បទយកការណ៍៖ ប្រជាសហគមន៍ក្រីក្របារម្ភពីការបណ្តេញចេញ ខណៈការតាំងលំនៅរបស់​ពួកគេគ្មានប័ណ្ណកម្មសិទ្ធិ

កុមារដើរឆ្លងលើបន្ទះឈើដើម្បីចេញចូលលំនៅដ្ឋានក្នុង​សហគមន៍​ក្រីក្រមួយ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨។ (រូបថត៖ ឃុត សុគន្ធ)
វាមានផលលំបាកច្រើនណាស់ ពេលទឹកជនលិចម្តងៗបង្កឲ្យមានសត្វធាតុផ្សេងៗឡើងមករស់នៅជាមួយយើង និងខាំទិចក្មេងៗ ហើយវាបង្កផលលំបាកដល់ក្មេងៗខ្លាច​ធ្លាក់ទឹក ហើយមិនដឹងគេបណ្តេញយើងចេញថ្ងៃណា? គេដោះស្រាយសំណងឲ្យយើងសមរម្យអត់?

ការរៀបរាប់ពីផលលំបាកខ្លះៗរបស់ពលរដ្ឋកំពុងរស់នៅក្នុងសហគមន៍ក្រីក្រមួយ

នេះជាការរៀបរាប់ពីផលលំបាកខ្លះៗរបស់ពលរដ្ឋកំពុងរស់នៅក្នុងសហគមន៍ក្រីក្រមួយ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ     ខណៈសហគមន៍នោះពុំទាន់មានការអភិវឌ្ឍន៍ និងការតាំងលំនៅឋានរបស់ពួកគេទាំងគ្មានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ។

ក្រោមស្រយ៉ាបផ្ទះសង់ជាប់ប្រឡាយទឹកស្អុយបឹងត្របែកដែលមានដំបូល និងជញ្ជាំងឆ្លុះឆ្លាយ អ្នកស្រី ច្រឹង មុំ រៀបរាប់ប្រាប់ថា គ្រួសារគាត់ និងពលរដ្ឋមួយចំនួនទៀត បានមកតាំងលំនៅក្នុងសហគមន៍រ៉ុងរឿង ស្ថិតក្នុងសង្កាត់បឹងត្របែកនេះ តាំងពីឆ្នាំ​១៩៩០។

ស្រ្តីវ័យ ៥០ឆ្នាំរូប បន្តថា ការរស់នៅក្នុងតំបន់ទឹកស្អុយរយៈពេលជិត ៣០ឆ្នាំមកនេះ គឺពួកគាត់បានជួបបញ្ហា​ទឹកជន់លិចផ្ទះ ក្លិនស្អុយបង្កផលប៉ះពាល់ដល់សុខភាពដែលបណ្តាលឲ្យក្មេងៗ និងមនុស្សចាស់កើតជំងឺរមាស់ គ្រុនចាញ់ គ្រុនពោះវៀនជាដើម។​

ជួបផលលំបាកដូចជាពេលទឹកលិចម្តងៗ គឺលិចដល់ក្នុងផ្ទះ ជួបបញ្ហាកូនចៅឈឺម៉ា​គំនរ ឈឺគ្រុនពោះ​វៀន គ្រុនឈាមញឹកញាបណាស់ ហើយផ្ទះអីរលំអស់ហើយ

អ្នកស្រី ច្រឹង មុំ ក្នុងសហគមន៍រ៉ុងរឿង ស្ថិតក្នុងសង្កាត់បឹងត្របែកនេះ តាំងពីឆ្នាំ​១៩៩០

ផ្ទះសង់ពីឈើតជាប់ៗគ្នាលើប្រឡាយទឹកស្អុយបឹងត្របែក ផ្ទះពលរដ្ឋខ្លះមានលក្ខណៈទ្រុឌទ្រោម ដំបូល និងជញ្ជាំងធ្លុះ​ធ្លាយ ហើយ​បរិយាកាសជុំវិញនោះមានក្លិនស្អុយចេញពីទឹកប្រឡាយជិតនោះ។

នាំផ្លូវបណ្តើរនិយាយបណ្តើរ ប្រធានសហគមន៍រ៉ុងរឿង អ្នកស្រី ប៊ូ សុខុម រៀបរាប់ថា សហគមន៍នេះមានពលរដ្ឋប្រហែលជិត ១០០គ្រួសារ និងជិត ១០០ខ្នងផ្ទះ។

ប្រធានសហគមន៍រូបនេះឲ្យដឹងថា បើទោះបីជាអ្នកភូមិបានមករស់នៅទីនោះជាច្រើនឆ្នាំហើយក៏ដោយ អាជ្ញាធរមិនបានចុះបញ្ជីដីធ្លី ឬធ្វើប័ណ្ណកម្មសិទ្ធជូនពួកគាត់នោះទេ ដែលបច្ចុប្បន្ន​នេះ ពលរដ្ឋនៅទីនោះកំពុងតែបារម្ភពីការបណ្តេញចេញទាំងបង្ខំ។

នៅកន្លែងសហគមន៍ខ្ញុំនេះ មិនទាន់មានការចុះបញ្ជីដីធ្លីជាប្រព័ន្ធទេ។ អញ្ចឹងហើយ សម្រាប់រូបខ្ញុំផ្ទាល់ និងប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះ មានការព្រួយបារម្ភខ្លាំងណាស់ ហើយមាន​ការ​ភ័យខ្លាចទៅថ្ងៃអនាគតមិនដឹងជាប្រឈមបញ្ហាអ្វីខ្លះ

ប្រធានសហគមន៍រ៉ុងរឿង អ្នកស្រី ប៊ូ សុខុម

បើទោះបីជាអាជ្ញាធរបានស្រង់បញ្ជី រៀបចំឲ្យប្រព័ន្ធទឹកស្អាត និងបណ្តាញអគ្គីសនីក៏ដោយ ប្រធានសហគមន៍អ្នកស្រី ប៊ូ សុខុម បានអំពាវនាវទៅសាលារាជធានីភ្នំពេញ ឲ្យ​ពន្លឿនការអភិវឌ្ឍ និងផ្តល់ប័ណ្ណកម្មសិទ្ធជូនពួកគាត់ឲ្យបានឆាប់ ដោយសារផ្ទះពលរដ្ឋមួយចំនួនក្នុងសហគមន៍នេះ កំពុងដួលរំលំ ហើយអាជ្ញាធរមូលដ្ឋានមិនឲ្យសាងសង់ថ្មី។

ខ្ញុំសូមស្នើទៅរដ្ឋាភិបាល និងសាលាក្រុង សូមជួយសហគមន៍ក្រីក្រនេះ ដោយធ្វើការអភិវឌ្ឍនៅហ្នឹងកន្លែង គឺពួកខ្ញុំមិនអាចទៅណាទេ។ ខ្ញុំសូមទៅសាលាក្រុងជួយដល់សហគម៍នេះសុទ្ធ​តែអ្នកក្រីក្រ ផ្ទះបាក់បែកអស់ហើយបាក់អស់ផ្ទះពីរហើយ អញ្ចឹងប្រឈមបញ្ហាច្រើនណាស់។ ទី២ទៀតខ្ញុំសំណូមពរឲ្យជួយចេញប្លង់កម្មសិទ្ធិស្របច្បាប់ ដូចប្រជាពលរដ្ឋរស់នៅសហគមន៍ផ្សេងៗទៀតដែរ

ប្រធានសហគមន៍អ្នកស្រី ប៊ូ សុខុម

ចំណែកឯពលរដ្ឋនៅសហគមន៍ព្រែកតាគង់ផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែងលើ ខណ្ឌមានជ័យ ក៏កំពុងព្រួយបារម្ភពីការបណ្តេញចេញដែរ ខណៈសហគមន៍មួយនេះពុំទាន់មានហេដ្ឋារចនាសម្ព័នដូចជាប្រព័ន្ធលូ ប្រព័ន្ធទឹកស្អាត សេវាប្រមូលសំរាម រួមទាំងពុំទាន់បានចុះបញ្ចីដីធ្លីជាដើម។

អង្គុយលើស្ពានឈើលើទឹកស្លុយក្នុងសហគមន៍ព្រែកតាគង់ អ្នកស្រី ឡាយ ស្រីម៉េត ឲ្យដឹងថា តំបន់ដែលពួកគាត់កំពុងរស់នៅនេះ គឺមិនទាន់មានប័ណ្ណកម្មសិទ្ធិទេ ដោយថា ដើមឡើយតំបន់នោះជាដីបឹងទំពុន ដោយពលរដ្ឋខ្លះបានមកតាំងទីលំនៅកន្លែងនោះរយៈពេល ១០ ទៅ ២០ឆ្នាំមកហើយ ដើម្បីប្រកបរបរ​ដាំបន្លែ អ្នកខ្លះទៀតរត់ម៉ូតូឌុប និងធ្វើសំណង់ ខណៈបច្ចុប្បន្នមានពលរដ្ឋ ៦៣គ្រួសារ និង ៦៧ខ្នងផ្ទះសរុបទាំងអ្នកនៅចាស់ និងថ្មី។

បញ្ហាប្រឈមជាងគេ គឺបញ្ហាប្លង់ និងមួយទៀតហេដ្ឋារចនាសម្ព័នមិនទាន់ផ្លូវបេតុង គ្មានលូ រស់នៅលើទឹកស្លុយ។ ដល់ពេលអញ្ចឹង ពលរដ្ឋដែលរស់នៅក្នុងសហគមន៍ទាំងអស់ហ្នឹង ពិបាកក្នុងការធ្វើដំណើរ ជាពិសេសក្មេងៗ ពិសេសធ្វើ​ដំណើរពេលទៅរៀន ទៅរកស៊ី ហើយជិះក្លិនស្អុយ។ យប់ឡើងគេងអត់ចង់បានទេ ឥលូវមិនថា តែក្មេងទេ សូម្បីតែមនុស្សចាស់ ក៏មានជំងឺសើរស្បែកសឹងតែគ្រប់គ្នា

ពលរដ្ឋរស់ក្នុងសហគមន៍ព្រែកតាគង់ អ្នកស្រី ឡាយ ស្រីម៉េត

តំណាងសហគមន៍វ័យ ៣០ឆ្នាំរូបនេះ ឲ្យដឹងថា បច្ចុប្បន្ន ផ្ទះពលរដ្ឋជាងពាក់កណ្តាល ត្រូវ​បាន​សង់នៅលើទឹកស្អុយ ហើយពលរដ្ឋ កំពុងរស់នៅស្រូបក្លិនស្អុយជារៀងរាល់ថ្ងៃ ដែលបណ្តាលឲ្យមនុស្សចាស់ក្មេងមួយចំនួនកំពុងកើតជំងឺផ្សេងៗផងដែរ។

បញ្ហាចំពោះមុខ គឺសុំទៅរដ្ឋាភិបាលផ្តល់ប័ណ្ណកម្មសិទ្ធិ ដើម្បីកុំឲ្យពលរដ្ឋនៅទីនេះរស់នៅទាំងភ័យខ្លាច ព្រោះរាល់ថ្ងៃ ពួកយើងនិយាយគ្នារហូតភ័យខ្លាច​តែគេដេញចេញដោយគ្មានសំណង ឬ សំណងដែលពួកខ្ញុំមិនអាចទទួលយកបាន ហើយមួយទៀត សូមឲ្យអាជ្ញាធរជួយផងផ្នែកហេដ្ឋារចនាសម័ន្ធ ដោយសារផ្លូវក្នុងសហគមន៍នេះ លិច​អត់ដឹងខែវស្សា ឬប្រាំងនោះទេ ដោយសារ វាបែកលូ វាលិចជាប្រចាំ​ម៉ង

ពលរដ្ឋរស់ក្នុងសហគមន៍ព្រែកតាគង់ អ្នកស្រី ឡាយ ស្រីម៉េត

ចៅសង្កាត់ចាក់អង្រែលើ លោក កែវ សាវឿន បានទទួលស្គាល់ថា ពលរដ្ឋក្នុងសហគមន៍ព្រែកតាគង់ផ្លូវ ៦០ម៉ែត្រពិតជាជួបការ លំបាក ដោយកំពុងរស់នៅលើទឹកស្អុយ និងសង់លំនៅឋានដោយគ្មានប្លង់កម្មសិទ្ធិមែន។ លោកថា កន្លងមកសង្កាត់បានចុះដោះស្រាយដោយរៀបចំប្រព័ន្ធលូដែរ ប៉ុន្តែ លូនោះបែកទើបបណ្តាលឲ្យសហគមន៍នោះបន្តលិចទឹកបែបនេះ។

នៅពេលដែលសារព័ត៌មានវីអូឌីសួរជុំវិញការដោះស្រាយសំណង និងផ្តល់ប័ណ្ណកម្មសិទ្ធិពេលអភិវឌ្ឍន៍នោះ លោក កែវ សាវឿន មិនបានឆ្លើយច្បាស់លាស់នោះទេ​ ដោយថា ពលរដ្ឋទាំងនោះ រស់នៅលើដីរដ្ឋខុសច្បាប់ពិបាកដោះស្រាយ។

ខ្ញុំវិញថា អញ្ចឹង? យល់ពីសារាចរណ៍លេខ ០៣ទេ? អញ្ចឹងសួរថា ផ្តល់សំណងម៉េច? បើអ្នកខ្លះមកធ្វើខ្ទមចោល ដើម្បីលក់គ្រឿងញៀនហ្នឹង ហើយឲ្យខាងរដ្ឋាភិបាលចេះតែសងៗម៉េចកើត?បើយើងទទួលស្គាល់ យើងទទួលស្គាល់តែ៥៩គ្រួសារ និងមានមនុស្ស ២៧៦នាក់ដែលក្នុងបញ្ជីដែលយើងស្រង់​កាលពី​ ២០១១ ក្រៅពីនោះ យើងមិនទទួលស្គាល់ឡើយ

ចៅសង្កាត់ចាក់អង្រែលើ លោក កែវ សាវឿន

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី មានប្រសាសន៍ថា រហូតពេលនេះមិនទាន់មានគោលការណ៍ និងព័ត៌មានឲ្យពលរដ្ឋដែលកំពុងរស់នៅតាមប្រឡាយ បឹង និងកន្លែងត្រូវភិវឌ្ឍន៍ផ្សេងរើចេញនោះទេ។

លោកបន្តថា ប្រសិនមានការអភិឌ្ឍ ហើយមានការដោះស្រាយយ៉ាងណានោះ សាលារាជធានីភ្នំពេញនឹងពិភាក្សាជាមួយពលរដ្ឋតាមក្រោយទៀតដើម្បីទទួលយកបានទាំងអស់គ្នា។

សម្រាប់ការដោះស្រាយរបៀបណាទៀតនោះ យើងហ្នឹងនឹងគិតគូរ ហើយត្រូវតែមានការពិភាក្សា ឬពិគ្រោះយោបល់ជាមួយពួកគេដែរ ដើម្បីគិតគូរពីការអភិវឌ្ឍផង និងផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋយើង ដែលកំពុងនៅទីនោះផ្ទាល់។ នេះមិនមែនតែការងារនៅខាងបឹងត្របែកទេ បងប្អូននៅតាមផ្លូវរទះភ្លើងក៏ដោយ ផ្លូវរទះភ្លើងនេះ យើងនឹងលុបទៅធ្វើជាផ្លូថ្នល់វិញ ដោយចេញពីគីឡូម៉ែត ៦ ចាប់ផ្លូវជាតិ ៥ ចុះមក យើងគ្រោងអភិវឌ្ឍន៍អញ្ចឹងដូចគ្នា ហើយយើងត្រូវតែគិតគូឬ​ពិគ្រោះ​យោបល់ដូចគ្នា។ នេះជាគោលការណ៍រួម

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី

ប្រធានគ្រប់គ្រងផ្នែកអង្កេតលោក អំ សំអាត មានប្រសាសន៍ថា មួយរយៈចុងក្រោយនេះ លោកសង្កេតឃើញរដ្ឋាភិបាលបាន យកចិត្តទុកដាក់ដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋជោគជ័យច្រើន ទាំងនៅតាមបណ្តាខេត្ត និងនៅរាជធានីភ្នំពេញ ដោយលោកថា នេះជាសញ្ញាសញ្ញាល្អមួយសម្រាប់ប្រជាសហគមន៍ក្រីក្រ។

មន្រ្តីការពារសិទ្ធិមនុស្សរូបនេះ បានទទួចទៅរដ្ឋាភិបាលឲ្យបន្តដោះស្រាយចំពោះសហគមន៍ក្រីក្រផ្សេងៗទៀតដែលពុំទាន់បានរៀបចំហេដ្ឋារចនាសម្ព័នស្អាត និងត្រូវធ្វើយ៉ាងណាឲ្យប្រជាសហគមន៍ទាំងនោះមានសុវត្តិភាពក្នុងការកាន់កាប់ដីធ្លី។

អាចថា ជាដំណោះស្រាយមួយដែលសមរម្យ និងជាលក្ខណៈល្អបំផុតសម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅក្នុង   សហគមន៍ក្រីក្រ ហើយគាត់អាចទទួលបានការអភិវឌ្ឍន៍នៅហ្នឹងកន្លែង និងទទួលបានប័ណ្ណកម្មសិទ្ធិ ពីព្រោះប្រទេសណាក៏ដូច ប្រទេសណា គឺមានសហគមន៍ក្រីក្រដូចគ្នា។ វាមិនមែនទាល់តែអស់សហគមន៍ក្រីក្រ ទើបអាចអភិវឌ្ឍន៍ទីក្រុងហ្នឹង ស្អាតល្អទេ វាសំខាន់នៅក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ អនាម័យ បរិស្ថាន កន្លែងពួកគាត់រស់នៅហ្នឹងឲ្យបានល្អ ហើយឲ្យគាត់មានសុវត្តិ ភាព​ក្នុងការកាន់កាប់ដីធ្លី។ អាហ្នឹង វាជាដំណោះស្រាយមួយដែលល្អហើយ

ប្រធានគ្រប់គ្រងផ្នែកអង្កេតលោក អំ សំអាត

របាយការណ៍របស់អង្គការមួយដែលធ្វើការផ្នែកសិទ្ធិមនុស្ស និងសិទ្ធិលំនៅឋានចេញផ្សាយក្នុងខែ​កញ្ញានេះ បានរកឃើញថា ការតាំងលំនៅឋាន ២៧៧កន្លែងរបស់សហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញ កំពុងជួបបញ្ហាប្រឈមជាច្រើន និងកំពុងប្រឈមការ​បណ្តេញចេញផងដែរ ដោយសារការតាំងលំនៅឋានរបស់សហគមន៍ក្រីក្រទាំងនោះពុំទាន់មានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ។

របាយការណ៍នោះ បញ្ជាក់ថា ៨៣ភាគរយ​នៃការតាំងលំនៅឋានរបស់សហគមន៍ទាំងនោះ គឺពុំមានប័ណ្ណកម្មកសិទ្ធិដីធ្លីទេ និង៧៥ភាគរយ​នៃសហគមន៍នោះ ក៏មិនត្រូវបានចុះបញ្ជីដីធ្លីជាប្រព័ន្ធដែរ ហើយ ៧៩ភាគរយ នៃការតាំងលំនៅឋាន​របស់សហគមន៍​ក្រីក្រទាំងនោះ ពុំមានឯកសារលាយលក្ខណ៍ជាអក្សរ ដើម្បីកំណត់ស្ថានភាពដី និងសិទ្ធិកាន់កាប់ដីនោះដែរ ដែលធ្វើឲ្យពួកគេងាយរងគ្រោះ និងប្រឈមការបណ្តេញចេញ ឬ​ផ្លាស់ប្តូរលំនៅឋាន។

របាយការណ៍នេះ ឲ្យដឹងទៀតថា ស្ទើតែពាក់កណ្តាលនៃការតាំងទីលំនៅរបស់សហគមន៍ក្រីក្រទាំងនោះ គឺពុំមានហេដ្ឋានរចនាសម័ន្ធគ្រប់គ្រាន់ ដោយខ្វះសេវាកម្មមូលដ្ឋាន ដូចជា ប្រព័ន្ធទឹកស្អាត ប្រព័ន្ធបង្ហូរទឹកស្អុយ ការប្រមូលសំរាម និងអគ្គីសនីជាដើម។

សមាគមដែលធ្វើការជំរុញការគោរពសិទ្ធិមនុស្ស និងសិទ្ធិលំនៅឋានមួយនេះ លើកឡើងថា ដើម្បីអភិវឌ្ឍន៍ទីក្រុងប្រកបដោយការទទួលខុសត្រូវ រដ្ឋាភិបាលត្រូវតែកែលម្អបញ្ហាឡើងវិញ ដោយស្នើទៅសាលារាជធានីភ្នំពេញត្រូវកសាងហេដ្ឋារចនាសម័្ពន្ធ និង​ត្រូវ​ផ្តល់សេវាកម្មឲ្យកាន់តែប្រើសើរ ដូចជា កសាងប្រព័ន្ធលូបង្ហូរទឹក ការប្រមូលសំរាម រួមទាំងភ្ជាប់បណ្តាញប្រព័ន្ធទឹកស្អាតជូនពលរដ្ឋសហគមន៍ក្រីក្រទាំងនោះផងដែរ។

សមាគមធាងត្នោតក៏ស្នើទៅក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ត្រូវធ្វើការងារដោយតម្លាភាព និងត្រូវចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចេញប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋសហគមន៍ក្រីក្រទាំងនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ