លោក ហ៊ុន សែន នឹងចូលរួមប្រជុំអង្គការសហប្រជាជាតិនាទីក្រុងញ៉ូយកនៅសប្តាហ៍ក្រោយ

លោក ហ៊ុន សែន ជាប់ជាបេក្ឋភាពនាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើសមាសភាពរដ្ឋាភិបាលថ្មី​សម្រាប់អាណត្តិទី៦ ឆ្នាំ២០១៨ ព្រឹកថ្ងៃទី ០៦ កញ្ញា ២០១៨ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្រ្តីកម្ពុជា​ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំផ្សេងទៀតនៅសប្តាហ៍ក្រោយនេះ។

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃនេះឲ្យដឹងថា លោក ហ៊ុន សែន នឹងចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ​​​« ធ្វើឲ្យអង្គការសហប្រជាជាតិមានសារៈសំខាន់ពាក់ព័ន្ធជាមួយប្រជាជនទាំងអស់ ភាពអ្នកដឹកនាំសកល និងការទទួលខុសត្រូវរួម សំរាប់សង្គមប្រកបដោយសន្តិភាព​​​ សមធម៌ និងនិរន្តរភាព» ចាប់ពីថ្ងៃទី២៥ ដល់ ២៩ កញ្ញាឆ្នាំ២០១៨ នៅក្នុងទីក្រុងញូយ៉ក។

ក្នុងសេចក្តីថ្លែងការណ៍ដដែលបានបានលើឡើងថា លោក ហ៊ុន សែន នឹងធ្វើសេចក្តីថ្លែងការណ៍ដែលផ្តោតទៅ​លើការវិវត្តនាពេលថ្មីៗ និងសមិទ្ធិផលសំខាន់ៗដែលរដ្ឋាភិបាលកម្ពុជាសម្រេចបាន។

លើសពីនេះ សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងថា លោក ហ៊ុន សែននឹងមានជំនួបពិភាក្សាទ្វេភាគីដាច់ដោយឡែកជាមួយនឹង អគ្គលេខាធិការអង្គការសហប្រជាជាតិ គឺ លោក​​​អង់តូនីញ៉ូ ហ្គូតេរ៉េស នាយករដ្ឋមន្រ្តីប៊ុលហ្គារី​ នាយករដ្ឋមន្រ្តីនេប៉ាល់ និងជំនួបពិភាក្សាដោយមិត្តភាពជាមួយប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃប្រទេសមួយចំនួនទៀត។

ក្រៅពីនោះលោក ហ៊ុន សែន ក៏នឹងជួបជាមួយសហគមន៍ខ្មែរដែលរស់នៅសហរដ្ឋអាមេរិច និងកាណាដាផងដែរ។

នេះជាលើកទី២ហើយដែល លោក ហ៊ុន សែន ចូលរួមកិច្ចប្រជុំថ្នាក់អន្តរជាតិបន្ទាប់ពីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៦មក ដែលលើកទីមួយគឺលោកចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកកាលពីសប្តាហ៍មុននៅប្រទេសវៀតណាម។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ