លោក ហ៊ុន សែន ស្នើ​តែង​តាំង​មន្ត្រី​ជិត​៣០០​នាក់​ជា​ទីប្រឹក្សា ជំនួយ​ការ និង​លេខា​ប្រចាំ​ខុទ្ទកាល័យ​

លោក ហ៊ុន សែន ជាប់ជាបេក្ឋភាពនាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើសមាសភាពរដ្ឋាភិបាលថ្មី​សម្រាប់អាណត្តិទី៦ ឆ្នាំ២០១៨ ព្រឹកថ្ងៃទី ០៦ កញ្ញា ២០១៨ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

មនុស្ស​ដល់​ទៅ​ជិត ៣០០​នាក់ ត្រូវបាន​រដ្ឋាភិបាល​ស្នើ​តែង​តាំង​ជា​ទីប្រឹក្សា ជំនួយការ លេខា និង​សមាជិក​ក្នុងក្រុម​ពិធីការ​នៅ​ក្នុង​​ខុទ្ទកាល័យ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ចាប់​តាំង​ពី​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី។

ក្នុង​​​​អនុក្រឹត្យ​ចេញ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សម្រេច​តែង​តាំង​សមាជិក​ក្រុម​លេខា​របស់​លោក​ចំនួន ៨២​រូប​ ដោយ​មាន​ឋានៈ​ចាប់​ពី​ប្រធាន​នាយករដ្ឋ រហូត​ដល់​អគ្គ​នាយក សម្រាប់​បំពេញ​ការងារ​នៅ​ខុទ្ទកាល័យ​របស់​លោក។

ចំណែក​ឯ​ព្រះ​រាជ​ក្រឹត្យ​ចំនួន ២ ដែល​ចេញ​ដោយ​ប្រមុខ​រដ្ឋ​ស្ដី​ទី លោក សាយ ឈុំ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា បាន​ឲ្យ​ដឹង​ថា មន្ត្រី​ដល់​ទៅ ៤៦​រូប ត្រូវ​បាន​សម្រេច​តែង​តាំង​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដោយ​មាន​ឋានៈ​ចាប់​ពី​​រដ្ឋ​លេខាធិការ​រហូត​ដល់​ទេស​រដ្ឋ​មន្ត្រី ខណៈ​ដែល​​មន្ត្រី ៥៥​រូប​ទៀត ត្រូវ​បាន​តែង​តាំង​ជា​ជំនួយ​ការ​ មាន​ឋានៈ​ចាប់ពី​អគ្គ​នាយក​រហូត​ដល់​រដ្ឋលេខាធិការ។​

ព្រះ​រាជក្រឹត្យ​នោះ ក៏​បាន​ឲ្យ​ដឹង​ផង​ដែរថា លោក ហ៊ុន សែន បានស្នើ​ទៅ​ប្រមុខ​រដ្ឋស្តី​ទី​លោក សាយ ឈុំ តែង​តាំង​មន្ត្រី​ ៩៤​រូប ប្រចាំ​នៅ​ខុទ្ទកាល័យ​របស់​លោក ក្នុង​នោះ មាន​មន្ត្រី​ខុទ្ទកាល័យ​ ២៣​រូប​មាន​ឋានៈ​ចាប់​ពី​រដ្ឋលេខាធិការរហូត​ដល់​ទេសរដ្ឋ​មន្ត្រី ក្រុម​មន្ត្រី​ពិធិការ​ ៥​រូប មាន​ឋានៈ​ចាប់​ពី​អនុ​រដ្ឋលេខាធិការ​រហូត​ដល់​រដ្ឋ​មន្ត្រី និង​សមាជិក​ក្រុម​លេខាចំនួន ៦៦​រូប​បន្ថែម​ទៀត ដែល​មាន​ឋានៈ​ចាប់​ពី​អគ្គ​នាយក​រហូត​ដល់​អនុ​រដ្ឋ​លេខាធិការ។

លោក ហ៊ុន សែន បាន​សម្រេច​តែង​តាំង​មន្ត្រី​ដល់​ទៅ​ជិត ៣០០​នាក់ ជា​ទីប្រឹក្សា​ផ្ទាល់ ជា​ជំនួយ​ការ ជា​លេខា និង​ជា​មន្ត្រី​ពិធីការ​របស់​លោក​បែប​នេះ បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​បាន​គ្រប់​គ្រង​អាសនៈ​ទាំង​អស់​នៅ​ក្នុង​រដ្ឋ​សភា ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​កាល​ពី​ចុង​ខែ​កក្កដា​កន្លង​មក ដោយ​ពុំ​មាន​វត្តមាន​ចូល​រួម​ប្រកួត​ប្រជែង​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាបក្ស​ប្រឆាំង​ដ៏​ធំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ