លោក​ ហ៊ុន​ សែន​ ថា​ គ្មានអន្តរជាតិ​​ណាថ្លើមធំ​​ហ៊ាន​ព្យួរអា​ស​នៈ​កម្ពុ​ជា​ទេ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ ២៧,៤៤៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន២៤ ដែលកិច្ចសំណេះសំណាលនេះបានធ្វើឡើងនៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ថ្ងៃទី ១៩ កញ្ញា ២០១៩ (រូបភាព៖ FN)

លោក​នា​យករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្មថា គ្មា​​នអន្តរជាតិណាថ្លើមធំ​ហ៊ាន​ព្យួរអាស​នៈក​ម្ពុ​​ជាដូចការ​លើក​ឡើង​នោះ​ទេ​ ​ហើ​យ​ថា ការ​ផ្ទេរ​លោក កឹម សុខា មកឃុំខ្លួនក្នុងផ្ទះវិញ ក៏មិ​​ន​មែ​នដោ​យ​សារ​តែសម្ពា​ធ​​អ​ន្ត​​រ​​​​ជា​តិ​​​​ដែរ។

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ នៅខេត្តកំពង់ស្ពឺ នាថ្ងៃពុធនេះ លោក ហ៊ុន សែន ថ្លែងដោ​យមិ​ន​​ប​​ញ្ចេញឈ្មោះថា នៅប៉ុន្មានថ្ងៃនេះ មានអ្នកឃោស​នាថា អន្តរជាតិនឹ​ងព្យួរអាសនៈ​កម្ពុជា​នៅ​អង្គកា​រសហ​ប្រជា​​តិជាតិ ប៉ុន្តែ លោកថា ការ​លើក​ឡើង​នេះ​ជាការភូតកុហក។

សុំកុំភាន់ច្រឡំ រហូតដល់អ្នកខ្លះនៅប៉ុន្មានថ្ងៃនេះ ឃោសនាថាព្យួរអាសនៈ អ្នកណាក្បាលធំ អ្នក​ណា​ថ្លើម​ធំ​នៅ​លើ​លោក​នេះ ហ៊ានដកអាសនៈរបស់កម្ពុជា។ សូមកុំភាន់ច្រឡំ។ ខ្ញុំចេះតែឆ្ងល់ថា បើអាមេ​វាពូ​កែភូតហើយ អា​កូន​វា​ពូកែ​ជឿ​ទៀត

លោក​នា​យករដ្ឋ​មន្ត្រី ហ៊ុន សែន

កាលពីថ្ងៃទី១៥ ខែកញ្ញា លោក សម រង្ស៊ី សរសេរលើហ្វេសប៊ុករបស់លោកថា អាសនៈកម្ពុជានៅអង្គ​កា​រស​ហប្រជាជាតិ ត្រូវ​ដាក់​ឲ្យ​នៅទំនេរ រង់ចាំ​ការបោះ​​ឆ្នោតឡើ​ងវិញ។

លោក សម រង្ស៊ី សរសេរទៀតថា ក្នុងន័យនេះ ត្រូវបណ្តេញតំ​ណាង​រប​ប ​​ហ៊ុ​​ន សែ​ន​ មិនឲ្យអ​ង្គុយអាស​នៈ​​នេះទៀតទេ។

មួយវិញទៀត លោក ហ៊ុន សែន បានថ្លែងទៀតថា ការប្តូរទីតាំងឃុំខ្លួនលោក កឹម សុខា ពីពន្ធនាគារម​កឃុំនៅក្នុង​ផ្ទះវិញ មិ​ន​មែ​​​​​ន​​​​​​រប​ប​ដឹកនាំ​លោក​​​​​​​រងសម្ពាធណាមួយពីអន្តរជាតិនោះទេ ប៉ុន្តែ​លោក​ថា ជាគោល​ដៅមនុស្សធម៌​ដើម្បីសុវត្ថិ​ភា​ព​​ពិ​រុទ្ធ​ជ​ន​។

​ខ្ញុំនិយាយបន្តិចដើម្បីឲ្យអ្នកទាំងឡាយភ្លឺភ្នែក ថ្ងៃមុនសម្តេចក្រឡាហោមបាននិយាយម្តងហើយ ប៉ុន្តែ​ថ្ងៃ​នេះ​ខ្ញុំ​គ្រាន់​តែ​បញ្ចាក់ អត់ទាន់រួចទោសទាំងអស់ គ្រាន់តែដូរទីតាំងឃុំឃាំងតែប៉ុណ្ណឹងទេ ក្រែ​ងវាងាប់ក្នុងគុក

លោក​នា​យករដ្ឋ​មន្ត្រី ហ៊ុន សែន

អ្នកវិភាគនយោបាយ និងជាអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក បណ្ឌិត មាស នី បង្ហាការ​ព្រួយបា​រម្ភថា បើ​រដ្ឋាភិបាល​ងាក​ចេញ​ពី​ក្រុមប្រទេសលោកសេរី ដោយសារតែការជំរុញ​ឲ្យ​ស្តារប្រជា​ធិបតេយ្យឡើងវិញ ហើ​​យ​​ចាប់យកមហាអំណាចចិនតែមួយ លោកថា កម្ពុជាអាចនឹងជួបវិបត្តិធ្ងន់ធ្ងរទៅថ្ងៃអនាគត​ខាង​ផ្នែ​កសេដ្ឋកិច្ច និងវិបត្តិសង្គម។

រឿងដែលគ្រោះ​ថ្នាក់មួយធំនោះ គឺប្រទេសចិ​នដែលយើងកំពុងតែពឹងផ្អែ​កខ្លាំងតែមួ​យ​​នោះជួបវិបត្តិ​សេដ្ឋកិច្ច​ណា​មួយ​នោះ ប្រទេសខ្មែរយើងចូលរួមរងគ្រោះមុនគេ

អ្នកវិភាគនយោបាយ និងជាអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក បណ្ឌិត មាស នី

សភាអឺរ៉ុប ដែលមានសមាជិក២៨ប្រទេស កាលពីសប្តាហ៍មុន បានពន្យាអនុវត្តវិធានការ ដាក់ទណ្ឌកម្ម ដោ​​​យ​ទុក​ពេល​ឲ្យ​រដ្ឋាភិបាល​ថ្មីរបស់កម្ពុជា ពិចារណា​ពី​ការស្តារប្រជាធិបតេយ្យឡើងវិញ រួមទាំងទាមទា​រ​ឲ្យ​​ទ​​ម្លាក់ប​ទ​ចោទ​លើ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា និងលោក សម រង្ស៊ី និងទាមទារ​ស​ង​​អា​​ស​នៈឃុំ​សង្កាត់ទាំងអស់ ឲ្យគណ​បក្ស​ប្រឆាំង​ឡើង​វិញ​ជាដើម។

ប៉ុន្តែ​ លោក ហ៊ុន សែន ក្នុងពិធីនេះដែរ អះអាងថា របបដឹកនាំរបស់លោក នឹង​មិនរណបបរទេ​សណានោះ​ឡើយ​ ​ហើ​​​យ​ថា ការ​បោះ​ឆ្នោត​នៅកម្ពុជាក៏មិនត្រូវការស្តង់ដារអន្តរជាតិអ្វីដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ