ពលរដ្ឋកោះកុងជិត ១០០នាក់​ឡើង​មក​ទារ​សំណង​បន្ថែម​ពី​រដ្ឋាភិបាល​ជុំ​វិញ​ជម្លោះ​ដី​ធ្លី

ពលរដ្ឋជិត១០០នាក់មកពីស្រុកស្រែអំបិល ខេត្តកោះកុង ដែលមាន​ជម្លោះដីធ្លីជាមួយក្រុមហ៊ុន​ស្ករអំពៅរបស់លោក លី យ៉ុងផាត់ បានទាមទារ​សំណងលុយបន្ថែមពីរដ្ឋាភិបាល បន្ទាប់ពីពួកគេទទួលយកសំណងដីធ្លីកាលជាង ៣ខែមុន។

ពលរដ្ឋជិត១០០នាក់មកពីស្រុកស្រែអំបិល ខេត្តកោះកុង ដែលមាន​ជម្លោះដីធ្លីជាមួយក្រុមហ៊ុន​ស្ករអំពៅរបស់លោក លី យ៉ុងផាត់ បានទាមទារ​សំណងលុយបន្ថែមពីរដ្ឋាភិបាល បន្ទាប់ពីពួកគេទទួលយកសំណងដីធ្លីកាលជាង ៣ខែមុន។

ក្រុមពលរដ្ឋនៅឃុំជីខលើ ដែល​អះអាងថា មានគ្នា ៧៦នាក់ បានប្រមូលផ្តុំគ្នាមុខក្រសួងរៀបចំដែនដីនៅថ្ងៃនេះ ដើម្បីសុំសំណងលុយ ៦ពាន់ដុល្លារបន្ថែមទៀតពីស្ថានប័នមួយនេះ បន្ទាប់ពីពលរដ្ឋទាំងនោះ ទទួលយកដំណោះស្រាយដីធ្លី​មួយ​គ្រួសារដី ១ហិកតាកន្លះកាលពីខែឧសភា​កន្លង​មក។

ពលរដ្ឋម្នាក់ អ្នកស្រី ទុយ នី យាយថា ក្រសួងរៀបចំដែនដីសោះស្រាយវិវាទដីធ្លីជូនពលរដ្ឋនៅខេត្តកោះកុង មិនមានតម្លាភាព ដោយថា ក្រុមពួកគាត់ ១៧៦គ្រួសារដែលមាន​ជម្លោះដីធ្លីជាមួយក្រុមហ៊ុនរបស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ដែរនោះ ទទួលបានដំណោះស្រាយត្រឹមតែដី ១ហិកតាកន្លះប៉ុណ្ណោះសម្រាប់ពលរដ្ឋមួយគ្រួសារ ប៉ុន្តែ សម្រាប់ក្រុមពលរដ្ឋផ្សេងៗទៀតដែលទើបទទួលបានដំណោះស្រាយក្រោយនេះ បែរ​ជា​ទទួលបានដី ៣ហិកតា និងលុយ២៥០០ដុល្លារថែមទៀត​ក្នុង​មួយ​គ្រួសារ។

អ្នកស្រីបន្តថា ដោយមើលឃើញការដោះស្រាយរបស់ក្រសួងមិនមានតម្លាភាពបែបនេះ ទើបក្រុមពួកគាត់សម្រេចនាំគ្នាមកទារ សំណងបន្ថែមពីរដ្ឋាភិបាល។

ក្រុមខ្ញុំមកនេះ មកសុំលុយពីក្រសួងបន្ថែម ព្រោះអីក្រុមខ្ញុំ ដីតែ ១ហិកតាកន្លះ អត់មានលុយដូចគ្នា។ ក្រុមគេមុនគេ ទទួលបានដីដល់ទៅ ៣ហិកតា មានលុយ ២៥០០ដុល្លារទៀត។ ក្រុមមួយទៀត បានដី ២ហិកតា បានលុយ ៣០០០ដុល្លារ ក្រុមខ្ញុំ បានដី ១ហិកតាកន្លះ អត់លុយទេ។ អញ្ចឹង ខ្ញុំសុំលុយពីក្រសួងបន្ថែម ក្រុមខ្ញុំអត់លុយសងគេទេ។ អញ្ចឹងសូមឯកឧត្តម ជា សុផារ៉ា និងសម្តេចជួយកូនចៅផង

ពលរដ្ឋម្នាក់មកពីខេត្តកោះកុង អ្នកស្រី ទុយ នី

វីអូឌីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានទេជុំវិញករណីនេះ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។

ប៉ុន្តែ បើតាមតំណាងពលរដ្ឋដែលចូលជួបជាមួយមន្រ្តីក្រសួង បានឲ្យដឹងថា ក្រសួងមិនអាចដោះស្រាយសំណងបន្ថែមជូនពួកគេបានទេ ដោយថា ការទាមទារដំណោះស្រាយពីដំបូង គឺពលរដ្ឋទាំងនោះមិនបានទាមទារសំណងជាលុយភ្ជាប់ជាមួយសំណងជាដីនោះទេ។

មន្រ្តីសម្របសម្រួលសមាគមអាដហុក លោក មាន ព្រហ្មមន្នី មានប្រសាសន៍ថា តាមការសង្កេតរបស់លោក ការដោះស្រាយវិវាទដីធ្លីរបស់រដ្ឋាភិបាលជូនពលរដ្ឋពេលកន្លងមកនោះ គឺមិនបានអនុវត្តតាមច្បាប់ត្រឹមត្រូវនោះទេ ដោយថា ការដោះស្រាយនោះ គឺអនុវត្តតាមនយោបាយ ដែលធ្វើឲ្យពលរដ្ឋមួយចំនួនបាតបង់ផលប្រយោជន៍ជាច្រើន។

លោកបន្តថា ពលរដ្ឋមួយចំនួនសម្រេចទទួលយកសំណងនោះទាំងបង្ខំចិត្តដោយសារគ្មានជជម្រើស ហើយលោកថា រដ្ឋាភិបាល គួរតែផ្តល់សំណងបន្ថែមជូនពលរដ្ឋដែលតវ៉ានោះ។

ហើយត្រូវបានអ្វីបន្ថែមទៀត? គេត្រូវមានហេដ្ឋារចនាសម័ន្ធ សេវាសាធរណៈ ព្រោះគាត់ទៅនៅកន្លែងថ្មីគាត់ធ្វើ ប្រកបរបកសិកម្ម ប្រកបរបធ្វើស្រែចំការកន្លែងថ្មីត្រូវមានហេដ្ឋារចនាសម័ន្ធមានផ្លូវ មានប្រឡាយទឹកសម្រាក់ពួកគាត់ធ្វើកសិកម្ម និងអាចដឹកផលិតផលរបស់គាត់ចេញចូលបាន។ ហើយអាសំណងនេះវាត្រូវឲ្យគាត់ហើយ ព្រោះស្នើសុំដូចគ្នា ត្រូវទទួលបានដូចគ្នា ព្រោះសំណងជាគោលនយោបាយគឺមានដីមានលុយ ហើយអ្នកពលរដ្ឋមានដីតិចដីច្រើន ប៉ុន្តែសំណងជាគោលនយោបាយគឺទទួលស្មើៗគ្នា

មន្រ្តីសម្របសម្រួលសមាគមអាដហុក លោក មាន ព្រហ្មមន្នី

ក្រុមពលរដ្ឋអះអាងថា ប្រសិនមិនទទួលបានសំណងបន្ថែមទេ ពួកគាត់នៅតែបន្តតវ៉ារហូតបានដំណោះស្រាយ ដោយព្រមានមិនត្រឡប់ទៅស្រុកកំណើតវិញទេ។

កាលពីដើម​ឆ្នាំ២០១៨ រដ្ឋមន្ត្រីក្រសួងរៀប​ចំដែន​ដី ​បាន​សម្រេចកាត់ដីចេញពីក្រុមហ៊ុនស្ករអំពៅក្នុងខេត្តកោះកុងជិត ១០០០ហិកតា និងផ្តល់លុយមួយ​ចំនួនទៀត ដើម្បីប្រគល់ឲ្យពលរដ្ឋជាង ៣០០គ្រួសារ បន្ទាប់ពីជម្លោះនេះអូសបន្លាយជាង១០ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ