លោក ហ៊ុន ម៉ាណែត ស្នើតែងតាំងមេបញ្ជាការរងនិងនាយសេនាធិការរងកងទ័ពជើងគោក

លោក ហ៊ុន ម៉ាណែត (រូបភាព៖ FB Hun Manet)

លោក ហ៊ុ​​​ន​​​ ម៉ាណែត បានស្នើតែងតាំងមេបញ្ជាការរងកងទ័ពជើងគោក​​​ ៥រូប បន្ទាប់ពីពួកគេលាលែងតំណែង​​​ជានាយរងសេនាធិការចម្រុះ កាលពីសប្តាហ៍មុន។

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាតិ បាន​ឲ្យ​ដឹង​ថា មន្ត្រីយោធា​ជាន់ខ្ពស់៦រូប ត្រូវបានមេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត ស្នើតែងតាំងជាមេបញ្ជាការរងនិងនាយសេនាធិការរងបន្ថែមលើមុខងាររបស់ខ្លួន ដោយថា ស្របតាមច្បាប់ស្វ័យប្រវត្តិ។

​លិខិតស្នើសុំតែតាំងចុះថ្ងៃទី១៧កញ្ញាដែល VOD ទទួលបាននៅថ្ងៃនេះ មេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត ស្នើទៅអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ សុំតែតាំងឧត្តមសេនីយ៍ឯកប្រាំនាក់ជាមេបញ្ជាការរងកងទ័ពជើងគោកបន្ថែមលើមុខងារបច្ចុប្បន្ន រួមមាន លោក កែវ ធី មេបញ្ជាការកងពលធំលេខ២ លោក ស្រី ឌឹក មេបញ្ជាការកងពលធំលេខ៣ លោក ព្រហ្ម ផេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ លោក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៧០ និងលោក ចាប ភក្តី មេបញ្ជាការកងពលតូចទ័ពឆ័ត្រយោងពិសេស​លេខ៩១១។

លិខិតដដែលក៏បានស្នើតែតាំងឧត្តមសេនីយ៍ទោ ឈរ សុខា ដែលមានតួនាទីជាមេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បន្ថែមជានាយសេនាធិការរងកងទ័ពជើងគោកផងដែរ។

អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានឲ្យដឹងបន្ថែមនៅថ្ងៃ​នេះថា នេះគឺជាការអនុវត្តរបស់ក្រសួងការពារជាតិដោយស្របតាមច្បាប់ដោយស្វ័យប្រវត្តិ។

អត់មានមូលហេតុអីពិបាកយល់ទេ! ពីព្រោះកន្លងមកឯកឧត្តមប៉ុន្មាននាក់ហ្នឹងគាត់នៅជាមួយនឹងអគ្គបញ្ជាការនិងជានាយសេនាធិការចម្រុះ ឯកឧត្តម គន់ គីម នោះណា៎! អញ្ចឹងគាត់ឋិតនៅក្រោមការដឹកនាំបញ្ជារបស់អគ្គបញ្ជាការដែលមានសេនាធិការចម្រុះជាអ្នកដឹកនាំ។ ដល់ថ្ងៃទី៦[កញ្ញា]ដែលប្រកាសផ្លាស់ប្តូរមុខនាទីអគ្គបញ្ជាការសេនាធិការចម្រុះនិងមេទ័ពជើងគោកហ្នឹង ក្នុងហ្នឹងរដ្ឋមន្ត្រីការពារជាតិមានប្រកាសមួយផ្លាស់ប្តូរកងពលទាំងប្រាំហ្នឹងប្រគល់ឲ្យទៅឋិតក្រោមការគ្រប់គ្រងរបស់កងទ័ពជើងគោក។ អញ្ចឹងតាមច្បាប់ស្វ័យប្រវត្តិពេលកងពលប្រកាសទៅកងទ័ពត្រូវតែឋិតក្រោមការបញ្ជាផ្ទាល់របស់កងទ័ពជើងគោកហើយ

អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ

អ្នកនាំ​ពាក្យ​រូប​នេះពន្យល់បន្ថែមពីចម្ងល់ដែលសួរពីគោលការណ៍ថ្មីរបស់ក្រសួងដែលចង់ឲ្យមន្ត្រីទាហាន​​​កាន់តួនាទីតែមួយថា នេះគ្រាន់តែជាគំនិតចង់បាននៅឡើយទេ តែនឹងធ្វើកំណែទម្រង់តាម ជំហានៗបន្តទៀត។

ក្រុម​ឧត្ដមសេនីយ៍​ទាំងនោះ ទើបតែបាន​ស្នើ​សុំ​លាលែង​ពី​តំណែង​របស់​ពួកគេ បន្ទាប់​ពី​ក្រសួង​ការពារ​ជាតិ​បាន​ផ្ទេរ​អង្គភាព​យោធា​ចំនួន៥ និងកងពលតូចដឹកជញ្ជូនលេខ៩០បន្ថែមអង្គភាពមួយទៀត ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​បញ្ជារបស់​មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ ដែល​ដឹកនាំ​ដោយ​កូន​ប្រុស​ច្បង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន គឺ​លោក​ឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ