ឌុច លីដា ប្រកែកគ្មានចម្រូង​ចម្រាស់​ក្នុងរឿង​​«ណូលីណូឡា»

តារាសម្ដែង កញ្ញា ឌុច លីដា ក្នុងពិធីសម្ពោធរឿង​«ណូលីណូឡា»

ក្នុងពិធីសម្ពោធរឿង​«ណូលីណូឡា»គេឃើញតារាសម្ដែង កញ្ញា ឌុច លីដា បង្ហាញខ្លួន​ព្រមជាមួយនឹង​ស្នាម​​ញញឹម ផ្ទុយ​ស្រឡះទាំងស្រុងពី​ការលើកឡើងថា​​នាង និង​ផលិតករ​​​រឿងនេះ​​ផ្ទុះ​រឿង​​ចម្រូងចម្រាស់នឹងគ្នា ដោយមានទាំង​ការ​ប៉ាន់ស្មានថា​នឹង​​អវត្តមាន​ក្នុង​ថ្ងៃ​​​សម្ពោធរឿង។

ជាមួយនឹង​ការបង្ហាញខ្លួន នាង​បានប្រកែក​ថាមិនធ្លាប់មានរឿង​​​ណាមួយ​ជាមួយ​​«មហាហង្ស»ឡើយ។

កញ្ញា​ ឌុច លីដា និយាយថា ការ​​លើកឡើងថា​​នាង​ និង​ផលិតករ​​មហាហង្សមានរឿង​​ជាមួយ​គ្នា ​​ដោយសារតែនាង​​​​​មកថត​មិនគោរពពេលវេលា ឬ​​​​​​​​អោយថ្ងៃ​​ចេញថតមិន​​​គ្រប់គ្រាន់ រហូតធ្វើអោយភាពយន្តរឿង«​​ណូលីណូឡា» យឺតយ៉ាវការ​ផលិត និងមាន​រឿង​ទាស់សម្ដីគ្នាជាមួយ​អ្នក​ផលិត គឺមិនមានទាល់តែសោះ។

​​​​ក្នុងរឿង​​​​ហ្នឹង ខ្ញុំ​​អត់ដែលមានបញ្ហា​អីទេ អ្នកថា​​​​គឺចេះតែថា​​ហ្នឹង!

តារាសម្ដែង កញ្ញា ឌុច លីដា

ឌុច លីដា បន្តថា បើនាងមាន​​​រឿង​ល្អក់កករជាមួយ​ផលិតកម្មមហាហង្ស គឺនាង​មិន​មក​​​​​​ចូលរួមសម្ពោធក្នុងរឿង​«ណូលីណូឡា»កាលពីថ្ងៃទី​១៨ កញ្ញានោះទេ បើទោះជា​​ក្នុង​រឿងនេះ នាង​គឺជាតួឯក​​ធំ ​ជាមួយគ្នានឹងតួអង្គ​​​អ្នកនាង  ភិន សុដាលីស ដែលជា​កូនស្រី​​​​ផលិតកម្ម។

​អ្នកនាង​បានទាំង​​​​សរសើរថា​​​​សកម្មភាពក្នុងការបង្ហាញខ្លួន​ថតអោយផលិតកម្មមហាហង្ស​លើកដំបូង មានតែ​ការ​យោគយល់នោះផង កុំថាដល់មាន​ផ្ទុះរឿងចម្រូងចម្រាស់​ ដូចអ្វីដែលបាន​​​លេចឮ។ ​​​​​​

នាង​រំពឹង​យ៉ាង​ខ្លាំងថា ភាពយន្តរឿង​​​​«​ណូលីណូឡា»ដែលនាង​​សម្ដែងភាគច្រើននៅខេត្ត​សៀមរាប​ ហើយត្រូវ​អ្នក​និពន្ធអោយ​​​​​​​​​សម្ដែង​​​​​​​ច្រឡឺម​ផង ​​​កាចផង ហើយចុងក្រោយ​រូបនាងគឺជា​តួដែល​បង្ហាញពីក្ដីស្រឡាញ់ និង​បានចូល​រួម​ផ្សព្វផ្សាយវប្បធម៌​​នៅខេត្ត​សៀមរាបនោះ នឹងទទួលជោគជ័យ ​ដោយនាង​​បញ្ជាក់ថា​ខ្លួនប្រឹង​សម្ដែងអស់ពីសមត្ថភាព ដែលផ្ទុយពីការ​យល់ថា​រូបនាង​​មានរឿង​ជាមួយ​ផលិតករ​​ក្នុងពេលសម្ដែង​​​ ហើយខំ​ប្រឹង​សម្ដែង​​អោយ​​​តែចប់​​​​របៀប​ឧបកិច្ច។

ដូចគ្នានឹងការអះអាងថា លោក អ៊ិន សុភិន ម្ចាស់​ផលិតកម្ម​ក៏បាន​ប្រកែកដែរថា ​​​​កញ្ញា ឌុច លីដា អត់មាន​ករណីចម្រូងចម្រាស់​ក្នុងពេល​ថត​រឿង​ដូចអ្វីដែល​ធ្លាប់​លេចឮ​​នោះទេ ដោយលោក​​​បញ្ជាក់ថា​​សម្រាប់តួផ្សេង​គឺពិតជាមាន​​នូវ​បញ្ហា​​​ពេលវេលា និង​​អោយថ្ងៃថត​​​មិនត្រូវគ្នា បង្ការការលំបាក​ដល់ការ​ផលិតមែន ប៉ុន្តែសម្រាប់​តារាស្រី ឌុច លីដា  គឺ​​អត់មានទេ ដោយមានតែ​​ខំ​​​ធ្វើការ​បានល្អ ​​ថ្វីដ្បិតតែយន្ត​រឿង​«ណូលីណូឡា» ​​ត្រូវបានពន្យា​រការថត។

លោកថា​​​កញ្ញា ឌុច លីដា ​​ធ្វើការលើកដំបូង​អោយផលិតកម្មមហាហង្ស អត់មានបញ្ហា​ដូចតារា​ល្បីមួយចំនួននោះទេ ខណៈដែលលោកក៏​​​​​​​នឹង​​​គ្រោង​ផ្ដល់រឿង​​អោយសម្ដែងជាលើកទី២ ​​​​បន្ទាប់ពីយល់ឃើញថា​​​ភាពយន្តដែលនាង​សម្ដែងជាមួយ​កូនស្រីរបស់លោក គឺអ្នកនាង ភិន សុដាលីស លើកដំបូង មានភាព​​​​ស៊ីសង្វាក់គ្នា ហើយ​​​ក្រោយពេល​​​កាត់ខ្សែបូរ ក៏មាន​​អ្នកទស្សនា​ភាគច្រើនសរសើរថា​​​ល្អ​​មើល ដែលធ្វើអោយលោក​​​​​​​រំពឹង​ខ្លាំង​​​​​​​​​នៅពេល​លក់សំបុត្រ​ដាក់បញ្ចាំង​​​ចាប់ពីថ្ងៃទី​២០ កញ្ញា នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ