ចិនជំរុញឲ្យឥណ្ឌា​ធ្វើការដោយ​យុត្តិធម៌ចំពោះក្រុម​ហ៊ុន​ទូរគមនាគមន៍របស់ចិន

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក​ ​កឹង សុ័ង Geng Shuang (រូបភាព៖ thelocal.se)

រដ្ឋាភិបាល​ចិន​ បាន​ជម្រុញ​ដល់​រដ្ឋាភិបាល​ឥណ្ឌា​ឲ្យ​បង្កើត​បរិយាកាស​យុត្តិ​ធម៌សម្រាប់​ក្រុម​ហ៊ុន​ទូរគមនាគមន៍របស់​ខ្លួន​ដែល​កំពុងធ្វើ​ប្រតិបត្តិការណ៍ក្នុងប្រទេស​ឥណ្ឌា។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក​ គឹង ស័ង បាន​អំពាវនាវ​​បែបនេះក្នុងសន្និ​សីទសារព័ត៌មាន​មួយ​កាល​ពីម្សិលមិញនេះ។

រដ្ឋាភិបាលចិនតែងតែលើកទឹកចិត្តដល់សហគ្រាសរបស់ខ្លួនឱ្យគោរពច្បាប់អន្តរជាតិនិងច្បាប់ក្នុងស្រុកនៅពេលធ្វើ​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្រៅប្រទេស។ យើងក៏សង្ឃឹមថាប្រទេសដែលពាក់ព័ន្ធអាចផ្តល់នូវបរិយាកាសដែល​យុត្តិធម៌ និងតម្លាភាពដល់សហគ្រាសចិនដែល​កំពុងដំណើរការក្នុងប្រទេស​ទាំងនោះដូចគ្នា​ ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក​ គឹង ស័ង

លោកបន្តទៀត​​​ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងឥណ្ឌាគឺផ្ដល់​អត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ហើយឥឡូវនេះកិច្ចសហប្រតិបត្តិការទាំងនោះកំពុងដំណើរការយ៉ាងរលូន។

ការអំពាវនាវរបស់លោក​អ្នកនាំពាក្យ​ក្រសួងការបរទេសចិន​រូបនេះ ​ធ្វើឡើងបន្ទាប់​ពី​មានសេចក្តី​រាយការណ៍​ថា​រដ្ឋាភិបាល​ឥណ្ឌា​ បាន​ដក​សិទ្ធក្រុម​ហ៊ុន​ទូរគមនាគមន៍ធំ​ៗពីររបស់​ចិន​គឺក្រុមហ៊ុន ​ZTE និង ក្រុមហ៊ុន​ Huawei មិន​ឲ្យមាន​ការ​​សាក​ល្បង​បច្ចេកវិទ្យាអិន​ធឺណិត​ ​5G ។ សេចក្តីសម្រេច​របស់ឥណ្ឌា​ធ្វើឡើងស្របពេល​ដែលអូស្ត្រាលីបានហាមឃាត់ក្រុម​ហ៊ុន​ទូរគមនាគមន៍ទាំងពីរនេះក្នុង​ការផ្តល់ឧបករណ៍បច្ចេកវិទ្យា 5G ដល់ក្រុមហ៊ុនទូរស័ព្ទចល័តក្នុងស្រុកដោយសារតែបារម្ភបញ្ហាសន្តិសុខជាតិ។

ជំនួយការ​សាស្រ្តចារ្យ​ស្រាវជ្រាវ​នៃបណ្ឌិតសភា​វិទ្យាសាស្រ្តសង្គម​ចិន​ លោក ​ធៀន គ័ង​ឈៀង​ បាន​លើកឡើងប្រាប់​សារព័ត៌មាន ​Global Times របស់​ចិន​​ថា​ ឥណ្ឌាជាធម្មតាតែងតែហាមឃាត់ការវិនិយោគរបស់ចិនជាពិសេសនៅក្នុងវិស័យដែលមានបញ្ហារសើបដោយប្រើលេសសន្តិសុខជាតិស្របតាមគោលបំណងចង់ផ្គាប់ចិត្តសហរដ្ឋអាមេរិកដោយប្រកាន់យកជំហររឹងមាំប្រឆាំងនឹងប្រទេសចិន។

ក្រុមហ៊ុន ZTE និងក្រុមហ៊ុន Huawei ត្រូវបានចោទប្រកាន់ដោយសហរដ្ឋអាមេរិក អូស្ត្រាលី ចក្រភពអង់គ្លេសនិងប្រទេសដទៃផ្សេង​ទៀតក្នុងការលួចយក​ទិន្នន័យ​ផ្ដល់​ឲ្យរដ្ឋាភិបាលចិន។ ក្រុមហ៊ុនទាំងនេះក៏ដូចជារដ្ឋាភិបាល​ប៉េកាំងបានបដិសេធការចោទប្រកាន់ទាំងនេះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ