងទៀតបន្ដពីនេះ

ប៉ុន្ដែ ក្នុងពិធីជួបជាមួយក្រុមកម្មកររោងចក្រ នៅឯខេត្តកំពង់ស្ពឺ នាថ្ងៃនេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថ្លែងថា កម្ពុជាមិនខ្លាចអំណាច ឬសម្ពាធពីប្រទេសណាមួយឡើយ ដោយថា កម្ពុជាជាប្រទេសមានអធិបតេយ្យភាពពេញលេញ។

ខ្ញុំមិនឪនក្បាលដាក់អ្នកណាអ្នកទាំងអស់ និយាយត្រូវ ធ្វើការជាមួយគ្នា និយាយមិនត្រូវ ទៅ។ បើនិយាយមិនត្រូវគ្នាហើយ ចាំបាច់ទុកធ្វើអីទៀត អ្នកឯងពន្យល់ខ្ញុំ ខ្ញុំពន្យល់អ្នកឯង វាមានទៅ វាមានមក។ អញ្ចឹងយើងក៏ត្រូវប្រាប់គេ និយាយ​អញ្ចេះទៅវិញ។ អាហ្នឹងសមហេតុ សមផល រដ្ឋអធិបតេយ្យ វាដូច្នេះ វាអត់ត្រូវមានអាណា កៀបអាណាទេ

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន

សភាអឺរ៉ុប កាលពីថ្ងៃ១៣ ខែកញ្ញា បាន​អនុម័តលើសេចក្ដីសម្រេចមួយស្ដីអំពីបញ្ហាកម្ពុជា ដោយទាមទារឲ្យរដ្ឋាភិបាលថ្មីបញ្ឈប់នូវរាល់ការរឹតត្បិតសិទ្ធិសេរីភាព និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង​លើក្រុមអង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស និង​ថ្នាក់ដឹកនាំទាំងពីររបស់គណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា និងលោក សម រង្ស៊ី។

ក្នុងសម័យប្រជុំលើកទី៣៩ នៅទីក្រុង Strasbourg ប្រទេសបារាំង កាលពីថ្ងៃទី១៣កញ្ញានោះផងដែរ តំណាង​ជាន់​ខ្ពស់​សហភាព​​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការបរទេស និង​គោល​នយោបាយ​សន្តិសុខ លោកស្រី Federica Mogherini បានព្រមានជាថ្មីឲ្យរដ្ឋាភិបាលកម្ពុជាផ្លាស់ប្ដូរជំហររបស់ខ្លួន និងងាកមកស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ មុននឹងសហភាពអឺរ៉ុបសម្រេចចាត់វិធានម៉ឺងមាត់ផ្សេងៗ ដូចជាព្យួរប្រព័ន្ធអនុគ្រោះពន្ធ កាត់ផ្ដាច់ជំនួយទាំងអស់ និងទណ្ឌកម្មការទូចលើមន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ