ក្រសួង​បរិស្ថាន​ចាប់​ផ្ដើម​យុទ្ធនាការ​អប់រំ​ពលរដ្ឋ​​ពី​សំរាម​ឡើង​វិញ ខណៈ​បរិមាណ​សំរាម​កើន​ឡើង

រដ្ឋមន្រ្តីក្រសួងបរិស្ថានលោក សាយ សំអាល់ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនទីឯកភាពការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិសម្រាប់អាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ថ្ងៃចន្ទ ទី ១០ កញ្ញា ២០១៨ (រូបភាព៖ វេបសាយក្រសួងបរិស្ថាន)

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ឲ្យដឹងថា ក្រសួងនឹងចាប់ផ្ដើធ្វើយុទ្ធនាការដោយចុះផ្សព្វផ្សាយ និងពន្យល់ប្រជាពលរដ្ឋជាថ្មីទៀត  ​ពាក់ព័ន្ធនឹងផលប៉ះពាល់នៃការបោះចោលសំរាមនៅទីប្រជុំជន និងទីកន្លែងសាធារណៈ ខណៈសំរាម​បានកើនឡើងជាងមុន។

មន្ត្រីនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ប្រាប់វីអូឌីនៅថ្ងៃនេះថា ក្រសួងនឹងធ្វើចុះផ្សាយតាមសាលារៀន តាម​ទីសាធារណៈ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បីពន្យល់ប្រជាពលរដ្ឋឲ្យបានយល់ដឹងពីផលប៉ះពាល់នៃចោលសំរាម ខណៈលោក​ឲ្យ​ដឹង​ថា បរិមាណ​សំរាម​នៅ​រាជ​ធានី​ភ្នំពេញ បាន​កើន​ឡើង​ដល់​ចំនួន ២៧០០​តោន​ក្នុង​មួយ​ថ្ងៃៗ។

ចង់ឲ្យប្រជាពលរដ្ឋទាំងអស់នៅក្នុងការគ្រប់គ្រងសំរាមរបស់ខ្លួន ដោយញែកឲ្យបានទៅតាមបច្ចេកទេស ប្រើប្រាស់ធុងសំរាម ដោយញែកឲ្យបានដាក់ទៅតាមសំរាមសរីរាង្គ សំណល់ប្លាស់ស្ទិច ​ហើយសំណល់ដែលមានសារធាតុគ្រោះថ្នាក់ ដើម្បីកុំឲ្យដើម្បីធ្វើដូចបច្ចុប្បន្នដែលប្រជាពលរដ្ឋមួយចំនួនគាត់ដាក់រួមគ្នាតែម្ដង។ នេះដែលធ្វើឲ្យមានការលំបាកក្នុងការគ្រង់គ្រង ក៏ដូចជាផ្ដល់ប៉ះពាល់ច្រើនទៅលើសុខភាព និងសេដ្ឋកិច្ច

មន្ត្រីនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា

មន្ដ្រីគម្រោងចលនាយុវជនសម្រាប់និរន្ដភាពបរិស្ថាននៃ​អង្គការកម្មវិធីអភិវឌ្ឍធនធានយុវជន លោក សុខ ចាន់វីរៈ មើលឃើញថា ​ការផ្សព្វផ្សាយរបស់ក្រសួង និងស្ថាប័នធ្វើឡើងបានតែរយៈពេលខ្លីប៉ុណ្ណោះ។ លោកថា មូលហេតុដែលប្រជាពលរដ្ឋ ចោលសំរាមមិនត្រឹមត្រូវ គឺដោយសារការយល់ដឹងរបស់ពួកគាត់មាន​កម្រិត និងការចន្លោះប្រហោងក្នុងប្រព័ន្ធអប់រំ និងចំណាត់ការម៉ឺងម៉ាត់របស់រដ្ឋាភិបាល។

ជាការទទួលខុសត្រូវរបស់ស្ថាប័នពាក់ព័ន្ធ ក្រសួងបរិស្ថាន ​ ឬក៏ក្រសួងទេសចរណ៍ជាដើម ​ការរួមចំណែកផ្សព្វផ្សាយបន្ថែមទៀត ទៅដល់ប្រជាជនថាតើ ប្រជាជនគួរទុកដាក់សំរាមបែបម៉េច។ ស្អីដែលខ្ញុំបារម្ភមួយទៀតនោះ ខាងស្ថាប័នពាក់ព័ន្ធគាត់គួរតែបន្ថែមបញ្ចៀបការយល់ដឹងឲ្យបានទូលំទូលាយទាក់ទងនឹងថា តើបញ្ហាប្លាស្ទិចដែលបង្កបញ្ហា សំណល់ផ្ដេសផ្ដាស់ហ្នឹង វាបង្កផលប៉ះពាល់ទៅលើបរិស្ថាន ឬក៏ប៉ះពាល់ទៅលើខ្លួនគាត់បែបម៉េច

មន្ដ្រីគម្រោងចលនាយុវជនសម្រាប់និរន្ដភាពបរិស្ថាននៃ​អង្គការកម្មវិធីអភិវឌ្ឍធនធានយុវជន លោក សុខ ចាន់វីរៈ

កាលពីខែ​តុលា ឆ្នាំ២០១៧ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​មួយស្តី​ពី​ការគ្រប់​គ្រង​ថង់​ប្លាស្ទិក​ ក្នុង​គោលបំណង​បង្កើន​ប្រ​សិទ្ធ​ភាព​​កាត់​បន្ថយការ​នាំចូល ការ​ផលិត ចែកចាយ និង​​ប្រើប្រាស់​ថង់​ប្លាស្ទិក ដើម្បីធានា​នូវ​កិច្ច​គាំពារ​សុខភាព​សាធារណៈ បរិស្ថាន និងសោភណ័ភាពទីក្រុង។

រដ្ឋាភិបាលថា បច្ចុប្បន្ន  កាក​សំណល់​ប្លាស្ទិក​កំពុង​បង្កហានិភ័យ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី និងការអភិវឌ្ឍមនុស្សនៅទូទាំងពិភពលោក ដោយថា កាកសំណល់ប្រភេទនេះ ត្រូវប្រើពេលវេលាយូរ ទើបរលាយ​អស់ពីផែនដី ពោលគឺចាប់ពី ៥០០ទៅ១ ០០០ឆ្នាំឯណោះ។

ការ​សិក្សា​​របស់​​អង្គការ​​មូល​និធិ​​អក្ខរា (ACRA Foundation) កាលពីឆ្នាំ២០១៦ ឲ្យដឹងថា រដ្ឋាភិបាល​​កម្ពុជា​បាន​ខាត​បង់​ថវិកា​អស់​រាប់​លាន​ដុល្លារ​អាមេរិក ពី​កាកសំណល់​​ប្លាស្ទិក​។ មិនតែប៉ុណ្ណោះ កម្ពុជាត្រូវ​​ចំណាយ​ថវិកា​​​ជាង​​ ៥ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ទៅ​លើ​ការ​សម្អាត​ថង់​​ប្លាស្ទិក​​នៅ​ក្នុង​​ខេត្ត​ក្រុង​ធំៗ​ចំនួន​៣​ ដូចជា នៅ​​ខេត្ត​​ព្រះសីហនុ ខេត្ត​សៀម​រាប និងនៅរាជធានី​ភ្នំ​ពេញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ